ភ្នំពេញ៖ នៅផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទីតាំងល្បែងស៊ីសងខុសច្បាប់ដល់ធំ ប្រភេទ ហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការយ៉ាងអនាធិបតេយ្យ និងសម្បូរទៅដោយសមាសភាពអ្នកប្រើប្រាស់គ្រឿងញៀន ចូលទៅជួបជុំគ្នាយ៉ាងសប្បាយ។
ប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវក្តីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះវត្តមានទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលប្រមូលផ្ដុំទៅដោយជនសង្គមងងឹតមកជួបជុំគ្នា ព្រោះឲ្យតែកន្លែងណាមានល្បែងស៊ីសង កន្លែងនោះប្រាកដជាមាន ករណីលួច ឆក់ ប្លន់ កើតឡើងជាមិនខាន។
ប្រជាពលរដ្ឋក៏មានការងឿងឆ្ងល់ និងរិះគន់ចំពោះសមត្ថកិច្ចមូលដ្ឋានថា «ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែប្រមូលផ្ដុំទៅដោយជនញៀនល្បែងចេញចូលយ៉ាងអនាធិបតេយ្យ និងនៅជិតស្នាក់ការសមត្ថកិច្ច បែរជាអាជ្ញាធរមានសមត្ថកិច្ចមើលមិនឃើញនូវទីតាំងមួយនេះ»?។
ទាក់ទិនទៅនិង ករណីខាងលើនេះ ប្រជាពលរដ្ឋជាច្រើន ស្នើសុំដល់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សូមជួយចាត់កម្លាំងជំនាញដែលមានទំនុកចិត្ត អោយចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
សូមបញ្ជាក់ដែរថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ គឺនៅជិតកន្លែង អធិការដ្ឋាននគរបាលខណ្ឌចំការមនចំងាយ២៤០ម៉ែត្រ (ពោលគឺក្បែរដំណេករបស់លោក យិន សាន)តែម្តង៕
0 Comments