ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធើ្វការឆ្លើយតបបំភ្លឺពាក់ព័ន្ធនឹងគណនីហ្វេសបុកឈ្មោះ Chhm SokMeng Sell Stone



 ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធើ្វការឆ្លើយតបបំភ្លឺពាក់ព័ន្ធនឹងគណនីហ្វេសបុកឈ្មោះ Chhm SokMeng Sell Stone បានសំណូមពរក្នុងប្រអប់សារ គណនីហ្វេសបុកផ្លូវការលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដែលមានខ្លឹមសារថា ៖ នាងខ្ញុំឈ្មោះ ឈឿន ម៉ានី ភេទស្រី ដែលរស់នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជំរាបសួរលោកស្នងការនាងខ្ញុំឆ្ងល់ថាបណ្តឹងដែលនាងខ្ញុំប្តឹងលោកស្នងការជួយរកយុត្តិធម៌ រឿងគេប្រើហិង្សាដោយចេតនាមានទាំងអាវុធ មកលើនាងខ្ញុំនិងកូនហើយបានទាំងឃុំខ្លួនកូននាងខ្ញុំទៀតនិងបិទខ្ទប់ផ្ទះនាងខ្ញុំ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងរបស់របរលក់ដូរ ព្រមទាំងឡានជាច្រើនទៀត សូមលោកមេត្តាជួយឲ្យបានយុត្តិធម៌មកវិញផង។


ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកមុខកំពូលស្រាវជ្រាវបំភ្លឺករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកអធិការបានបញ្ជាឲ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ធ្វើការស្រាវជ្រាវបំភ្លឺដូចខាងក្រោម៖
***នៅក្នុងឆ្នាំ២០១៨ ឈ្មោះ ឈឿន ម៉ានី ហៅស្រីទូច បានយកប្លង់ដីផ្ទះឪពុករបស់ខ្លួនឈ្មោះ ឈឿន ប៊ុនឆាន ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ទៅដាក់បញ្ចាំនៅធនាគារABA យកប្រាក់ចំនួន ៤០០លានរៀល ដើម្បីទៅទិញគ្រឿងចក្រ រថយន្ត គ្រួស ខ្សាច់ ថ្ម បង្កើតដេប៉ូរកស៊ីលក់ដូរ ដោយបានទៅជួលដីវត្តបុប្ផារាមហៅវត្តព្រែកអញ្ចាញជាប់មាត់ទន្លេ ពីគណៈកម្មការអាចារ្យវត្តដើម្បីដាក់ទីតាំងរកស៊ី។

