គេហទំព័រ មួយរៀល

រដ្ឋមន្ត្រីថាសុទ្ធតែពួកបំផ្លាញជាតិ(ថតរូបទទួលលុយទុកជាភស្តុតាងខ្លាចកូនចៅជំនាន់ក្រោយមិនជឿថាខ្លួនលក់អាងទឹកដងទង់)



ខេត្តកំពត៖ អាងទឹកដងទង់ ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំងកសិកម្ម និងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង ១២ហិកតា ត្រូវបានមន្ត្រីពាក់ព័ន្ធមួយចំនួនចាប់តាំងពីថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខេត្ត បានឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមមន្ត្រីទាំងនោះថា សុទ្ធតែពួកបំផ្លាញជាតិ។  

មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងធនធានទឹក និងឧតុនិយម សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា រឿងលួចលក់ដីអាងទឹកដងទង់ ខេត្តកំពតគឺ មានមន្ត្រីជាប់ពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត ដូចសម្លកំពឹស ហើយនេះជាការភ្លាត់ស្នៀតមួយ។

ប្រភពច្បាស់ការណ៍បានទម្លាយថា មេចំណែកធំបែងចែកលុយពុករលួយពីការលក់ «អាងទឹកដងទង់» ដីរបស់រដ្ឋ គឺលោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត បានទទួលលុយសុទ្ធៗពីលោក សេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន សេង សម្បត្តិ ទើបបង្កើតថ្មី ដែលជាខែលបាំងមុខរាប់ម៉ឺនដុល្លារដើម្បីយកទៅចែកគ្នា។ 

ក្រុមលោក វ៉ិត វឌ្ឍនា បានធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំជាពិសេសគឺ ក្រសួងមហាផ្ទៃ ថាទីនោះគ្មានអាងទឹកនោះ មានដូចជាលោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លី, លោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដីខេត្ត, លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត, លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់, លោក កែវ គឹម មេឃុំស្រែជាខាងជើង និងលោក តិល រិន មេភូមិសុភី, ពួកគាត់ទាំងនោះសុទ្ធតែបានទទួលកញ្ចប់លុយពីលោក សេង សម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់រៀងៗខ្លួន។

សូមជម្រាបថា អាងទឹកដងទង់ ដែលជាសម្បត្តិរដ្ឋមានតម្លៃរាប់លានដុល្លារត្រូវក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅបានជាស្ថាពរ ដោយបើកលក់គម្រោងខ្យល់ បុរីដងទងធម្មជាតិដោយគ្មាន ច្បាប់អនុញ្ញាត។ ក្រុមហ៊ុន សេង សម្បត្តិ បានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗ គ្របលើដីអាស្រ័យផលពលរដ្ឋចំនួន២៩គ្រួសារ ដោយក្នុងនោះមាន១៩គ្រួសារ យល់ព្រមលក់ឱ្យឈ្មួញកណ្តាល ណែម សារឿន តែមិនទាន់ទទួលបានលុយគ្រប់ចំនួនទេ។ 

ប៉ុន្តែករណីនេះបែរជាធ្លាយមានលិខិតរបស់លោក តិល រិន មេភូមិសុភី តំណាងប្រជាពលរដ្ឋ៣០គ្រួសារ លក់ដីផ្តាច់ឱ្យលោកស្រី សុខ ហ្គិច, លោកស្រី ចាន់ ស្រីឡែន និងលោក សេង សម្បត្តិ ទៅវិញ? តើដី១កន្លែង អាចលក់បាន៤ដងមែនទេ? ហើយការលក់ដីនោះស្របតាមច្បាប់រដ្ឋដែរឬទេ? មូលហេតុអ្វីខ្លះនិងឯកសារអ្វីខ្លះទើបមេឃុំ កែវ គឹម ហ៊ានបោះត្រាទទួលស្គាល់ការលក់ដូរដីកំពុងតែមានរឿងទំនាស់?។

