ភ្នំពេញ៖ បុរសម្នាក់ជាកម្មករអូសរទេះបន្លែនៅក្នុងផ្សារអូឡាំពិចផឹកស្រាស្រវឹងជោកជាំគិតខ្លីបានសម្រេចចិត្តយកផ្លែឡាមអាលើខ្លួននិងដៃឈាមហូរស្រោចខ្លួនប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅក្នុងផ្សារអូឡាំពិច រួមទាំងសមត្ថកិច្ចទាំងព្រឹកចុះមកជួយឃាត់ទាន់ពេលវេលាហើយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រង់ចំណុចបេនឡានឈ្នួលអូឡាំពិច ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះមាន ឈ្មោះ ឌីណា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជាកម្មករអូសរទេះនឹងលីសែងបន្លែនឹងឥវ៉ាន់ នៅក្នុងផ្សារអូឡាំពិច សព្វថ្ងៃស្នាក់នៅ ត្រង់ចំណុចក្បែរបេនឡាន ជាប់នឹងរបងផ្សារ។
យោងតាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីមិត្តភក្កិរបស់គេបានបញ្ជាក់ប្រាប់ឲ្យដឹងថាបុរសដែលបានប៉ុនប៉ងសម្លា ប់ខ្លួនឯងនេះ ជាអ្នកអូសរទេះនិងលីសែងឥវ៉ាន់នៅក្នុងផ្សារអូឡាំពិច អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបតែជាងមួយខែនេះជនរងគ្រោះមានអារម្មណ៍មិនប្រក្រតី ពេលរកលុយបានបន្តិចបន្តួចគិតតែពីអង្គុយផឹកស្រា ស្រវឹងជារៀងរាល់ថ្ងៃ ហើយអស់សង្ឃឹមនៅក្នុងជីវិត បណ្ដាលឲ្យក្លាយទៅជាគឹតខ្លី ទើបសម្រេចចិត្តយកផ្លែឡាមមកអាលើខ្លួននិងដៃ ហូរឈាមឡើងខ្សោះអស់ពីខ្លួនទើបប្រជាពលរដ្ឋរាយការជូនសមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យមើលរួចរាល់ ក៍បានលើកជនរងគ្រោះដាក់ចូលទៅក្នុងរុឺម៉ករួចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
0 Comments