ពស់ប្រមោយដំរី (មិនមែនពស់ត្បាល់ទេ)



ឈ្មោះខ្មែរ ៖ ពស់ប្រមោយដំរី (មិនមែនពស់ត្បាល់ទេ) 

ឈ្មោះវិទ្យាសាស្ត្រ ៖ Acrochordus javanicus

ឈ្មោះផ្សេងទៀត ៖ Wart snakes, Java wart snakes, file snakes, elephant trunk


      ពស់ប្រមោយដំរី  ជាអំបូរពស់រស់ក្នុងទឹកដែលភាគច្រើនយើងអាចឃើញវារស់នៅតាមតំបន់ទំនាប តាមដងទន្លេ បឹង ពិសេសតំបន់ទឹកសាបលាយទឹកប្រៃ ជិតសមុទ្រ ក្នុងព្រៃកោងកាង ! វាជាប្រភេទពស់ដែលគ្មានពិសនោះទេ ហើយវាមានវត្តមាននៅតាមបណ្តាប្រទេសអាសុីអាគ្នេយ៍យើងមានដូចជា ៖ ឥណ្ឌូណេស៊ី , ម៉ាលេសុី , ថៃ , កម្ពុជា និង វៀតណាម ! ហើយវាជាប្រភេទពស់កម្រឃើញ និងរងគ្រោះពីការជួយដូរផងដែរ ដោយសារតែគេទិញយកស្បែករបស់វាក្នុងតម្លៃថ្លៃ សត្វពស់ប្រមោយដំរីរាប់ពាន់ក្បាលត្រូវបានគេសម្លាប់យ៉ាងច្រើនក្នុងមួយឆ្នាំៗ ព្រោះតែដើម្បីយកស្បែករបស់វាមកធ្វើជាវត្ថុធាតុដើមក្នុងរោងចក្រ និងមួយចំនែកទៀតគេក៏យកសាច់របស់វាផងដែរ ! ដោយសារតែអត្រាចំនួនពួកវាមាននៅក្នុងព្រៃច្រើនទើបគេមិនឃើញមានឈ្មោះរបស់ពួកវានៅក្នុងបញ្ជីសត្វដែលជិតផុតពូជ ! 


     ពស់ប្រមោយដំរីជាទូទៅមានប្រវែងខ្លួនប្រហែល ២ម ទៅ ២.៥០ម និងសត្វពស់ញីអាចមានទំហំធំជាងអាឈ្មោល ៣ ទៅ ៤ដង ឯណោះ ! ពស់ប្រមោយដំរី ច្រើនមានក្បាលសំប៉ែត្រ មានពណ៌លឿងស្រាល នៅតាមបណ្តោយចំហៀងខ្លួនរបស់វា ! ពស់នេះមានស្បែកយា និងមានស្រកាដូចបន្លា តូចៗល្អិត ដែលជា ឧបករណ៍សម្រាប់ការពារខ្លួនរបស់វាពីការប្រមាញ់របស់សត្វដ៏ទៃ ! ពស់ប្រមោយដំរីប្រមាញ់ចំណីដោយការលាក់ខ្លួន និងឆ្មក់ចាប់តែម្តង ដូច្នេះហើយ ភាគច្រើនសត្វដែលជាចំណីរបស់វា ៨០% ពុំងាយរត់រួចឡើយ ! 


    ពស់ប្រមោយដំរីជាសត្វពស់ដែលសុីសាច់ជាអាហារ វាសុី ត្រី និង ពួកសត្វល្មូនជាអាហារ ! ហើយវាចេញរកសុីតែពេលយប់ទេ ភាគច្រើនពស់នេះវាចំណាយពេលនៅក្នុងទឹកច្រើនជាង លើគោកក្នុងមួយជីវិតរបស់វា ដោយសារតែនៅក្នុងទឹកវាមានភាពងាយស្រួលក្នុងការបំលាស់ទីជាងលើគោកព្រោះស្បែករបស់វាមានលក្ខណៈយា ដែលពិបាកក្នុងការបំលាស់ទីនៅលើគោក ! ពស់ប្រមោយដំរីអាចច្រមុជទឹកម្តងរយៈពេល ៤០នាទី ហើយឡើងមកលើទឹកម្តងនៅពេលដែលសួតរបស់វាអស់ខ្យល់ !


  ពស់ប្រមោយដំរីថ្វីត្បិតតែគ្មានពិស ប៉ុន្តែអ្នកដែលត្រូវវាខាំអាចមានការឈឺចាប់ខ្លាំង ព្រោះចង្កូមរបស់វាមុតសណ្តកជាប់ទៅក្នុងសាច់ ! ពស់ប្រមោយដំរីជាសត្វពស់ដែលខុសគេ គឺវាពុំបញ្ចេញស៊ុតរបស់វាមកក្រៅដូចសត្វពស់ដ៏ទៃទេ ផ្ទុកទៅវិញ សត្វពស់ញីរក្សាស៊ុតរបស់វានៅក្នុងខ្លួនរហូតដល់ញាស់ទើបបញ្ចេញមកក្រៅ សត្វពស់ញីមួយក្បាលអាចបង្កើតកូនបាន ចន្លោះពី ៦ ទៅ ១៧ក្បាល ក្នុងរយៈពេល ៥ ទៅ ៦ខែ ! ហើយវាមានវដ្តជីវិត តែ ៥ ទៅ ៦ឆ្នាំប៉ុន្នោះ ។

Post a Comment

0 Comments