សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ សូមប្រកាសគាំទ្រជុំវិញខ្លឹមសារនៃប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការវាយតម្លៃខ្ពស់ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មាន ភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការផ្តល់ថវិកា។
សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព សូមសម្តែងការអបអរសាទរចំពោះការសម្រេចចិត្ត របស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបិទការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ។ ចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ គឺជាការទទួលស្គាល់ថា សុចរិតភាពនៃប្រទេសកម្ពុជា សក្តិសមនឹងទទួលបានការផ្សាយព័ត៌មានពិត និង ព័ត៌មាន ដែលឆ្លុះបញ្ចាំងតថភាពរបស់សង្គមខ្មែរទាំងស្រុង នោះមិនមែនដូចជាការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុ វីអូអេ កន្លងមកនោះទេ។
សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានមើលឃើញចំពោះចំណាត់ការបិទការផ្សាយ វិទ្យុអាស៊ីសេរី ជាពិសេសវិទ្យុ RFA ជាភាសាខ្មែរនាពេលថ្មីៗនេះ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលបានការ គាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ ជាច្រើនឆ្នាំមកនេះ វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ ត្រូវបានចោទប្រកាន់ថា បានផ្សព្វផ្សាយ ព័ត៌មានមិនពិត ព័ត៌មានញុះញង់ និងព័ត៌មានបង្កឱ្យប្រទេសកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងវិបត្តិចលាចល និង វិទ្យុនេះ បម្រើឱ្យផលប្រយោជន៍ក្រុមប្រឆាំងជ្រុលនិយម ជាជាងផ្តល់ព័ត៌មានដែលឆ្លុះបញ្ចាំងនូវតថភាពសង្គមទាំងមូល របស់ជាតិកម្ពុជា។ វិធានការបិទវិទ្យុអាស៊ីសេរីនេះ គឺជាជំហានចាំបាច់មួយដើម្បីទប់ស្កាត់ការបែកបាក់ និងកត្តាអស្ថិរភាព នៅក្នុងប្រទេសកម្ពុជា៕
0 Comments