មនុស្សចំនួន០២នាក់និងម្នាក់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តនៅស្តុបក្បាលថ្នល់កែងនិងផ្លូវ៦០ម៉ែត្រ



រាជធានីភ្នំពេញ៖  បុរសចំនួន០២នាក់ស្លាប់និងបុរសម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបុកជាមួយរថយន្ត Lexus470 នៅម៉ោង១២:៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅស្តុបក្បាលថ្នល់ ផ្លូវ២៧១កែងនឹងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពបានប្រាប់ថា រថយន្ត Lexus470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-9007 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស បត់ស្តាំដៃ ឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ១គ្រឿងម៉ាក Honda Click ពណ៌សខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1GB-7899 ជិះគ្នាចំនួន០៣នាក់ ជាមនុស្សប្រុសទាំងអស់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ក៏បានបុកជាមួយរយន្ត យ៉ាងពេញទំហឹង បណ្តាលអោយបុរសចំនួន០២នាក់ស្លាប់ និង បុរសម្នាក់ទៀតរងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ

ជនរងគ្រោះមានឈ្មោះ ឆេង វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អ្នករៀបចំឆាកនៅស្ថានីយ៍ទូរទស្សន៍បាយ័ន្ត មានស្រុកកំណើតឃុំជ្រៃ ស្រុកមោងពិសី ខេត្តបាត់ដំបង (ស្លាប់)  និង ម្នាក់ទៀតមានឈ្មោះ ហុឹន  វុត្ថា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅ ឃុំទ្រា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ស្លាប់)  ចំណែកអ្នករងរបួស នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ចំពោះអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ ក្រោយកើតហេតុរត់គេចខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណដែរ ។

បច្ចុប្បន្នអ្នកបើកបរនិងវត្ថុតាង ត្រូវកម្លាំងនគរបាលជំនាញឃាត់ខ្លួនបណ្តោះ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Post a Comment

0 Comments