មហាជនអំពាវនាវដល់ក្រសួងព័ត៌មាន ចាត់វិធានការផ្លូវច្បាប់លើចាងហ្វាងអង្គភាពសារព័ត៌មាន PKN-Hotnews ក្រោយផ្ទុះរឿងអាស្រូវស្នើសុំប្រាក់ឧបត្ថម្ភជាថ្នូរនឹងការមិនផ្សាយព័ត៌មាន និងរងការចោទប្រកាន់ពីតុលាការ https://t.me/muyrealchat/86309
ភ្នំពេញ៖ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងការរិះគន់យ៉ាងខ្លាំងក្លា និងបានអំពាវនាវដល់ក្រសួងព័ត៌មាន សូមមេត្តាពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក កែវ សម្ផស្ស ហៅ ភក្តី ចាងហ្វាងអង្គភាពសារព័ត៌មាន PKN-Hotnews ក្រោយមានការបែកធ្លាយវីដេអូសំឡេងសន្ទនាតាមទូរសព្ទ និងប្រវត្តិនៃការប្រព្រឹត្តអំពើប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាបន្តបន្ទាប់។
យោងតាមវីដេអូឃ្លីបសំឡេងសន្ទនាតាមទូរសព្ទមួយដែលត្រូវបានចែករំលែកជាថ្មី ទោះបីជាវីដេអូចាស់ក៏ដោយ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់លោក កែវ សម្ផស្ស ហៅ ភក្តី ដែលបានទូរសព្ទទាក់ទងទៅកាន់តំណាងក្រុមហ៊ុនមួយកន្លែង ដោយបាននិយាយស្នើសុំប្រាក់ឧបត្ថម្ភត្រង់ៗ («ឧបត្ថម្ភមុនធ្វើ វាស្រួល») ជាថ្នូរនឹងការសម្របសម្រួលមិនផ្សព្វផ្សាយព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងអាជីវកម្មរបស់ក្រុមហ៊ុន។ ប្រភពដដែលបានបញ្ជាក់ថា នៅពេលដែលម្ចាស់ក្រុមហ៊ុនមិនព្រមផ្តល់ប្រាក់តាមការទាមទារ បុគ្គលរូបនេះក៏បានចេញផ្សាយផ្ទាល់ (Live) និយាយរិះគន់ និងផ្សព្វផ្សាយព័ត៌មានតាមតែទំនើងចិត្ត ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ទង្វើបែបនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋតែងតែរិះគន់ និងដាក់រហស្សនាមឱ្យថាជា «កាសែតខ្ចប់មមីសមាន់» ដោយសារតែការយកអាជ្ញាបណ្ណដែលចេញដោយក្រសួងព័ត៌មាន ទៅប្រើប្រាស់ប្រព្រឹត្តអំពើមិនគប្បី ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតម្លៃរបស់អ្នកសារព័ត៌មានអាជីព។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក កែវ សម្ផស្ស ហៅ ភក្តី ក៏ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន និងវាយខ្នោះបង្ហាញជាសាធារណៈម្តងរួចមកហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានគ្មានក្រមសីលធម៌វិជ្ជាជីវៈ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ទោះជាយ៉ាងណា ក្រោយមានការយោគយល់ និងធ្វើកិច្ចសន្យាអប់រំណែនាំ សមត្ថកិច្ចក៏បានដោះលែងឱ្យរូបលោកមានសេរីភាពឡើងវិញ។
ប៉ុន្តែផ្ទុយពីការកែប្រែខ្លួន លោក កែវ សម្ផស្ស ហៅ ភក្តី នៅតែបន្តសកម្មភាពផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដដែល ទើបមកដល់ពេលនេះ ស្ថាប័នតុលាការបានសម្រេចចោទប្រកាន់រូបលោកជាផ្លូវការពីបទព្រហ្មទណ្ឌ ក្នុងបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ» និង «ញុះញង់ឱ្យមានការរើសអើង» ព្រមទាំងបានបញ្ជូនសំណុំរឿងទៅជំនុំជម្រះនាពេលឆាប់ៗខាងមុខនេះ ក្រៅពីពាក្យបណ្តឹងជាច្រើនផ្សេងទៀតដែលបុគ្គលរូបនេះកំពុងរងការប្តឹងផ្តល់។
ជុំវិញករណីខាងលើនេះ មហាជនបានសំណូមពរយ៉ាងទទូចដល់ ក្រសួងព័ត៌មាន សូមមេត្តាពិនិត្យឡើងវិញ និងមានវិធានការរដ្ឋបាលឱ្យបានតឹងរ៉ឹងបំផុតចំពោះលោក កែវ សម្ផស្ស ហៅ ភក្តី ចាងហ្វាងអង្គភាពសារព័ត៌មាន PKN-Hotnews ដែលបាននិងកំពុងយកអង្គភាពសារព័ត៌មានធ្វើជាឈ្នាន់ និងជាអាជីវកម្មដើម្បីស្វែងរកតែលាភសក្ការៈ និងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់តម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕
0 Comments