ភ្នំពេញ៖ ព្រះទេវសត្ថា ពឿយ មេត្តា ដែលបានដឹកនាំព្រះសង្ឃប្រមាណ ១០០អង្គ មកប្រមូលផ្តុំនៅមុខផ្ទះលោកស្រីឧកញ៉ា សៀងចាន់ហេង ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីធ្វើការតវ៉ាសុំឲ្យលោកស្រីរូបនេះ ប្រគល់ដីជូនវត្តវិញ កាលពីពេលកន្លងទៅនេះ ឥឡូវត្រូវបានលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឱ្យចូលបង្ហាញខ្លួន នៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ តាមបណ្តឹងរបស់លោកស្រី សៀង ចាន់ហេង ។
នេះបើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មាន មួយរៀល ទទួលបាននៅព្រឹកថ្ងៃទី១៥ខែមករា ឆ្នាំ ២០២២នេះ ។
នៅក្នុងដីកានេះបានបញ្ជាឱ្យឈ្មោះ ពឿយ មេត្តា ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ មានអាសយដ្ឋានសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃ៣ខែកុម្ភៈ ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះញង់ឲ្យមានការរើសអើង និងបាតុកម្ម តាមពាក្យបណ្ដឹងអន្តរាគមន៍របស់ឈ្មោះ សៀង ចាន់ហេង ។
គួររម្លឹកថាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ព្រះទេវសត្ថា ពឿយ មេត្តា បានដឹកនាំព្រះសង្ឃប្រមាណ១០០អង្គ ពីរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង មកប្រមូលផ្តុំនៅមុខផ្ទះលោកស្រីឧកញ៉ា សៀង ចាន់ហេង ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីធ្វើការតវ៉ាសុំឲ្យលោកស្រីរូបនេះ ប្រគល់ដីជូនវត្តវិញ ។ ការតវ៉ានេះ បានធ្វើឡើងតាំងពីម៉ោងប្រមាណជាង២រសៀលរហូតដល់យប់ទើបបានរំសាយទៅវិញ បន្ទាប់ពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ សម្របសម្រួលថា នឹងដោះស្រាយជូននៅថ្ងៃច័ន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងការតវ៉ាទាមទារដីវត្តនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានចេញសង្ឃដីកាសម្រេច ថ្វាយប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្ត «បារមីគិរីខេមរាភ្នំបិតាធំ» (ហៅវត្តលោកយាយជំទាវហេង) នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជាតទៅ ហើយព្រះទេវសត្ថា ពឿយ មេត្តា និងសហធម្មិកៈ ព្រមទាំងក្រុមការងារ ត្រូវបញ្ចប់អធិករណ៍ការតវ៉ា និងការទាមទារដីវត្ត «បារមីគិរីខេមរាភ្នំបិតាធំ» (ហៅវត្តលោកយាយជំទាវហេង) ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ ក្នុងអធិករណ៍នេះ និងមិនត្រូវបង្កបញ្ហាអកុសលទាំងឡាយជាបន្តទៅទៀត ក្នុងនោះមានដូចជា អំពើញុះញង់ បាតុកម្ម កូដកម្ម កុបកម្មប្រឆាំងនឹងភាគីម្ខាងទៀត និងអាជ្ញាធរសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។
គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២ បានសម្រេចផ្សឹកបុគ្គល ពឿយ មេត្តា ស្របតាមពុទ្ធវិន័យ និងច្បាប់រដ្ឋជាស្ថាពរហើយ។
ករណីផ្សឹកសង្ឃអង្គនេះ បន្ទាប់ពីតុលាការបានចេញដីកាបញ្ជាឲ្យឈ្មោះ ពឿយ មេត្តា ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី១៥ខែមេសា ឆ្នាំ១៩៧៥ មានអាសយដ្ឋានសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួននៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះញង់ឱ្យមានការរើសអើង និងបាតុកម្ម តាមពាក្យបណ្ដឹងអន្តរាគមន៍របស់ឈ្មោះ សៀង ចាន់ហេង ៕
0 Comments