នគរបាលម្នាក់ដេកសន្លប់បែកពពុះមាត់សង្ស័យករណីដាក់ថ្នាំប្លន់យកទ្រព្យសម្បត្តិ



ភ្នំពេញ ៖ បុរសម្នាក់សង្ស័យចាញ់ល្បិចក្រុមជនសង្ស័យ នាំទៅផឹកសុីបន្លំដាក់ថ្នាំ វង្វេងបាត់ស្មារតីហើយដឹកនាំយកទៅទម្លាក់ផ្លុងចោលតាមផ្លូវបេតុង កែងផ្លូវសហព័ន្ធរុស្សី ក្រុម១ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

ជនរងគ្រោះគ្រាន់តែដឹងថា ជាមន្ត្រីនគរបាលខណ្ឌទួលគោក អាយុជាង៣០ឆ្នាំ ។ សម្ភារៈបាត់បង់ ត្រូវបានក្រុមគ្រួសារប្រាប់ថា បាត់ម៉ូតូស្កុបពី មួយគ្រឿង ខ្សែកមាស ប្លាកដៃ ចិញ្ចៀន កាបូបលុយ និងទូរស័ព្ទ Iphone 11pro មួយគ្រឿង ។

តាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីរំលងអធ្រាត ចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ គេឃើញមនុស្សប្រុសស្រីប្រមាណ៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង តាមផ្លូវសហព័ន្ធរុស្សី ចូលទៅផ្លូវបេតុងថ្មី ចំណុចកើតហេតុ ហើយក៏ជិះចេញទៅវិញ គ្មានអ្នកណាចាប់អារម្មណ៍ លុះដល់វេលាម៉ោង៦ព្រឹកភ្លឺច្បាស់ ទើបប្រទះឃើញបុរសម្នាក់ ដេកសន្លប់វង្វេងបាត់ស្មារតី បែកពពុះមាត់ស្គុល ផ្អើលពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យស្រាវជ្រាវ ទើបបងប្អូនក្រុមការងារជាមួយគ្នាទៅដឹកយកទៅពេទ្យ ។

ករណីប្រទះឃើញបុរសម្នាក់ ស្រវឹងវង្វេងសន្លប់បែកពពុះមាត់ នៅកៀនរបងតាមផ្លូវបេតុងខាងលើ ត្រូវបានដាក់ការសង្ស័យថា ល្បួងនាំជនរងគ្រោះផឹកសុីប្រើល្បិចដាក់ថ្នាំសណ្តំហើយដឹកជនរងគ្រោះទៅទម្លាក់ផ្លុងចោល រួចប្លន់យកទ្រព្យសម្បត្តិអស់ ។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្ត យកទៅមន្ទីរពេទ្យដោយខ្លួនឯង ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ៕

Post a Comment

0 Comments