គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

តួនាទីនិងភារកិច្ចចៅក្រម_ព្រះរាជអាជ្ញា


#តួនាទីនិងភារកិច្ចចៅក្រម_ព្រះរាជអាជ្ញា


ជំពួកទី១

 តួនាទី និងភារកិច្ចរបស់ព្រះរាជអាជ្ញា 

I. លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញា

១.១ ជំនាញវិជ្ជាជីវៈ

១.២ ការជ្រើសរើស

១.៣ ការបណ្ដុះបណ្ដាល

១.៤ ការតែងតាំង


II. រចនាសម្ព័ន្ធ

២.១ ការគ្រប់គ្រង

២.២ ហិរញ្ញវត្ថុ


III. តួនាទី និងភារកិច្ចរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង

៣.១ ទទួលពាក្យបណ្ដឹង

៣.២ បើកការស៊ើបសួរ


 IV. អំណាច

៤.១ ការតម្កល់រឿងទុកឥតចាត់ការ

៤.២ សេចក្ដីសម្រេចក្នុងការចោទប្រកាន់

ក-ការបើកការស៊ើបសួរ

ខ-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់


V. មុខងារអង្គការអយ្យការ

៥.១ មុខងាររបស់អយ្យការនៅក្នុងរឿងព្រហ្មទណ្ឌ 

៥.២ មុខងារនៅក្នុងការអនុវត្តន៍សាលក្រម

ក-សាលក្រមស្ថាពរចំពោះមុខ

ខ-សាលក្រមកំបាំងមុខ


ជំពូកទី២

 តួនាទី និងភារកិច្ចរបស់ចៅក្រមស៊ើបសួរ 


I. លក្ខណៈសម្បត្តិរបស់ចៅក្រម 

១.១ជំនាញវិជ្ជាជីវៈ 

១.២ ការជ្រើសរើស 

១.៣ ការបណ្ដុះបណ្ដាល 

១.៤ ការតែងតាំង 


II. រចនាសម្ព័ន្ធ 

២.១ ការគ្រប់គ្រងរដ្ឋបាល 

២.២ ហិរញ្ញវត្ថុ 


III. ចៅក្រមស៊ើបសួរ 

៣.១ សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ


IV. តួនាទីរបស់ចៅក្រមស៊ើបសួរ 

៤.១ ទទួលពាក្យបណ្ដឹង 

៤.២ បើការស៊ើបសួរ 

 ក-ដីកាដំណោះស្រាយ 

ខ-បញ្ជូនទៅជំនុំជម្រះ 


ជំពូកទី៣

 តួនាទី និងភារកិច្ចរបស់ចៅក្រមជំនុំជម្រះ 

I. ចៅក្រមជំនុំជម្រះ 

១.១ សមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ

II. តួនាទីរបស់ចៅក្រមជំនុំជម្រះ 

២.១ ទទួលពាក្យបណ្ដឹង 

២.២ សវនាការ 

២.៣ សេចក្ដីសម្រេចរបស់តុលាការ 


III. បណ្ដឹងទាស់អំពីសាលក្រម 

៣.១ បណ្ដឹងទាស់ 

៣.២ បណ្ដឹងឧទ្ធរណ៍ 

៣.៣ អានុភាពនៃសាលក្រមចូលជាស្ថាពរ 

 ក-ការបិតផ្លូវតវ៉ា 

 ខ-អានុភាពអនុវត្ត 

 គ-អាជ្ញាអស់ជំនុំ 


ជំពូកទី១

តួនាទី និងភារកិច្ចរបស់ព្រះរាជអាជ្ញា

 I. លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញា 

១.១ ជំនាញវិជ្ជាជីវៈ


 ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរក បទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការ ស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម ។ អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។ 


១.២ ការជ្រើសរើស

 ការជ្រើសរើស និងការបណ្ដុះបណ្ដាលព្រះរាជអាជ្ញា ត្រូវអនុវត្តរួមគ្នាជាមួយនឹងការបណ្ដុះបណ្ដាលចៅក្រម ។ យោងតាមគោលការណ៍ណែនាំស្ដីពី តួនាទីរបស់ព្រះរាជអាជ្ញា រដ្ឋត្រូវធានាថា បុគ្គលដែលត្រូវបានជ្រើសរើសឱ្យធ្វើជាព្រះរាជអាជ្ញាត្រូវតែ ជាបុគ្គលដែលមានសុចរិត មានសមត្ថភាពមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានគុណសម្បត្តិ ។ 


១.៣ ការបណ្ដុះបណ្ដាល

 ដូចគ្នាជាមួយនឹងចៅក្រមដែរ មុននឹងក្លាយជាព្រះរាជអាជ្ញា គឺត្រូវបណ្ដុះបណ្ដាលបឋមខាងវិជ្ជាជីវៈដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។ 

១.៤ ការតែងតាំង 

សិស្សព្រះរាជអាជ្ញា ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាព្រះរាជអាជ្ញាកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ ។ បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌព្រះរាជអាជ្ញា និងមានឋានន្ដរសក្តិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ។ 


II. រចនាសម្ព័ន្ទ 


 ព្រះរាជអាជ្ញាអមសាលាដំបូង មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញារង អមសាលាដំបូងទាំងអស់មានឋានន្ដរសក្ដិជាវរៈព្រះរាជអាជ្ញា ឬអនុព្រះរាជអាជ្ញាឡើងទៅ។ នៅអមសាលាដំបូងរាជធានីខេត្ត ត្រូវមានអង្គការអយ្យការមួយ ហៅថា “អយ្យការអមសាលាដំបូង”។ 

