គេហទំព័រ មួយរៀល

បុរសម្នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកអូសម៉ូតូជាម៉ែត្របើករត់គេចតែបន្តបុកទៀត



ភ្នំពេញ ៖ បុរសជនជាតិចិនស្រវឹងស្រាជោក បានបេីករថយន្ត Mazda ទៅបុកម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្រ ហើយមានបំណងបើករត់គេច  ប៉ុន្តែក៏ជ្រុលទៅបុកជញ្ជាំងហាងលក់ម៉ូតូមួយកន្លែង រងការខូចខាតយ៉ាងដំណំ  បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១០:៣០យប់ ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ចំណុចកើតហេតុស្ថិតតាមបណ្ដោយផ្លូវ១៩៩ កែងនិងផ្លូវ៣១០ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា  គេឃើញបុរសជនជាតិចិន បើករថយន្តម៉ាស្ដា  ពណ៌ប្រផេះ  ពាក់ស្លាកលេខ ភ្នំពេញ 2AY -2019 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩  លុះមកដល់ចំណុចកើតហេតុខាងបានជ្រុលទៅបុកម៉ូតូប៊ីត  ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 1AC 4483 ធ្វើដំណើរបញ្ច្រស់ទិសដៅគ្នាយ៉ាងពេញទំហឹង ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ក៏ព្យាយាមបើករត់គេច តែបានអូសម៉ូតូនិងម្ចាស់ម៉ូតូក្រោមរថយន្តប្រមាណ២០ម៉ែត្រ ធ្វេីឲ្យអ្នកបើកបរមូតូរបូតចេញពីក្រោមរថយន្តរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។ 

ចំណែករថយន្តអូសម៉ូតូជាប់រហូតដល់របងវត្តមហាមន្ត្រី ទើបរបូតម៉ូតូចេញពីរថយន្តដែរ  ហេីយរថយន្តបង្កក៏បន្តដំណើរទៅមុខទៀតរហូតដល់ស្តុបវត្តមហាមន្ត្រី បានរេចង្កូតទៅបុកជញ្ជាំងហាងលក់ម៉ូតូទ្រីមុំ  បណ្ដាលឲ្យខូចខាតជញ្ជាំងផ្ទះនិងម៉ូតូ៦គ្រឿងទៀតទេីបទៅមុខលែងរួច បន្ទាប់មក បុរសជនជាតិចិន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍អូឡាំពិក ។
  
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តបង្កនិងអ្នកបើកបរ ព្រមទាំងម៉ូតូរងគ្រោះយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

Post a Comment

0 Comments