គេហទំព័រ មួយរៀល

ពលរដ្ឋរត់រថយន្តដឹកបន្លែសម្ដែងការព្រួយបារម្ភ ក្រោយរថយន្តហាយឡិនឌ័រមួយគ្រឿងដេញតាមស្ទាក់ទាំងកណ្ដាលអធ្រាត្រ តាមបណ្ដោយផ្លូវជាតិលេខ២

 ពលរដ្ឋរត់រថយន្តដឹកបន្លែសម្ដែងការព្រួយបារម្ភ ក្រោយរថយន្តហាយឡិនឌ័រមួយគ្រឿងដេញតាមស្ទាក់ទាំងកណ្ដាលអធ្រាត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងស្រុកបាទី https://t.me/muyrealchat/85473


ខេត្តតាកែវ៖ កាលពីវេលាម៉ោងប្រមាណ ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើល និងបង្កការភ័យខ្លាចមួយបានកើតឡើងចំពោះប្រជាពលរដ្ឋដែលប្រកបរបរដឹកបន្លែ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីរថយន្តរបស់ពួកគាត់ត្រូវបានរថយន្តមួយគ្រឿងដេញតាម និងព្យាយាមស្ទាក់ដំណើរទាំងយប់អធ្រាត្រ។

យោងតាមវីដេអូដែលពលរដ្ឋបានថតទុកជាភស្តុតាង បានបង្ហាញឱ្យឃើញពីរថយន្តមួយគ្រឿង ម៉ាក Toyota Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-6151 បានបើកដេញប្រកិត និងព្យាយាមស្ទាក់រថយន្តសាំយ៉ុងដឹកបន្លែរបស់ពលរដ្ឋនៅតំបន់ផ្លូវស្ងាត់ និងងងឹត។ ដោយសារបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងខ្លាចក្រែងជាករណីប្លន់ ឬជនខិលខូចកាក់តាមផ្លូវ អ្នកបើកបររថយន្តដឹកបន្លែមិនបានឈប់នៅកន្លែងស្ងាត់នោះឡើយ គឺបានបន្តបើករហូតចូលទៅដល់ទីតាំងស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលមានពន្លឺភ្លើងច្បាស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើង។

នៅពេលរថយន្តទាំងពីរឈប់នៅក្នុងស្ថានីយប្រេងឥន្ធនៈ ក្រុមបុរសដែលជិះក្នុងរថយន្ត Highlander រួមមានបុរសម្នាក់ពាក់ឯកសណ្ឋាន (មានស្លាកឈ្មោះ គង់ ណារ៉េត) បានអះអាងថាខ្លួនជាសមត្ថកិច្ច និងបានសួរនាំករណីគេចពន្ធ។ ភ្លាមៗនោះ ខាងពលរដ្ឋដឹកបន្លែក៏បានតបតវិញដោយបញ្ជាក់ថា ខ្លួនជាអ្នករកស៊ីដឹកបន្លែធម្មតា មិនមានទំនិញគេចពន្ធអ្វីឡើយ។

ជាមួយគ្នានេះ ពលរដ្ឋបានចោទសួរ និងសម្ដែងការមិនពេញចិត្តចំពោះរបៀបនៃការអនុវត្តបែបនេះ ដោយលើកឡើងថា ប្រសិនបើសមត្ថកិច្ចពិតប្រាកដមានបំណងត្រួតពិនិត្យ គួរតែធ្វើឡើងនៅទីតាំងដែលមានភ្លើងបំភ្លឺច្បាស់លាស់ ឬមានប៉ុស្តិ៍ត្រួតពិនិត្យត្រឹមត្រូវ មិនគួរមកដេញស្ទាក់រថយន្តពលរដ្ឋនៅកន្លែងងងឹតស្ងាត់ជ្រងំទាំងកណ្តាលយប់នោះទេ ព្រោះបច្ចុប្បន្នបញ្ហាសន្តិសុខ និងចោរកម្មតាមផ្លូវបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ។

ក្រោយមានការជជែកដេញដោល និងមានការថតវីដេអូទុកជាភស្តុតាងយ៉ាងច្បាស់លាស់ទាំងស្លាកលេខ និងភិនភាគរថយន្ត ក្រុមបុរសខាងលើមិនបានបន្តការត្រួតពិនិត្យអ្វីទៀតឡើយ រួចក៏បានបើករថយន្ត Highlander ចាកចេញពីស្ថានីយប្រេងឥន្ធនៈនោះបាត់ទៅ។

ករណីនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងថ្នាក់ដឹកនាំពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងបំភ្លឺជុំវិញសកម្មភាពខាងលើ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបររកស៊ីធ្វើដំណើរទាំងយប់ព្រលប់តាមដងផ្លូវសាធារណៈ។

Muyreal Store!

📞 លេខទូរស័ព្ទ:

• 010 662269 (Smart)

• 060 662269 (Metfone)

• 061 662269 (Cellcard)

💬 Telegram ទំនាក់ទំនងផ្ទាល់: @Muyreal

🤖 Telegram Bot: @muyrealstore_botealstore_bot

ទីតាំងហាង៖ [ផ្សារសំណង់១២ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://www.muyreal-news.com/2026/10/blog-post_25.html

Post a Comment

0 Comments