គេហទំព័រ មួយរៀល

ពលរដ្ឋសម្តែងការព្រួយបារម្ភ និងសង្ស័យពីទីតាំងលួចលាក់បង្កប់ល្បែងស៊ីសងអនឡាញ និងបទល្មើសគ្រឿងញៀន នៅភូមិតាង៉ូវ

 ពលរដ្ឋសម្តែងការព្រួយបារម្ភ និងសង្ស័យពីទីតាំងលួចលាក់បង្កប់ល្បែងស៊ីសងអនឡាញ និងបទល្មើសគ្រឿងញៀន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដោយបានរាយការណ៍ និងសង្ស័យថាមានទីតាំងផ្ទះល្វែងមួយកន្លែង កំពុងលួចលាក់បើកអាជីវកម្មបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Net) និងសង្ស័យមានការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ និងវីដេអូដែលពលរដ្ឋបានថតទុក បានបង្ហាញថា នៅពេលដែលមានរថយន្តចម្លែកចូលមកឈប់នៅខាងមុខទីតាំងខាងលើ ស្រាប់តែមានក្រុមមនុស្សមួយចំនួន ជាពិសេសយុវជន បានរត់ផ្អើលចែកជើងគ្នាចេញពីក្នុងផ្ទះ និងបន្ទប់ជួលនោះយ៉ាងប្រសាច។ មិនតែប៉ុណ្ណោះ ទីតាំងនោះក៏ត្រូវបានគេទាញទ្វារដែករំកិលបិទភ្លាមៗ ដើម្បីបិទបាំងសកម្មភាពនៅខាងក្នុងផងដែរ។

ពលរដ្ឋនៅក្បែរខាងបានលើកឡើងថា ទីតាំងផ្ទះល្វែងនេះតែងតែមានមនុស្សចេញចូលមិនប្រក្រតី ទាំងក្មេងទាំងចាស់។ លើសពីនេះ គេសង្កេតឃើញមានវត្តមានក្មេងស្ទាវ និងក្រុមអ្នកសេពគ្រឿងញៀន (ដែលពលរដ្ឋហៅថា ក្រុមពាក់អាវពោន) ឧស្សាហ៍ដើរចេញចូល និងប្រមូលផ្តុំគ្នានៅតំបន់នោះ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅដោយភាពភ័យខ្លាចពីបញ្ហាអសន្តិសុខ អំពើចោរកម្ម និងបទល្មើសផ្សេងៗ។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាពិសេសកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល៕

Post a Comment

0 Comments