ប្រជាពលរដ្ឋនៅស្រុកដងទង់មានចម្ងល់ថា ឈ្មួញទិញដីតែ១៩គ្រួសារមានផ្ទៃដីសរុបប្រហែល៩ហិកតាសោះ តើហេតុអ្វីក្រុមហ៊ុនទៅចាក់ដីលុបផ្ទៃអាងទឹកទាំងមូលរហូតដល់ជាង១២ហិកតាទៅវិញ? តើអាងទឹកដងទង់នរណាខ្លះជាអ្នកលួចលក់ឱ្យឈ្មួញសេងសម្បត្តិ? តើនរណាចេញច្បាប់ឱ្យចាក់ដីសាងសង់លក់បុរីខ្យល់? តើហេតុអ្វីឈ្មួញដឹកដីចាក់លុបអាងទឹកកក្រើកស្រុកដងទង់អាជ្ញាធរមិនមានវិធានការសោះអញ្ចឹង? តើហេតុអ្វីគ្មានអ្នកឆ្លើយតបចំពោះសំណួរទាំងអស់នេះអញ្ចឹង?។

រឿងមន្ត្រីពាក់ព័ន្ធលួចលក់អាងទឹកដងទង់នេះធ្វើឱ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋយ៉ាងតិច២៩គ្រួសារនេះ មិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបារម្ភពីទឹកជំនន់លិចភូមិដោយគ្មានកន្លែងដោះទឹកនោះ។ ក្រុមមន្ត្រីទាំងនោះបាននាំគ្នានិយាយបិទបាំងការពិត និងធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខេត្ត និង ក្រសួងថា កន្លែងអាងទឹកដងទង់ ជាដីស្រែគឺដើម្បីតែផលប្រយោជន៍បក្ខពួកពុករលួយ។

សាក្សីម្នាក់សុំមិនបញ្ចេញឈ្មោះ និងជាអតីតមន្ត្រីបម្រើការងារជាមួយលោក ហៃ សូន អតីតអភិបាលស្រុកដងទង់ លើកឡើងថាកាលពីអំឡុងឆ្នាំ១៩៨៦ កើតស្រុកដងទង់ ថ្មីលោក ហៃ សូន បានបញ្ជាឱ្យមេឃុំកែនប្រមូលប្រជាជនមកជីកទំនប់ ដើម្បីទប់ទឹកសម្រាប់អ្នកស្រុកប្រើប្រាស់។ ពីព្រោះតំបន់នោះជាកន្លែងខ្សត់ទឹកប្រើប្រាស់ គ្មានប្រភពទឹកហូរឆ្លងកាត់ ហើយក៏ជាកន្លែងលេនដ្ឋាន នៃភូមិសាស្ត្រការពារស្រុកផងដែរ។ ការខិតខំបកស្រាយបង្វែងដានយកត្រូវពីសំណាក់លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានលើកឡើងថា អាងទឹកដងទង់ ពុំមានសំណង់ដោះទឹកទេ ដំបូង ឡើយ នៅកន្លែងផ្ទៃអាងដែលមានទឹកដក់ជ្រៅនោះ បើតាមលោកធ្លាប់វាស់វែងកន្លងមកតាមប្រព័ន្ធហ្គូហ្គល មានទំហំប្រហែលជាង២ហិកតាតែប៉ុណ្ណោះ។ អាងទឹកនេះពុំមានចរិតលក្ខណៈជាប្រព័ន្ធធារាសាស្ត្រទេព្រោះ វាមានទំហំតូច។

