គេហទំព័រ មួយរៀល

រថភ្លើងបុករថយន្តមួយគ្រឿងពេញទំហឹង បណ្តាលអោយតៃកុងម្នាក់រងរបួសធ្ងន់



ព្រះសីហនុ៖នាព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ មានគ្រឿងថ្នាក់ចរាចរណ៍មួយ ដោយរថភ្លើងបានបុករថយន្ដសាំងយ៉ុងមួយគ្រឿង ចំពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្ដរងធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈការបើកឆ្លងកាត់ផ្លូវរថភ្លើង នេះ ពុំមានប៉ារ៉ាស់បញ្ជាអោយឈប់នោះទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បានកើតឡើងនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

របាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលត្រូវរថភ្លើងបុកនោះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវរថភ្លើងដោយមិនមានការដាក់ប៉ារ៉ាស់បញ្ជាឈប់ ក៏ត្រូវរថភ្លើងបុកពេញទំហឹងតែម្តង។

ករណីខាងលើបណ្តាលអោយអ្នកបើកបររថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ។ ជនរងគ្រោះជាអ្នកបើករថយន្ដមានឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


ក្រោយកើតហេតុ រថភ្លើងបានបន្តដំណើរទៅមុខទៀត ។ ចំណែករថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។


សូមបញ្ជាក់ថា ក្នុងរថយន្ដដឹកកម្មករដែលត្រូវរថភ្លើងបុកនោះ មិនមានអ្នករួមដំណើរនោះទេ គឺមានតែអ្នកបើកបរតែម្នាក់ប៉ុណ្ណោះ៕

Post a Comment

0 Comments