ជនរងគ្រោះមានឈ្មោះ រឹម រ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA C125 ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-8790 ដែលមើលទៅស្អាត សង្ហា ឡូយ គួរជាទីទាក់ទាញចិត្តមនុស្សឱ្យចង់បាន ត្រូវជនសង្ស័យកទៅបាត់ ។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ០២នាក់ ( ប្រុស ) អាយុប្រហែល៣០ឆ្នាំ ម្នាក់មានមាឌធំខ្ពស់ និង ម្នាក់ទៀតមាឌស្តើងខ្ពស់ជិះម៉ូតូចំនួន០១គ្រឿងម៉ាក HONDA C125 ស៊េរីឆ្នាំ២០១៩ ( មិនចាំស្លាកលេខ ) ពេលប្លន់យកម៉ូតូជនរងគ្រោះរួច បានជិះគេចឡើងទៅ ផ្លូវ៣៧១ បាត់ស្រមោល ( បញ្ជាក់នៅកន្លែងកើតហេតុ ជនសង្ស័យបានបន្សល់ទុកគ្រាប់កាំភ្លើងចំនួន០១គ្រាប់ម៉ាក K54 ) ។
ដំណើរហេតុមានដូចតទៅ ÷ បុរសអាជីវករវ័យក្មេងម្នាក់ ធ្វើដំណើរចេញពីផ្សារប៉េសេ ក្នុងគោលដៅទៅកាន់លំនៅឋានរបស់ខ្លួន ស្រាប់តែត្រូវចោរប្រដាប់អាវុធមិនដឹងជិះដេញតាមតាំងពីពេលណាមកនោះទេ ក៏កៀរឱ្យឈប់ពេលមកដល់មុខផ្ទះរបស់ជនរងគ្រោះទៅហើយ រួចដកកាំភ្លើងខ្លីភ្ជង់ប្លន់ យកម៉ូតូរបស់បុរសនេះទៅបាត់ ដោយសុវត្ថិភាពតែម្ដង គ្មានការរំខានពីសមត្ថកិច្ចដែនដី ឬសមត្ថកិច្ចដែលដាក់គោលដៅនានានោះឡើយ ពោលគឺ គេជិះទៅដោយស្រួលក្នុងហ្វូងមនុស្ស ហើយកប់បាត់ក្នុងស្បៃរាត្រី ។
បើតាមសម្ដីបុរសម្ចាស់ម៉ូតូ ដែលនៅភិតភ័យ និយាយញ័រទាំងខ្លួន ញ័រទាំងសំឡេង បានឲ្យដឹងថា ក្រុមចោរមិនត្រឹមតែយកម៉ូតូ១គ្រឿងទៅបាត់ប៉ុណ្ណោះទេ ថែមទាំងយកទាំងកាបូបលុយ ដែលមានលុយច្រើនបានមកពីការលក់ដូរនៅផ្សារប៉េសេ ប៉ុន្តែទោះជាយ៉ាងណាក៏សំណាងល្អផងដែរ ដោយសារតែចោរបានកេះកៃកាំភ្លើងសំដៅមកលើខ្លួន ហើយសំណាងល្អមិនផ្ទុះ និងមិនត្រូវចំខ្លួនគេ ធ្វើឲ្យរូបគេភ័យចំប្រប់ រួចហើយចោរក៏ទាញម៉ូតូជិះចេញទៅ បន្សល់ទុកឱ្យរូបគេ ឡើងភ័យញ័រជង្គង់ ។
អំពើប្លន់នេះ បានកើតឡើងវេលាម៉ោង ៨យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ គឺចោរបានកៀរម៉ូតូឲ្យឈប់ ខណៈជនរងគ្រោះបានជិះមកដល់មុខផ្ទះរបស់ខ្លួន ក្បែរសាលាកសិកម្ម ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចហើយក៏ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូជិះចេញបាត់ទៅ បន្សល់ទុកគ្រាប់កាំភ្លើង១គ្រាប់នៅកន្លែងកើតហេតុ ព្រមជាមួយនឹងការភិតភ័យក្នុងខ្លួនជនរងគ្រោះ៕
0 Comments