បើកាលណាជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរដូចជាសន្ធំមិនដឹងខ្លួន ភ្លេចភ្លាំងស្មាររតីជាដេីមនោះ គេសន្មត់ថា ព្រលឹងភាគច្រេីនទាំងតូចទាំងធំ បានដើរចេញពីរូបអ្នកជំងឺទៅកំសាន្តរីករាយនៅឯព្រៃភ្នំក្រំថ្ម។ ដើម្បីឲ្យព្រលឹងវិលមកចូលរូបកាយអ្នកជំងឺវិញនោះ គេត្រូវចាត់ចែងធ្វើពិធីមួយហៅថា "ពិធីហៅព្រលឹង"
ពិធីនេះមានអត្ថន័យប្រហាក់ប្រហែលនឹងពិធីជញ្ជាត់ព្រលឹងដែរ ប៉ុន្តែពិធីហៅព្រលឹងមានទម្រង់លំដាប់តូចជាងពិធីជញ្ជាត់ព្រលឹង។
ម្យ៉ាងទៀតដំណើរប្រព្រឹត្តទៅនៃពិធីនេះក៏មានរយៈពេលខ្លីជាងផងដែរ។
ដូចគ្នានឹងពិធីជញ្ជាត់ព្រលឹងដែរគេតែងតែធ្វើពិធីហៅព្រលឹងបន្ទាប់ពីលៀងអារក្ស នៅលើផ្ទះនិងលៀងឲ្យចំណីនៅឯដីរួចហើយ។
ដូនស្នំបានតម្រូវឲ្យអ្នកហៅព្រលឹងទៅធ្វើពិធីនេះ នៅជិតអ្នកជំងឺ។
ជាដំបូងបុីពកចាប់បន្លឺសម្លេងពិរោះគ្រលួចគួរឲ្យស្រងេះស្រងោចក្រៃលែង។
ហើយភ្លាមនោះ អ្នកហៅព្រលឹងដែលទ្រផ្តិលដាក់បាយព្រលឹងនោះស្រែកអបសម្លេងតម្រូវទៅតាមសាច់ភ្លេងដែលថ្ងូរបង្អូសយ៉ាងលន្លង់លន្លោចនៃបុីពក។
គេច្រៀងរៀបរាប់អន្ទងព្រលឹងអ្នកជំងឺ (ហៅចំឈ្មោះ)ដែលដើរចោលរូបទៅក្នុងព្រៃភ្នំក្រំថ្មនោះ ឲ្យវិលត្រឡប់មកចូលក្នុងរូបរាងកាយរក្សាម៉ែរក្សាឪប្តី ឬប្រពន្ធ រក្សាកូនចៅ កុំនៅក្នុងព្រៃខ្លាចសត្វសាហាវសុីគ្រួស សុីថ្មមកនៅផ្ទះធំទ្រនំខ្ពស់។
នៅពេលដែលអ្នកហៅព្រលឹងច្រៀងអំពាវនាវបក់បោយហៅព្រលឹងនេះ ដូនស្នំ អ្នកភ្លេង ក៏បាននិយាយបន្ទរ បន្ថែមជួយហៅព្រលឹងអ្នកជំងឺផងដែរ តែហៅជាពាក្យសំដីសាមញ្ញធម្មតា មិនមែនហៅជាពាក្យចម្រៀងទេ។
គេច្រៀងហៅដដែលៗឯដូនស្នំនិងអ្នកភ្លេង ក៏ចេះតែជួយស្រែកបន្ថែមពីលើចម្រៀងនេះជាច្រើនលើកអស់រយៈពេលបីបទ ទើបគេឧបកិច្ចយកស្លឹកឫស្សី ឫស្លឹកឈើជាតំណាងព្រលឹងយកមកដោតសៀតនៅក្បាលដំណេកអ្នកជំងឺហើយគេធ្វើពិធីយោលបក់ចិញ្ចៀនមាសដោយមានចងខ្សែទាញសង្ខាង។
គេគ្រវាសចិញ្ចៀនពីលើផ្តិលទឹក ព្រមទាំងធ្វើឲ្យចិញ្ចៀនប៉ះទឹកបន្តិចៗហើយយោលមករកអ្នកជំងឺ។
គេគ្រវាសបែបនេះ ដោយរាប់មួយ ពីរ បីរហូតដល់ដប់ប្រាំបួន ទើបយកមកចងកដៃអ្នកជំងឺ ដោយពោលជាចុងក្រោយថា ៚ព្រលឹងទាំងប្រាំបួនដណ្តប់អើយចូលមកសព្វគ្រប់ចូលមកនៅក្នុងរូបកាយ (ឈ្មោះអ្នកជំងឺ) កុំនៅក្នុងព្រៃខ្លាចសត្វសាហាវ សុីគ្រួសសុីថ្មមកនៅផ្ទះធំទ្រនំខ្ពស់រក្សាម៉ែ រក្សាឪ..........។ល។ និង ។ល។៚
ពិធីនេះត្រូវចប់សព្វគ្រប់ត្រឹមពេលអ្នកហៅព្រលឹងយកចិញ្ចៀនមាសមកចងដៃអ្នកជំងឺជានិមិត្តរូប តំណាងឲ្យព្រលឹងដែលវិលពីព្រៃចូលមកកាន់រូបកាយវិញ៕
0 Comments