គេហទំព័រ មួយរៀល

សមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួនបុរសប្រមឹកខួបម្នាក់ ខណៈកាន់កាំបិត និងស្រែកគំរាមចាក់សម្លាប់ស្ត្រីរងគ្រោះ២នាក់ម្តាយកូនចោល



(ខេត្តកណ្តាល)៖ កំលាំងនគរបាលឃុំ កោះខែល បានឃាត់ខ្លួនបុរសប្រមឹកខួបម្នាក់ ខណៈបានកាន់កាំបិត និងស្រែកគំរាមចាក់សម្លាប់ស្ត្រីរងគ្រោះ២នាក់ម្តាយកូនចោល ដោយមិនដឹងមូលហេតុពិតប្រាកដនៅឡើយទេ ។

ករណីនៃការគំរាមសម្លាប់នេះដែរបានកើតឡើង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០៧:៣០នាទី ក្នុងនៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះទាំង២នាក់មានឈ្មោះ ទី១. ឈ្មោះ គង់ ដន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២. ឈ្មោះ ជួន ស្រីរ៉ែន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទាំងពីរនាក់មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

ចំណែកឯជនសង្ស័យដែលត្រូវ សមត្ថកិច្ចបានឃាត់ខ្លួនមាន ឈ្មោះ «វង់ ភា» ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

 វត្ថុតាងចាប់យករួមមាន៖ កាំបិតចិតបន្លែ ចំនួន ០១ដើម ផ្លែដែក (មានទំហំ៥ស.មx១៦ស.ម) ដងឈើ មានប្រវែងសរុប (២៨ស.ម ) ដំបងឬស្សី ១ដើម មានប្រវែង ១.៤២ម ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា៖  នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ខណ:ពេលជនរងគ្រោះទាំងពីរ កំពុងរៀបចំធ្វើម្ហូបស្រាប់តែជនសង្ស័យបានដើរមកដល់ក្នុងស្ថានភាពស្រវឹង ហើយបានធ្វើសកម្មភាពយកកាំបិតយកមកស្រែកគំរាមកំហែងចង់សម្លាប់ជនរងគ្រោះទាំងពីរ ដោយបានស្រែកថា "ពួកង៉ែងចេញមកអញសម្លាប់ពួកង៉ែងចោលហ្មង " បន្ទាប់មកជនសង្ស័យក៏បានទៅយកដំបងឬស្សីមួយដើមថែមទៀត រួចធ្វើសកម្មភាព ស្រែកជេរ និងគម្រាមទៅកាន់ជនរងគ្រោះបន្ថែមទៀត ។

បន្ទាប់មកជនរងគ្រោះបានរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនិតិវិធី ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានធ្វើតេស្ដយកសំណាករកមេរោគ covid-19 លើជនសង្ស័យរួចហើយ លទ្ធផលអវិជ្ជមាន និង បានក៏សាងសំនុំរឿងបញ្ជូនទៅកាន់តុលាការ ៕
 

Post a Comment

0 Comments