Muyreal -News

Muyreal -News
Muyreal -News

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ មន្ត្រី ACU ម្នាក់ ពាក់ព័ន្ធ​អំពើ​ពុក​រលួយ



ភ្នំពេញ  លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ​.​វិតិក្រម ពាក់ព័ន្ធទៅនឹងអំពើពុករលួយ 


ជនសង្ស័យរូបនោះមានឈ្មោះ ទូច ទិត្យឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីនាយក ដ្ឋាកិច្ចការគតិយុត្ត ពាក្យបណ្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ 


ការឃុំខ្លួនជនសង្ស័យខាងលើនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រឿងនេះតំណាងអយ្យការបានបើកការស៊ើបសួរចប់ នឹងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ ដោយចោទប្រកាន់ពីបទ​.​វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ 


សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ (​កាត់សាច់ស្អុយ​) បានបញ្ជូនមន្ត្រីរបស់ខ្លួនម្នាក់ ដូចមានឈ្មោះខាងលើនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធថាបានប្រព្រឹត្តអំពើពុករលួយ ដែលសំណុំរឿងនេះបានស្ថិតនៅលោក អ៊ុំ សុភក្ត ព្រះរាជអាជ្ញារង (​ប្រចាំការ​) បើកការស៊ើបសួរ ក្រោយពីសាកសួរតំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន 


សូមជម្រាបទៀតថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ 


សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា (ACU) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាងជាបន្តបន្ទាប់ព្រមទាំងស្តាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង អន្តរជាតិរួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តល្មើសដែលប្បញ្ញាក្នុងមាត្រា ៥៩២(​បទវិតិក្រម​) នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ 


ACU សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង 


អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី ACU ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ  


អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនជនសង្ស័យខាងលើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ 

Post a Comment

0 Comments