គេហទំព័រ មួយរៀល

ពលរដ្ឋមិនគោរពច្បាប់ឬក៏មន្ត្រីអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការអនុវត្តខ្លាចបាត់បង់ឆ្នាំងបាយប្រចាំថ្ងៃ


ភ្នំពេញ៖ សណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងការដាក់លក់ដូរនៅលើចិញ្ចើមផ្លូវ រួមនឹងការរំលោភចិញ្ចើមផ្លូវ នៅតែជាបញ្ហាដដែលនៅក្នុងរាជធានីភ្នំពេញ ទោះជាអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទាំង១៤ ខិតខំដោះស្រាយ ពន្យល់ណែនាំយ៉ាងណាក៏ ប្រៀបដូចជាការវែកចកយ៉ាងដូច្នោះដែរ។ ចំណុចនេះបានធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង បង្កការកកស្ទះចរាចរណ៍ និងការថ្នាំងថ្នាក់ដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។


ជាក់ស្តែងនៅតាមបណ្តោយផ្លូវលេខ២៣០,២៣១,២៣៩ និងផ្លូវនៅជុំវិញផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ត្រូវបានអាជីវករយកចិញ្ចើមផ្លូវនិងផ្លូវ ធ្វើជាកន្លែងលក់ដូរ បោះដុំបន្លែ ផ្លែឈើ និងធ្វើជាចំណតរថយន្ត ម៉ូតូសណ្តោងរ៉ឺម៉ក ដោយចតពេញផ្លូវស្ទើរតែទាំងស្រុង ធ្វើឱ្យប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅតាមដងផ្លូវទាំងនោះ មានការថ្នាំងថ្នាក់នៅពេលធ្វើដំណើរឆ្លងកាត់តំបន់នោះម្តងៗ ព្រោះតែការកកស្ទះចរាចរ និងនៅតាមដងផ្លូវមួយចំនួន ក៏មានគំនរសំរាម កាកសំណល់បន្លែ និងផ្លែឈើស្អុយ រលួយពេញផ្លូវថែមទៀតផង ។

ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុបនៅតំបន់ខាងលើបានឱ្យដឹងថា នៅពេលព្រឹក និងពេលល្ងាច នៅកំណាត់ផ្លូវលេខ២៣០ និងផ្លូវនៅជុំវិញផ្សារនាគមាស មានការកកស្ទះខ្លាំង ដោយសារតែរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កទៅឈប់ផ្ទេរនិងទទួល
បន្លែ ផ្លែឈើ យ៉ាងអនាធិបតេយ្យនៅលើដងផ្លូវនោះ ។ 

ចំណែកអ្នកលក់បន្លែផ្លែឈើ នៅតាមដងផ្លូវជុំវិញផ្សារនាគមាស ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការដាក់លក់បន្លែផ្លែឈើ ខាងសន្តិសុខផ្សារជាអ្នកឱ្យដាក់ និង បានដើរយកលុយក្នុងមួយកន្លែង២០០០រៀល និងកន្លែងខ្លះត្រូវបង់លុយថ្លៃជួលកន្លែងដាក់លក់ នៅលើចិញើមផ្លូវក្នុងមួយខែ១០ម៉ឺនរៀល និងមានអ្នកយកលុយប្រចាំថ្ងៃ ប្រហែលជា១០នាក់ តាំងពីព្រឹកដល់ល្ងាច ត្រូវចំណាយអស់១ម៉ឺនរៀលថែមទៀត ។

ស្រដៀងគ្នានេះដែរ អ្នកលក់បន្លែម្នាក់ទៀត នៅតាមដងផ្លូវលេខ២៣០ បានឱ្យដឹងដែរថា គាត់បានដាក់លក់បន្លែនេះ ត្រូវចំណាយក្នុង១ថ្ងៃអស់៣ម៉ឺនរៀលឯណោះ ក្នុងនោះត្រូវចំណាយទៅលើសមត្ថកិច្ច២ម៉ឺនរៀលនិងបង់ឱ្យសន្តិសុខផ្សារ ២ពាន់រៀល ថ្លៃអនាម័យ២ពាន់រៀល និងថ្លៃកន្លែង៦ពាន់រៀល ។ 

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកយកព័ត៌មានយើងមិនអាចសុំធ្វើការអត្ថាធិប្បាយពី លោក ជា ពិសី អភិបាលខណ្ឌទួលគោកដែលទើបនឹងឡើងកាន់តំណែងថ្មី និង លោក ទិត្យ សាមឿន ចៅសង្កាត់ផ្សារដើមគរបានទេ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយហៅទូរស័ព្ទចូលច្រើនដង តែមិនមានអ្នកទទួល ។ 

ទោះយ៉ាងនេះក៏ដោយ គេសង្កេតឃើញមានរថយន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ទៅឈប់នៅតាមផ្លូវក្បែរៗនោះ តែមិនបានចុះរៀបចំសណ្តាប់ធ្នាប់ឬរៀបចំការលក់ដូរនៅតាមដងផ្លូវនោះទេ ពោលគឺបណ្តោយឱ្យអ្នកលក់ដូរ នៅតាមផ្លូវលេខ២៣០ និង នៅជុំវិញផ្សារនាគមាសនៅលក់ដូរដដែល និងបង្កឱ្យមានការកកស្ទះចរាចរក៏ដូចជាបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ ដែលខុសទាំងស្រុងទៅនឹងគោលការណ៍របស់សាលារាជធានីភ្នំពេញ ៕

Post a Comment

0 Comments