ពលរដ្ឋរាយការណ៍៖ ទីតាំងបើកល្បែងស៊ីសងឡូតូ និងមាន់ជល់អនឡាញ បង្កប់បើកដំណើរការតាមផ្លូវចូលវត្តគោកបីជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ https://t.me/muyrealchat/85637
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភ និងបានរាយការណ៍អំពីទីតាំងបើកល្បែងស៊ីសងខុសច្បាប់ប្រភេទឡូតូ និងការភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ដែលកំពុងលួចលាក់បើកដំណើរការយ៉ាងរលូន នៅតាមបណ្តោយផ្លូវចូលវត្តគោកបីជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមរយៈរូបភាព និងវីដេអូដែលពលរដ្ឋបានកត់ត្រាទុកនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ទីតាំងខាងលើត្រូវបានបិទបាំងពីខាងក្រៅដោយសំណាញ់ និងតង់យ៉ាងជិត ដើម្បីបន្លំភ្នែកសមត្ថកិច្ច និងអ្នកដំណើរឆ្លងកាត់ ។ ប៉ុន្តែនៅផ្នែកខាងក្នុង បែរជាមានការរៀបចំតុ ឧបករណ៍កុំព្យូទ័រ អេក្រង់បង្ហាញលទ្ធផលតារាងភ្នាល់ និងប្រព័ន្ធអ៊ីនធឺណិតសម្រាប់បម្រើឱ្យសកម្មភាពចាក់ភ្នាល់ល្បែងស៊ីសងអនឡាញយ៉ាងច្បាស់ក្រឡែត ។ លើសពីនេះ នៅខាងមុខទីតាំងក៏មានម៉ូតូជាច្រើនគ្រឿងចតនៅក្បែរនោះជាប្រចាំផងដែរ ។
ពលរដ្ឋបានលើកឡើងថា វត្តមាននៃល្បែងស៊ីសងខុសច្បាប់ទាំងនេះ អាចជាដើមចមបង្កឱ្យកើតមាននូវអសន្តិសុខសង្គម ដូចជា អំពើចោរកម្ម អំពើហិង្សា និងបទល្មើសផ្សេងៗ ដែលផ្ទុយពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទទូចស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាពិសេសអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងគណៈបញ្ជាការឯកភាពខណ្ឌ មេត្តាចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះទីតាំងខាងលើ ដើម្បីធានាបាននូវសន្តិសុខ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងសហគមន៍។
0 Comments