វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត ក្នុងក្រុងកំពត រសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពត នៅទីបរិវេណវត្តសុវណ្ណសាគរ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដម ញ៉ូវ សាអែម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម នៃ គង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋសរុបប្រមាណជាង២០០នាក់។
សូមជម្រាបថា តំណាងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមបានសម្តែងក្តីរីករាយ និងបង្ហាញនូវភាពស្និទ្ធស្នាលបំផុតចំពោះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពតនេះ។ ជាមួយនោះ ប្រជាពលរដ្ឋបានលើកសំណូមពរចំនួន១៤ចំណុចដែលភាគច្រើនពាក់ព័ន្ធការស្នើសុំការដាក់បង្គោលភ្លើងបំភ្លឺតាមបណ្តាផ្លូវសំខាន់ៗក្នុងសង្កាត់របស់ក្រុង ការស្នើផ្តល់ប័ណ្ណកម្មសិទ្ធិដែលពលរដ្ឋរស់នៅទីបរិវេណមន្ទីរអប់រំ មន្ទីរព័ត៌មាន និងមន្ទីរធនធានទឹក និងឧត្តុនិយម ការស្ថាបនាផ្លូវលំ និងប្រព័ន្ធលូ បញ្ហាសំរាម និងប្រព័ន្ធតុលាការ។
ជាការឆ្លើយតបបន្ត ឯកឧត្ដមគណៈអតិបតីបានផ្ទេរជូនមន្ទីរជំនាញបកស្រាយ និងដោះស្រាយបានជាលទ្ធផល ជូនភ្លាមៗ៖
១-ការដាក់បង្គោលភ្លើងដែលជាការស្នើសុំរបស់របស់លោកដុល ឡោះ តំណាងប្រជាពលរដ្ឋនៅស្ថិតនៅភូមិសុវណ្ណសាគរ ។
២-ប្រព័ន្ធលូត្រូវបានគ្រោងបើកការដ្ឋាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដោយដាក់ប្រព័ន្ធលូសងខាងទំហំ០,៦ម តែដោយឡែកត្រូវបានពន្យាពេលដោយពិធីបុណ្យសមុទ្រចប់សិន ហើយអាជ្ញាធរស្នើដល់បងប្អូនប្រជាពលរដ្ឋសហការណ៍។
៣-បញ្ហាផ្សេងៗត្រូវបានរៀបចំដោះស្រាយឲ្យបានឆាប់រហ័សមុនរយះពេល១៤ថ្ងៃនិងបន្តសហការជាមួយមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងសំណូមពរនីមួយៗ រួចរាយការណ៍ជូនក្រុមប្រឹក្សាខេត្ត៕
0 Comments