គេហទំព័រ មួយរៀល

Faith KH | តើអ្វីទៅបទរំលោភសេពសន្ថវៈ? ផ្ដន្ទាទោសដូចម្ដេច?


══━━━━✥◈✥━━━━══

   បទល្មើសរំលោភសេពសន្ថវៈ ត្រូវបានកំណត់ក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា២៣៩ ដែលបានបញ្ញត្តថា៖ គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាម កំហែង ឬដោយឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។

    ចំណុចសំខាន់ដែលយើងត្រូវយល់ពីសញ្ញាណ នៃបទល្មើស​នេះគឺ​ 

- ទី១៖ ទាក់ទងនឹងចេតនា (ការព្រមព្រៀង) របស់ជនរងគ្រោះដែលនៅក្នុងបទល្មើស រំលោភសេពសន្ថវៈ គឺមិនមាន​ការព្រមព្រៀងពីជនរងគ្រោះឡើយ និង​

- ទី២៖ ជនល្មើសប្រព្រឹត្តអំពើនេះ ក្រោមរូបភាពបំពានលើសិទិ្ធ ខាងផ្លូវភេទជនរង​គ្រោះ ដោយការប្រើប្រាស់ហិង្សា បង្ខិតបង្ខំគំរាមកំហែង ការឆ្មក់ឱកាសទៅលើជនរងគ្រោះដើម្បីប្រព្រឹត្តបទល្មើសដើម្បី សម្រេចចំណង់ផ្លូវភេទខ្លួន ដើម្បីបញ្ចូលអង្គជាតរបស់ខ្លួន ទៅក្នុងអង្គជាត (អវយវៈភេទ) របស់ជនរងគ្រោះ ឬកន្លែង ផ្សេងៗទៀតរបស់ជនរងគ្រោះ ដូចជា គូទ ឬមាត់ជាដើម។ ជនល្មើសក៏អាចប្រើប្រាស់ឧបករណ៍ ផ្សេងៗទៀត ដើម្បីបញ្ចូល​ទៅក្នុងអង្គជាតរបស់ជនរងគ្រោះផងដែរ។​

    ម៉្យាងវិញទៀត ជនល្មើសអាចប្រព្រឹត្តអំពើនេះ ដោយការប្រើប្រាស់អាវុធ ឬ​គំរាមកំហែងថា នឹងប្រើប្រាស់អាវុធ ឬប្រើប្រាស់នូវគ្រឿងញៀន ឬសារធាតុផ្សេងៗទៀត ដើម្បីធ្វើឲ្យជនរងគ្រោះបាត់បង់​ស្មារតីជាដើម។ ជនរងគ្រោះនៅក្នុងបទល្មើសរំលោភសេពសន្ថវៈ ត្រូវតែជារូបវន្តបុគ្គល ដែលនៅរស់រានមានជីវិត ទោះបី​ជាមានភេទដូចគ្នា ឬក៏ខុសគ្នាក៏ដោយ។

    ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា «បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)​ឆ្នាំ ​ទៅ​១០​ (ដប់)​ឆ្នាំ»។ ការផ្តន្ទាទោសនេះ សំដៅតែលើ​បទល្មើសរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោសតែប៉ុណ្ណោះ។


ប្រសិនបើមានស្ថានទម្ងន់ទោសនោះ កម្រិតនៃការផ្តន្ទាទោសនឹងប្រែប្រួលដូចខាងក្រោម៖

    #មាត្រា​២៤០៖ បទរំលោភសេពសន្ថវៈត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងដោយ៖

- ១៖ប្រើប្រាស់អាវុធ ឬគំរាមកំហែងថានឹងប្រើប្រាស់អាវុធ

- ២៖ប្រើប្រាស់គ្រឿងញៀន ឬវីធីផ្សេងៗ នាំឲ្យជនរងគ្រោះបាត់បង់ស្មារតី

- ៣៖បុគ្គលដែលមានអំណាចលើជនរងគ្រោះ

- ៤៖បុគ្គលដែលរំលោភអំណាច ដែលមុខងាររបស់ខ្លួនបានប្រគល់ឲ្យ

- ៥៖បុគ្គលច្រើនរូបក្នុងនាមជាចារី សហចារី អ្នកផ្ដើមគំនិត អ្នកសមគំនិត។

    #មាត្រា​២៤១៖ បទល្មើសរំលោភសេពសន្ថ​វៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ​១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តទៅលើ៖

- ១៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ

- ២៖ នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង

- ៣៖ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពនៃបុគ្គលនេះ ត្រូវបានគេមើលឃើញជាក់ស្ដែង ឬកាលបើជនល្មើសបានដឹង។

    #មាត្រា​២៤២៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍ ដល់ជនរងគ្រោះ។

    #មាត្រា​២៤៣៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ កាលបើអំពើនេះប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម ឬអំពើឃោរឃៅ។

    #មាត្រា​២៤៤៖ បទល្មើសរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០(សាមសិប) ឆ្នាំ កាលបើបទល្មើសនេះបណ្ដាលឲ្យ ជនរងគ្រោះស្លាប់​ដោយគ្មានចេតនាសម្លាប់​។ ក្រៅពីការផ្តន្ទាទោសដាក់ពន្ធនាគារ មានទោសបន្ថែមផ្សេងៗទៀត ដែលអាចត្រូវប្រកាសចំពោះជនល្មើស ហើយទោសបន្ថែមទាំងនោះ មានចែងក្នុងមាត្រា​២៤៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

══━━━━✥◈✥━━━━══

copyrighted by៖

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #sovannangkor #sovannphum

                     ៚************៚

Post a Comment

0 Comments