រាជធានីភ្នំពេញ៖ ករណីអ្នកលក់ថ្នាំពេទ្យម្នាក់ដែលថាត្រូវខ្សែភ្លើងឆក់ឆេះស្លាប់ ក្នុងផ្ទះនោះត្រូវបានរកឃើញមូលហេតុពិតហើយគឺប្រពន្ធបានយកអាល់កុលចាក់ហើយដុតឱ្យឆេះស្លាប់តែម្តង។
មន្ត្រីនគរបាលបានឱ្យដឹងថា បន្ទាប់ពីមានមនុស្សស្លាប់កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នោះមក ជំហានដំបូងគេបានសន្និដ្ឋានថា ជាករណីខ្សែភ្លើងឆក់ហើយឆេះស្លាប់។
បន្ទាប់មកត្រូវសមត្ថកិច្ចចាក់អង្រែលើ បានស្រាវជ្រាវហូតឈានដល់ការចាប់ខ្លួនស្រ្តីជាប្រពន្ធ ដែលបានយកអាល់កុល១លីត្រ មកចាក់លើប្តីកំពុងដេកលង់លក់ ហើយដុតឱ្យឆេះស្លាប់តែម្តង។
ស្ត្រីសង្ស័យឈ្មោះ ទៀង ស៊ីម អាយុ៧៧ឆ្នាំ ស្នាក់នៅភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រីឯអ្នកស្លាប់ជាប្តីឈ្មោះភៅ ម៉ៅអាយុ៨៥ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។
ក្រោយចាប់ខ្លួនស្ត្រីរូបនោះ សមត្ថកិច្ចរកឃើញមាន ដបទឹកសុទ្ធ សម្រាប់ដាក់អាល់កុលចំ១, ដែកកេស២,អំបោសមួយ ឆេះមួយកំណាត់,ប្រដាប់កើបសំរាម១,កម្ទេចពូកឆេះ១ថង់និងមេសោរកូនសោរមួយចំនួន។
ចំពោះមូលហេតុនៃឃាតកម្ម ដោយការយកអាល់កុលចាក់ ហើយដុតឱ្យឆេះសម្លាប់ប្តីនេះ ផ្នែកជំនាញមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ដ្បិតកំពុងសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
0 Comments