Muyreal -News

Muyreal -News
Muyreal -News

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថនគរបាលចរាចរណ៍នៅស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ




ភ្នំពេញ  នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។


តាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះ ក្នុងករណីអ្នកល្មើសច្បាប់ចរាចរណ៍ ហើយមិនអនុវត្តតាមមន្ដ្រីនគរបាលចរាចរណ៍ បែរជាប្រមាថមើលងាយបែបនេះ ត្រូវចាប់វាយខ្នោះជាបន្ទាន់។


នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាននាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះភ្នំពេញត្រូវរៀបឯកសារទៅតុលាការ»


គួរជម្រាបថា ការដាក់បទបញ្ជារបស់មេនគរបាលជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូមួយ នៅតាមបណ្ដាញសង្គមFacebook ដោយបានបង្ហាញពីសកម្មភាពច្រង៉ែងច្រង៉ាងរបស់បុរសម្នាក់មកលើ មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅអនុវត្តច្បាប់ស្ពានអាកាសស្ទឹងមានជ័យ។


បុរសម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ប៉ុន្ដែបានបញ្ចេញនូវសកម្មភាពមើលងាយ ជេរប្រមាថ រុញច្រាន និងគំរាមប្រើប្រាស់អំពើហិង្សាទៅលើមន្ដ្រីនគរបាលចរាចរណ៍ ដោយចាប់ខ្លួនម៉ូតូរបស់គេ។ បន្ថែមពីនេះ បុរសរូបនោះបានគំរាមដកស័ក្ដិមន្ដ្រីនគរបាលដែលកំពុងតែឈរជើងអនុវត្តច្បាប់ថែមទៀតផង។


យ៉ាងណាមិញ គេមិនទាន់ដឹងមូលហេតុច្បាស់អំពីរឿងរ៉ាវនេះនៅឡើយទេ ប៉ុន្ដែគ្រាន់តែដឹងជំហ៊ានដំបូងបុរសម្នាក់នោះ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda NEX ពាក់ផ្លាកលេខភ្នំពេញ1BG-5792 បានប៉ះអ្នកធ្វើដំណើរតាមដងផ្លូវ ជាមួយគ្នា ហើយជិះបកបញ្ច្រាសនៅក្រោមស្ពាន ពេលនោះសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅកន្លែងនោះ បានចេញឃាត់តែម្ដង។ តាមរយៈរូបភាព ម៉ូតូរបស់បុរសម្នាក់នេះ មិនមានកញ្ចក់មើលក្រោយនោះទេ ដែលនេះក៏ចាត់ទុកថា ល្មើសច្បាប់មួយករណីបាត់ទៅហើយ។


ប៉ុន្ដែនៅពេលឃាត់ បុរសម្នាក់នោះមិនបានសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់ឡើយ ហើយថែមទាំងបញ្ចេញចរិកច្រង៉ែងច្រង៉ាងដាក់សមត្ថកិច្ចថែមទៀតផង រហូតហ៊ាននិយាយថា «ប្រយ័ត្នអស់ស័ក្ដិ»


យ៉ាងណាមិញ ពាក់ព័ន្ធជាមួយបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ខាងលើនេះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក  ថេត អគ្គស្នងការរង និងជាស្នងការ កំពុងបើកការស្រាវជ្រាវ ដើម្បីចាប់ខ្លួនបុរសនោះមកកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

Post a Comment

0 Comments