VNExpress៖ ប្រជាជននៅតាមតំបន់ជាច្រើននៃប្រទេសវៀតណាម ត្រូវបានណែនាំឲ្យការពារខ្លួនពីកាំរស្មីព្រះអាទិត្យ (UV) ខ្ពស់ខុសពីធម្មតា ដែលត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។
មជ្ឈមណ្ឌលជាតិ ព្យាករណ៍ឧតុនិយមនិងធនធានទឹក បាននិយាយថា សន្ទស្សន៍កាំរស្មី UV នៅតាមបណ្តាខេត្តភាគខាងជើង នឹងកើនឡើងដល់កម្រិតប៉ះពាល់សុខភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ទន្ទឹមនឹងនេះ កម្រិតកាំរស្មីនៅតាមបណ្តាខេត្តភាគខាងត្បូង បានឈានដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃចន្ទ មុននឹងធ្លាក់ចុះដល់ប៉ារ៉ាម៉ែត្រ “ខ្ពស់” ក្នុងរយៈពេលពីរថ្ងៃខាងមុខ លើកលែងតែទីក្រុង Ca Mau ប៉ុណ្ណោះដែលសន្ទស្សន៍ព្រះអាទិត្យនឹងបង្កគ្រោះថ្នាក់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ។
យោងតាមសន្ទស្សន៍កាំរស្មី UV ជាសកលរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា កម្រិតកាំរស្មី UV ត្រូវបានវាស់តាមមាត្រដ្ឋានពី ០ (កម្រិតទាប) ដល់ ១១+ (កម្រិតធ្ងន់ធ្ងរបំផុត)។
សន្ទស្សន៍កាំរស្មី UV កម្រិត ៦ និង ៧ ត្រូវបានចាត់ទុកថា “ខ្ពស់” ហើយ ៨ ទៅ ១០ គឺខ្ពស់ខ្លាំងបំផុត ដែលបណ្តាលឲ្យស្បែករបស់មនុស្ស អាចរលាកក្នុងរយៈពេលតិចជាង ២៥ នាទី។
ចំណែកកម្រិត ១១ និងលើសនេះ ត្រូវបានចាត់ទុកថា “ធ្ងន់ធ្ងរខ្លាំងបំផុត” ហើយអាចបណ្តាលឲ្យរលាកស្បែកក្នុងរយៈពេល ១០ នាទី៕
0 Comments