​ក្រុម​អ្នកទោសប្រើប្រាស់​គ្រឿងញៀន​នៅ​មណ្ឌល​កែប្រែ​១១៩គាស់​ទ្វាររត់​!

វៀតណាម​៖​ កម្លាំង​សន្តិសុខ​វៀតណាម​បាន ស្វែងរក​តាម​ចាប់ខ្លួន​អ្នកទោស​នៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​ដែល​បាន​ហែក​គុក​មួយកន្លែង ស្ថិតនៅក្នុង​ខេត្ត តៀន​យ៉ាង ភាគខាងត្បូង​របស់​វៀ​ត​ណា​ម រត់ចេញ អស់​១១៩​នាក់​ក្នុងចំណោម​អ្នកទោស​៦៥០​នាក់ នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

សារព័ត៌មាន​វៀតណាម (vnexpress) នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ផ្សាយ​ថា ៖​ក្នុងចំណោម​អ្នកទោស​ទាំងនោះ​ជាង​ពាក់កណ្តាល ត្រូវ​ប៉ូលិស​តាម​ចាប់បាន​ត្រឡប់មកវិញ ។​​ពួកគេបាន​ស្រាត​ខោអាវ អ្នកទោស​នោះ​ចោល​អស់ ហើយ​ទម្លុះ​របង​ចូល​ផ្ទះ​អ្នកស្រុក​ក្បែរ​នោះ លួចបាន​ម៉ូតូ​២​គ្រឿង ឌុប​គ្នា​ជិះ​រត់គេចខ្លួន ។ ម៉ូតូ​មួយគ្រឿង ពួកគេ​ជិះ​គ្នា​ប្រហែល​៤​ទៅ​៥​នាក់ ឆ្ពោះទៅកាន់​ផ្លូវ​ហាយវ៉េ ផ្លូវជាតិ​លេខ ១​អេ ។ ពួក​អ្នកទោស​ទាំងនេះ បន្ត​ចូល​ហាង​លក់​ខោអាវ ហើយ​លួចបាន​អាវធំ​ជាច្រើន ។ អ្នកទោស​ខ្លះទៀត​រត់ឡើង​រថយន្ត​ក្រុង ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហូជីមិញ​តែម្តង ។​

​ប៉ូលិស​ជាច្រើន​រយ​នាក់​បានដាក់​ពង្រាយ​នៅតាម​វិថី​សំខាន់ៗ បិទ​ចរាចរណ៍ ដើម្បី​ចាប់​អ្នកទោស​ដែល​រត់គេចខ្លួន​ទាំងនោះ ។ រហូតដល់​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល អ្នកទោស​៥៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ត្រឡប់មកវិញ ។ ប៉ូលិស​នៅ​បន្ត​ស្វែងរក​ចាប់​អ្នក​ដែល​នៅ​សេសសល់​បន្ថែមទៀត ។​

​គួររំលឹកថា កាលពី​ខែសីហា ឆ្នាំ​២០១៨ អ្នកទោស​ភាគច្រើន​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​២០០​នាក់​បាន​ហែក​គុក​រត់​ខ្លួន ។ អ្នកទោស​និយាយថា ពួកគេ​រង​ការធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ បង្ខំ​ឲ្យ​លុតជង្គង់​ច្រើន​ម៉ោង និង​វាយដំ​នៅត្រង់​ខ្នង​ពួកគេ ។​​មន្ត្រី​វៀតណាម​បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​នេះ មាន​មណ្ឌល​កែប្រែ ស្តារនីតិសម្បទា ប្រហែល​១៣២​កន្លែង ដាក់​អ្នកទោស​ញៀន​ថ្នាំ​ប្រហែល ២២០ ០០០​នាក់ ៕


Post a Comment

0 Comments