អាងទឹកដងទង់ កាលមិនទាន់ចាក់ដីលុបស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ លោកប្រធានមន្ទីរក៏មិនបានជូនដំណឹងទៅក្រសួងធនធានទឹក អំពីការចុះបញ្ជីដីអាងទឹកជាសម្បត្តិរដ្ឋនោះដែរកន្លងមក។ ប៉ុន្តែកាលមន្ទីរសុរិយោដីខេត្តកំពត បានចុះវាស់វែងដីធ្លីឱ្យពលរដ្ឋនៅម្ដុំនោះ ក៏ចង់ចុះបញ្ជីដីអាងទឹកដងទង់ជាសម្បត្តិរដ្ឋ។ ប៉ុន្តែមានប្រជាជនមិនព្រមហើយខាងអាជ្ញាធរក៏បានចុះបញ្ជីដីនេះថា «ដីគ្មានទិន្នន័យ» នោះទៅ…។ ត្រង់ចំណុចដែលគេថា «ដីគ្មានទិន្នន័យ» នេះហើយទើបធ្វើឱ្យពួកមន្ត្រីខិលខូចទាំងនោះលួចលក់ដីរដ្ឋ «អាងទឹកដងទង់» បានដោយជោគជ័យ។

លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូល គ្រាន់តែឮថាអ្នកកាសែតចុចបិទតែម្តង បើទោះបីជាព្យាយាមទូរស័ព្ទចូលជាច្រើនដងក៏លែងលើកទូរស័ព្ទ។

ចំណែក លោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លីមិនធ្វើអត្ថាធិប្បាយទេ ដោយឲ្យសួរទៅអ្នកនាំពាក្យរដ្ឋបាលខេត្ត។

ទាក់ទងការចោទប្រកាន់មន្ត្រីខេត្តកំពតមួយចំនួនឃុបឃិតគ្នាលក់អាងទឹកដងទង់ ត្រូវអ្នកនាំពាក្យរដ្ឋបាលខេត្តកំពតបានបញ្ជាក់នៅល្ងាចថ្ងៃទី៣០ ខែកញ្ញានេះថា “ខ្ញុំទទួល ព័ត៌មាននឹងមិនច្បាស់លាស់ទេ គ្រាន់តែក្នុងនាម ជាអភិបាលរង ទទួលបន្ទុកព័ត៌មាន ដឹងតែពីរឿងអ្វីដែលជាការពិតយើងនិយាយការពិត តែមិនដឹងរឿងយើងមិនអាចនិយាយបានទេ រឿងនឹងពិតឬមិនពិតយ៉ាងម៉េចយើងមិនដឹង”។

ក្រុមហ៊ុន សេង សម្បត្តិ បានចាក់ដីលុបអាងទឹកដងទង់ រីឯកឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ពាក់ព័ន្ធរឿងនេះ សំណើរបស់ប្រជាពលរដ្ឋ១៨គ្រួសារ ដែលក្នុងនោះមាន ៣០នាក់ ដែលស្នើសុំប័ណ្ណកម្មសិទ្ធិហើយសំណើនេះតាំងពីឆ្នាំ២០២០ ហើយត្រង់ថា ប្រជាពលរដ្ឋលក់បន្តទៅឲ្យក្រុមយ៉ាងម៉េច គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែរដ្ឋបាល និងរដ្ឋអំណាចធ្វើ តាមនីតិវិធីមិនអាចធ្វើខុសនីតិវិធីបានទេ។ ឯកឧត្តមបានបញ្ជាក់ថា“ការចោទ ប្រកាន់ណាមួយជាការលើកឡើងរបស់បុគ្គលធម្មតា ការអភិវឌ្ឍន៍ត្រូវតែមានច្បាប់មានទម្លាប់ ប៉ុន្តែជួនកាលអាចធ្វើមុនច្បាប់តិចតួច ហើយច្បាប់ធ្វើតាមក្រោយសម្របសម្រួលអ៊ីចឹង វាមានអ៊ីចឹងដែរ។ ហើយដំណោះស្រាយអស់នឹងវានឹងចប់នៅពេលខាងមុខ មានប្រជាពលរដ្ឋ៤គ្រួសារចេះតែទាមទារថា ខ្លួនមានដីនៅទីតាំងនឹងបានគាត់ចេះតែលើកពីនេះពីនោះអ៊ីចឹងទៅ”៕ https://youtu.be/jO_fIC2-jqU

Post a Comment

0 Comments