***រហូតដល់ឆ្នាំ២០២០ ទីតាំងដីវត្តដែលឈ្មោះឈឿន ម៉ានី ជួលនោះបានផុតកំណត់កិច្ចសន្យាជួល ពេលនោះគណៈកម្មការ អាចារ្យវត្តនិងប្រជាពលរដ្ឋចំណុះជើងវត្តបានបញ្ឈប់ការជួលទីតាំងដីខាងលើ រួចក៏ឲ្យឈ្មោះ ឈឿន ម៉ានី ដឹកគ្រឿងចក្រនិងសម្ភារសំណង់ចេញពីទីតាំងនោះ តែឈ្មោះ ឈឿន ម៉ានី មិនព្រមដឹកគ្រឿងចក្រនិងសម្ភារសំណង់ចេញពីទីតាំងនោះទេ នៅតែបន្តធ្វើអាជីវកម្មដដែល បន្ទាប់មកគណៈកម្មការនិងអាចារ្យវត្តបានដាក់ពាក្យស្នើសុំមករដ្ឋបាលស្រុកមុខកំពូលដើម្បីជួយអន្តរាគមន៍ ក្រោយពីមានការសម្របសម្រួលនៅរដ្ឋបាលស្រុក ឈ្មោះ ឈឿន ម៉ានី នៅតែមិនព្រមដឹកគ្រឿងចក្រនិងសម្ភារសំណង់ទាំងនោះចេញពីទីតាំងខាងលើដដែល។ ក្រោយមកទៀតគណៈកម្មការ អាចារ្យនិងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៦ ចំណុចខ្លោងទ្វារវត្តដើម្បីឱ្យឈ្មោះឈឿន ម៉ានី ដឹកគ្រឿងចក្រនិងសម្ភារសំណង់ចេញពីទីតាំងជួលដីខាងលើ ក្នុងពេលនោះឯកឧត្តមអភិបាលខេត្តកណ្ដាលបានចុះមកសម្របសម្រួលករណីខាងលើ ដោយបានទុករយៈពេលមួយសប្តាហ៍ដើម្បីឲ្យឈ្មោះ ឈឿន ម៉ានី ដឹកគ្រឿងចក្រនិងសម្ភារសំណង់ទាំងនោះចេញពីទីតាំងដីខាងលើអោយអស់។ បន្ទាប់មកឈ្មោះ ឈឿន ម៉ានី ក៏បានដឹកគ្រឿងចក្រនិងសម្ភារសំណង់របស់ខ្លួនទាំងនោះទៅទុកនៅដីផ្ទះឪពុករបស់ខ្លួន ឈ្មោះ ឈឿន ប៊ុនឆាន នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ មួយចំនួន និងមួយចំនួនទៀតទុកនៅដីរបស់ខ្លួន ស្ថិតនៅខាងលិចភូមិព្រែកតាបែន រហូតមកដល់សព្វថ្ងៃ តែខ្លួននៅចេញចូលផ្ទះឪពុកម្ដងកាលជាធម្មតា។

***ចំពោះប្រាក់ដែលឈ្មោះ ឈឿន ម៉ានី បានខ្ចីពីធនាគារនោះក្រោយពីរយៈពេលមួយឆ្នាំមក ខ្លួនមិនទទួលខុសត្រូវគឺទុកឲ្យឪពុករបស់ខ្លួនជាអ្នកទទួលខុសត្រូវបង់សងធនាគារបន្ត ហើយឈ្មោះ ឈឿន ម៉ានី តែងតែមានបញ្ហាជាមួយឪពុកម្ដាយ និងបងប្អូនជាញឹកញាប់។

