រាជធានីភ្នំពេញ៖ គល់ស្ពានអាកាសស្ទឹងមានជ័យ ជាព្រំប្រទល់ខណ្ឌចំនួន៣នាក់ ដែលអាជ្ញាធរច្រើនតែមិនយកចិត្តទុកដាក់ថែរក្សាសន្តិសុខជូនពលរដ្ឋ ដោយដាក់បន្ទុកម្តងទៅខណ្ឌនេះម្តងខណ្ឌនោះ ។
ជាក់ស្តែងនារីរងគ្រោះ ត្រូវជនសង្ស័យដើរមកឆក់ទូរស័ព្ទ ដែលកំពុងនិយាយនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បង្កការភ័យខ្លាចដល់ពលរដ្ឋធ្វើដំណើរផង ។
អំពើអសន្តិសុខនេះកើតចេញពីទីតាំងល្បែងស៊ីសងនិងប្រើប្រាស់គ្រឿងប្រភេទហ្គេមបាញ់ត្រី នៅផ្លូវ២៥៥ ចុះមកសាលាបឋមសិក្សាបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានផេសអ៊ែបចតនៅពីមុខជារៀងរាល់ថ្ងៃដែលមានមេការឈ្មោះ ស្រេង ទើបអាជ្ញាធរឬសមត្ថកិច្ចមិនហ៊ានបង្ក្រាបសោះ ។
សារព័ត៌មាន១រៀល បានរាយការណ៍ជូនលោក ជា ពិសី អភិបាលខណ្ឌទួលគោក រួចបានសាកសួរថា តើឯកឧត្តមមានវិធានការបង្ក្រាបទេ? លោកក៏បានឆ្លើយប្រាប់ថា Ok Thanks ខ្ញុំចាត់ចែង តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ ។
កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះ ហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ ។
សូមជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ ដូចជា មាន់ជល់ ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីផ្សេងទៀត។ លោក ឃួងស្រេង បាន បញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណា ដែលបើកល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ ។
ការបញ្ជានេះធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត ។
សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីនិងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេង និងម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មខុសច្បាប់នេះ ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
យ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
0 Comments