រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៣០%-ទៅ៤០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក(ឆ្នាំមុន) បានមកលេងកំសាន្ត នៅតាមទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រកបដោយស្នាមញញឹម និង ភាពរីករាយ ។
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយ ស្នងការនគរបាលរាជធានីភ្នំពេញ រៀបចំ សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ដែល មកលេងកំសាន្ត នៅតាមបណ្តោយសួនច្បារច្រាំងទន្លេ មុខព្រះបរមរាជវាំង និង ទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ដោយបានបែងចែកកម្លាំងដឹកនាំរួមប្រចាំការដោយ៖
- លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំរួមនៅគោលដៅ មុខព្រះបរមរាជវាំង។
- លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំគោលដៅ ផ្លូវលេខ១៤៨ ដល់ផ្សាររាត្រី។
- លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ដឹកនាំផ្លូវលេខ ២៤០ ដល់វិមានឯករាជ្យ រហូតដល់ កំពង់ចម្លងភ្នំពេញ អរិយក្សត្រ។
ក្នុងនោះលោកអភិបាលខណ្ឌ បានចាត់អោយមន្ត្រីពាក់ព័ន្ធ ចុះចែកម៉ាសដែលទទួលបានពីសាលារាជធានីភ្នំពេញ ចំនួន២មុឺនម៉ាស់ជូនដល់ប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូក និងបានប្រកាស់ ណែនាំ ដល់បងប្អូនប្រជាពលត្រូវបន្ត អនុវត្តជាប្រចាំនូវ វិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 ៕
0 Comments