***រហូតមកដល់ថ្ងៃទី០៦.០៩.២០២១ ឈ្មោះឈឿន ម៉ានី បានទៅដឹកគ្រឿងចក្រនិងសម្ភារសំណង់ ចេញពីផ្ទះឪពុករបស់ខ្លួន តែឪពុករបស់ខ្លួនមិនឲ្យដឹកចេញ ដោយប្រាប់ថាទុកគ្រឿងចក្រ និងសម្ភារនេះទូទាត់ប្រាក់ជាមួយធនាគារ ពេលនោះឈ្មោះ ឈឿន ម៉ានី ក៏បានយកសោរចំនួន០២ ទៅចាក់ទ្វាររបងផ្ទះឪពុករបស់ខ្លួនពីក្រៅ មិនឱ្យឪពុកម្ដាយ និងបងប្អូនចេញចូល ឃើញដូច្នេះឪពុករបស់ខ្លួនឈ្មោះឈឿន ប៊ុនឆាន ក៏បានយកសោរចំនួន០១ទៀតទៅចាក់ទ្វាររបងនោះបន្ថែម ពេលនោះឈ្មោះ ឈឿន ម៉ានី បានទូរស័ព្ទមកសមត្ថកិច្ចយើងឲ្យទៅជួយអន្តរាគមន៍ ឲ្យឪពុករបស់ខ្លួនចាក់សោរមកវិញដើម្បីឲ្យខ្លួនដឹកគ្រឿងចក្រនិងសម្ភារសំណង់ចេញពីផ្ទះនោះ បន្ទាប់មកសមត្ថកិច្ចយើងក៏ទៅសម្របសម្រួលជាមួយឈ្មោះ ឈឿន ប៊ុនឆាន តែឈ្មោះ ឈឿន ប៊ុនឆាន និងកូនៗផ្សេងទៀតមិនអនុញ្ញាតឲ្យឈ្មោះឈឿន ម៉ានី ដឹកគ្រឿងចក្រនិងសម្ភារសំណង់នោះចេញទេ ហើយសមត្ថកិច្ចយើងក៏បានប្រាប់ទៅឈ្មោះ ឈឿន ម៉ានីថា: ចាំអញ្ជើញគាត់មកសម្របសម្រួលគ្នានៅអធិការដ្ឋាន លុះដល់វេលាម៉ោង១៦.៣០នាទី ឈ្មោះ ឈឿន ម៉ានី ក៏បានឱ្យឈ្មោះ ពេជ្រ ដែលជាកម្មកររបស់ខ្លួន ទៅកាត់សោរទ្វាររបងដែលឪពុករបស់ខ្លួនចាក់នោះ ចូលទៅដឹកគ្រឿងចក្រនិងសម្ភារសំណង់ចេញ ពេលនោះឈ្មោះ ឈឿន វណ្ណេត ភេទប្រុស ដែលត្រូវជាបងបង្កើតរបស់ឈ្មោះ ឈឿន ម៉ានី បានមករារាំង មិនឲ្យឈ្មោះ ឈឿន ម៉ានី ដឹកគ្រឿងចក្រនិងសម្ភារសំណង់នោះចេញពីផ្ទះ ក៏មានការប្រតាយប្រតប់គ្នាក្នុងពេលនោះ ហើយសមត្ថកិច្ចយើងក៏បានចុះទៅទប់ស្កាត់ បន្ទាប់មកឈ្មោះ ឈឿន ម៉ានី និងឪពុករបស់ខ្លួនឈ្មោះ ឈឿន ប៊ុនឆាន បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុករៀងៗខ្លួន។

***លុះនៅថ្ងៃទី០៧.០៩.២០២១ វេលាម៉ោង១៧.១៥នាទីឈ្មោះ ឈឿន ម៉ានី បានទូរស័ព្ទមកសមត្ថកិច្ចយើងឱ្យចុះទៅប្រាប់ឈ្មោះឈឿន ប៊ុនឆាន ចាក់សោររបងផ្ទះដើម្បីឲ្យខ្លួនយកគ្រឿងចក្រនិងសម្ភារសំណង់ចេញ សមត្ថកិច្ចយើងក៏បានប្រាប់ទៅឈ្មោះ ឈឿន ម៉ានី វិញថា មិនអាចធ្វើតាមបញ្ជារបស់ខ្លួនបានទេ រង់ចាំថ្ងៃស្អែក ចាំហៅគាត់មកសម្របសម្រួលគ្នានៅអធិការដ្ឋាន ព្រោះពេលនេះល្ងាចហើយ តែឈ្មោះ ឈឿន ម៉ានី នៅតែទូរស័ព្ទមកសមត្ថកិច្ចយើងមិនឈប់ ឲ្យទៅប្រាប់ឈ្មោះ ឈឿន ប៊ុនឆាន ទោះជាយប់ក៏ដោយ ក៏ត្រូវតែយកសម្ភារនោះចេញដែរ។

***លុះដល់ថ្ងៃទី០៨.០៩.២០២១ សមត្ថកិច្ចយើងបានទំនាក់ទំនងឲ្យឈ្មោះ ឈឿន ប៊ុនឆាន មកអធិការដ្ឋានគរបាលស្រុកដើម្បីធ្វើការសម្របសម្រួលជាមួយឈ្មោះ ឈឿន ម៉ានី តែឈ្មោះ ឈឿន ប៊ុនឆាន មិនបានចូលមកធ្វើការសម្របសម្រួលទេ។

***ករណីនេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល។

អាស្រ័យហតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

Post a Comment

0 Comments