ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកពញាឮ សូមធ្វេីការឆ្លើយតបទៅនឹងគេហទំព័រសារព័ត៌មាន C007 FB Online ដែលបានឡាយបន្តផ្ទាល់ មានខ្លឹមសារថា៖"ប៉ូលិសស្រុកពញាឮ ហាមឃាត់មិនឱ្យអ្នកសារព័ត៌មានឡាយបន្តផ្ទាល់ពីករណីគ្រោះថ្នាក់ចរាចរណ៍នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ និងគំរាមវាយខ្នោះអ្នកសារព័ត៌មាន"។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ ស្រាវជ្រាវបំភ្លឺករណីខាងលើ។
ជាលទ្ធផល៖
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ លោកអធិការបានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ស្រាវជ្រាវបំភ្លឺ ដូចខាងក្រោម៖
កាលពីថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងដោយម៉ូតូបុកជាមួយសួនពុះចែកទ្រូងផ្លូវ (បង្កដោយខ្លួនឯង) កេីតឡេីងនៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ពិតប្រាកដមែន។ ក្នុងករណីនេះបណ្តាលអោយស្លាប់អ្នកបេីកបរ ០១នាក់ប្រុស នៅហ្នឹងកន្លែងកើតហេតុ និងរបួសស្រាល ចំនួន០១នាក់ប្រុស អ្នករួមដំណើរ។
ក្នុុងពេលនោះកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន កំពុងធ្វើការវាស់វែង ស្រាវជ្រាវ និងពិនិត្យកន្លែងកើតហេតុទៅតាមនីតិវិធី ក៏មានក្រុមអ្នកសារព័ត៌មាន C007 FB Online បានចុះមកធ្វេីការផ្សាយផ្ទាល់ ពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី ប៉ុន្តែត្រូវបានសមត្ថកិច្ចផ្នែកជំនាញ ហាមឃាត់មិនអនុញ្ញាតអោយធ្វេីការផ្សាយ ពីព្រោះសមត្ថកិច្ចកំពុងស៊ើបសួរ ស្រាវជ្រាវ រកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ សួររកឈ្មោះ អាសយដ្ឋានរបស់អ្នកបើកបរ និងអ្នករួមដំណើរ អោយបានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍អោយបានត្រឹមត្រូវ។ ម្យ៉ាងទៀតចំពោះបងប្អូនជនរងគ្រោះ(សព)ក៏បានសំណូមពរដល់អ្នកសារព័ត៌មានកុំអោយថតផ្សាយដែរ។ លេីសពីនេះចំពោះការផ្សាយរបស់អ្នកសារព័ត៌មាន គឺគាត់មិនបានទំនាក់ទំនងជាមួយសមត្ថកិច្ចជាមុន និងមិនបានសួរនាំអំពីអង្គហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើឱ្យបានច្បាស់មុននឹងផ្សាយឡេីយទេីបបណ្ដាលឱ្យមានការតវ៉ាពាក្យសម្ដីទៅវិញទៅមក រវាងកម្លាំងនគរបាល និងអ្នកសារព័ត៌មាន។
ខណៈនោះកម្លាំងសមត្ថកិច្ចក៏បានដេីរចេញពីអ្នកសារព័ត៌មានហេីយនិយាយថា "និយាយមិនចេះស្ដាប់គ្នាចឹងតេីស បានចេះតែគេចាប់ដាក់ខ្នោះ" មិនបានប្រើសម្តីគំរាមថាវាយខ្នោះអ្នកសារព័ត៌មាននោះទេ។ ដោយសារសមត្ថកិច្ចបាននិយាយប្រាប់គាត់ថា "បងមុនធ្វើការថតឡាយ បងត្រូវមកសុំការអនុញ្ញាតពីសមត្ថកិច្ច និងសុំរបាយការណ៍ ដើម្បីយកទៅផ្សាយអោយបានត្រឹមត្រូវ" ព្រោះពេលពួកគាត់មកដល់ គឺគាត់យកទូរស័ព្ទមកផ្សាយផ្ទាល់តែម្ដង ហេីយសមត្ថកិច្ចបាននិយាយជាមួយគាត់ថា "បងកុំឡាយអី ពីព្រោះសាច់ញាតិសពបានរកឃើញហើយ មុននឹងឡាយបងត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចសិន" ប៉ុន្តែគាត់គិតតែស្រែកថា"គាត់មានសិទ្ធផ្សាយ២៥ខេត្ត/ក្រុង (គាត់ប្រកែកជាមួយសមត្ថកិច្ច ដោយមិនស្ដាប់ហេតុផលរបស់សមត្ថកិច្ចឡើយ)"។
ក្រោយពីទទួលបានបទបញ្ជាពីលោកអធិការ ថាអនុញ្ញាតឱ្យសារព័ត៌មានផ្សាយ ពេលនោះសមត្ថកិច្ចនៅកន្លែងកេីតហេតុក៏បានអនុញ្ញាតឱ្យផ្សាយ ប៉ុន្តែពួកគាត់មិនបានផ្សាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីទេ គាត់បែរជានិយាយតែពីសមត្ថកិច្ចមិនព្រមអោយគាត់ផ្សាយទៅវិញ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕
0 Comments