«សិប្បកម្មភូមិចន្ទីបន្ទាយស្រី»៖ ទីបំផុត អ្នកបន្ទាយស្រីអាចផលិតគ្រាប់ស្វាយចន្ទីសម្រាប់ហូបភ្លាមៗបានដោយខ្លួនឯងហើយ! ធានាថាថ្មីៗស្រស់ៗ ខ្ទិះឈ្ងុយខុសប្លែកពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ!
អ្នកណាក៏ដឹងដែរថា ស្រុកបន្ទាយស្រីសម្បូរទៅដោយដំណាំស្វាយចន្ទីជាច្រើនកន្លែង ប៉ុន្តែកន្លងមក អ្នកភូមិបានត្រឹមតែប្រឡេះយកគ្រាប់ឆៅទៅលក់ឱ្យឈ្មួញកណ្តាល ឬបកដោយដៃយកទៅលីងហូបបន្តិចបន្តួចតែប៉ុណ្ណោះ។ ចំណុចទាំងនេះគឺជារឿងគួរឱ្យសោកស្តាយ ព្រោះកសិករតែងតែលក់បានក្នុងតម្លៃទាប និងមិនទទួលបានតម្លៃបន្ថែមច្រើនពីមុខរបរនេះប៉ុន្មានទេ ប៉ុន្តែខ្ញុំជឿជាក់ថា អ្វីៗនឹងចាប់ផ្តើមមានការផ្លាស់ប្តូរ បន្ទាប់ពីមានវត្តមានសិប្បកម្មភូមិចន្ទីមួយនេះ។ ពិតមែនតែទើបរៀបចំបានក្នុងខ្នាតតូច និងមិនទាន់អាចដល់កម្រិតស្តង់ដាដើម្បីបង្អួតបង្ហាញអ្នកទេសចរបាននៅឡើយ ប៉ុន្តែនេះគឺជាគំនិតផ្តួចផ្តើមមួយដ៏ប្រសើរ ដែលគួរតែទទួលបាននូវការលើកទឹកចិត្ត និងការជំរុញផ្សព្វផ្សាយបន្ថែម។
គ្រាប់ស្វាយចន្ទីគឺជាប្រភេទគ្រាប់ធញ្ញជាតិដែលមានទីផ្សារធំទូលាយ និងសម្បូរបែបខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកទេសចរអន្តរជាតិតែម្តង។ គេអាចយកវាទៅឆឹងជាមួយស្ករត្នោត ស្រោបជាមួយសូកូឡា ធ្វើជានំបង្អែមបានយ៉ាងច្រើនមុខ លីងនឹងអំបិលម្ទេស ឬហូបលេងផ្ទាល់ក៏បាន ហើយគេក៏អាចលក់វាជាប្រអប់ៗ ច្រកវេចខ្ចប់តាមស្តង់ដាត្រឹមត្រូវ ឬលក់រាយជាកំប៉ុងៗក៏ម្យ៉ាង។វត្ថុធាតុដើមមាននៅជិតដៃរួចជាស្រេចហើយ នៅឡើយតែការចេះយកមកបំលែងកែច្នៃ បន្ថែមតម្លៃ និងប្រែក្លាយឱ្យទៅជាមុខរបរទេ ទោះក្នុងទម្រង់សិប្បកម្មតូចៗក៏បាន ឬចងគ្នាជាសហគមន៍ក៏បាន ធ្វើយ៉ាងណាឱ្យតែទទួលបាននូវប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។
ខ្ញុំតែងតែសង្ឃឹមថា បងប្អូនអ្នកភូមិកាន់តែច្រើននឹងចូលរួមរុញច្រានកសិផលមួយប្រភេទនេះឱ្យទៅជាអត្តសញ្ញាណថ្មីមួយទៀតរបស់ស្រុកបន្ទាយស្រីដែលនឹងអាចនាំមកនូវចំណូលបន្ថែមដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុក។ ជឿជាក់ថាផលិតផលមួយនេះមានសក្តានុពលមិនចាញ់ផលិតផលស្ករត្នោតនោះទេ។
——————
ទីតាំង៖ ភូមិចន្ទី-Cashew Village ស្ថិតនៅភូមិប្រិយ៍, ស្រុកបន្ទាយស្រី, តាមបណ្តោយផ្លូវលេខ67 ហួសភូមិព្រះដាក់ប្រហែល5គីឡូម៉ែត។
Phone and Telegram: 012 200 150
Mail: phearomtom@gmail.com
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត៚
0 Comments