គេហទំព័រ មួយរៀល

សន្តិសុខម្នាក់ មិនស្រួលខ្លួន មិនហ៊ានឈប់សម្រាក ទៅធ្វើការរហូតស្រាប់តែប្រទះឃើញដេកស្លាប់នៅក្នុងប៉ុស្តិ៍យាម




រាជធានីភ្នំពេញ៖ បុរសម្នាក់ខណ:ដែលមិនស្រួលខ្លួន មិនហ៊ានឈប់សម្រាកទេ ខំទៅយាមរោងចក្រ ទោះជាអ្នករួមការងារជួយទាំងកោសខ្យល់ឲ្យយ៉ាងណាក្តី បែរជាស្លាប់បាត់នៅក្នុងប៉ុស្តិ៍យាម កាលពីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែកុម្ភឆ្នាំ២០២២ នៅរោងចក្រ វ៉ាស៊ីង ព្រីន ខូអិលធីឌី ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់ព្រឹកឡើងទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង 


ជនរងគ្រោះមានឈ្មោះ អឿន សំអង ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅជាមួយបងប្អូន ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ 


តាមការបំភ្លឺពីសន្តិសុខរួមការងារ បានឲ្យដឹងថា កាលពីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះកើតមានអាការ:មិនស្រួលខ្លួន បានពឹងឲ្យជួយកោសខ្យល់ លុះកោសខ្យល់ឲ្យគាត់ហើយ ក៏ទៅយាមបាត់ទៅ ជនរងគ្រោះដេកនៅក្នុងប៉ុស្តិ៍យាម មុខច្រកចូលរោងចក្រ រហូតដល់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី០១ ខែកុម្ភឆ្នាំ២០២២ ដើរទៅមើល បំណងសួរពីសុខភាព បែរជាប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ ទើបប្រាប់អ្នករួមការងារ សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ រហូតដល់ព្រឹកឡើងថ្ងៃដដែលទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ 


ករណីខាងលើ សាច់ញាតិ ក្រុមគ្រួសារ របស់ជនរងគ្រោះ មិនប្តឹងផ្តល់អ្វីឡើយ ស្នើសុំឲ្យសមត្ថកិច្ចជួយធ្វើឯកសារ ដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី 

Post a Comment

0 Comments