អយ្យការអមសាលាដំបូង ត្រូវដឹកនាំដោយព្រះរាជអាជ្ញា ១រូប និងអមដោយព្រះរាជអាជ្ញារងមួយចំនួនតាមការចាំបាច់។ 

ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូង ជាតំណាងអយ្យការអមសាលាដំបូងដែលខ្លួនបំពេញការងារ។ 

 សមាសភាពអយ្យការអមសាលាដំបូងមាន៖ 

 -ព្រះរាជអាជ្ញា 

 -ព្រះរាជអាជ្ញារង 

 -ក្រឡាបញ្ជី 

-មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។ 


២.១ ការគ្រប់គ្រង 

ចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមដែលរួមមាន ៖ 

-រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការ ហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់ ។ 

-អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ជាសេនាធិការឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លើកិច្ចការនេះ។ 

-អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល គឺជានាយឋានានុក្រមនៃមហាអយ្យការអមតុលាការកំពូល។

 -ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញាដែលជានាយឋានានុក្រមរបស់ខ្លួន។ 

-អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ គឺជានាយឋានានុក្រមនៃមហាអយ្យការអមសាលាឧទ្ធរណ៍។ 

-ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។

 -ព្រះរាជអាជ្ញាអមសាលាដំបូង គឺជានាយឋានានុក្រមនៃអយ្យការអមសាលាដំបូង។ ព្រះរាជអាជ្ញាទាំងអស់នៃអយ្យការអមសាលាដំបូង ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់ព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។ 


២.២ ហិរញ្ញវត្ថុ

 សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។

ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ជាអាណាប័កទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។ ការគ្រប់គ្រង និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។ 


III. តួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង

 ៣.១ ទទួលពាក្យបណ្ដឹង

 ព្រះរាជអាជ្ញា ទទួលបណ្ដឹងទាមទារ ឬបរិហារ ពី៖ 

-នគរបាលយុត្តិធម៌ 

-ជនរងគ្រោះ 


ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្ដឹង និងពាក្យបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្ដីនគរបាលយុត្តិធម៌បញ្ជូនមក ។ 


៣.២ បើកការស៊ើបសួរ

 នៅពេលព្រះរាជអាជ្ញា ទទួលពាក្យបណ្ដឹងទាមទារ ឬបណ្ដឹងបរិហារ ដែលខ្លួនបានទទួលតាមរយៈមន្រ្ដីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាត្រូវចុះ ឬបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាមួយឱ្យចុះពាក្យបណ្ដឹងក្នុងបញ្ជីនៃពាក្យបណ្ដឹងជាបន្ទាន់ ទោះជាបទល្មើសជាក់ស្ដែងក្ដីឬមិនជាក់ស្ដែងក្ដី វាខុសគ្នាត្រង់ថា មានខ្លួនជនជាប់សង្ស័យ ឬគ្មាន ។ 

បើសិនជាបទល្មើសជាក់ស្ដែងមានខ្លួនជនជាប់សង្ស័យព្រះរាជអាជ្ញាអាចសួរចម្លើយបាន ដោយគាត់អាចបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាម្នាក់ សួរនាំយកចម្លើយជំនួសខ្លួន ហើយព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដោយចុះលេខពិសេស ហើយបញ្ជូនទៅប្រធានតុលាការ ដើម្បីចាត់ចៅក្រមស៊ើបសួរ ។ 

បើសិនគ្មានជនជាប់សង្ស័យទេ ក្រោយពីទទួលសំណុំរឿងពីមន្រ្ដីនគរបាលយុត្តិធម៌មកនោះ ព្រះរាជអាជ្ញា ត្រូវធ្វើការស៊ើបសង្គេតបឋមរកវិមតិសង្ស័យតទៅទៀតនូវតម្រុយចំណុចត្រង់ណាដែសង្ស័យ ដើម្បីធ្វើការចោទប្រកាន់ដោយសាកសួរ ដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះ ឬសាក្សី ។

 ការផ្ដើមចោទប្រកាន់មិនទាន់ស្ថាពរទេ ហើយធ្វើការផ្ដើមចោទប្រកាន់ដោយតម្រុយទៅចៅក្រមស៊ើបសួរ ។ កាលណាបានដឹងអំពីអំពើដែលអាចជាបទឧក្រិដ្ឋ បទជ្ឈឹម ឬបទលហុ មន្រ្ដីនគរបាលយុត្តិធម៌ អាចធ្វើការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា។


 IV. អំណាច

 ៤.១ ការតម្កល់រឿងទុកឥតចាត់ការ 

ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា អំពើដែលគេប្ដឹងមកមិនមែនជាបទល្មើសព្រហ្មទណ្ឌ ឬគ្មានភស្ដុតាងណាមួយឱ្យជឿថា ពិតជាមានបទល្មើសកើតឡើងមែននោះ មានន័យថា អំពើប្រព្រឹត្តមិនមែនជាបទឧក្រឹដ្ឋ បទមជ្ឈិម ឬបទលហុ ដែលច្បាប់កំណត់ផ្ដន្ទាទោស ឬក៏គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើការចោទប្រកាន់ ឬគ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទដូច្នេះព្រះរាជអាជ្ញានឹងចេញដីកាតម្កល់រឿងទុកឥតចាត់ការ ដោយមានសំអាងច្បាប់ និងសំអាងហេតុ។ ទោះជាយ៉ាងណាក្ដី សេចក្ដីសម្រេចនេះពុំមានអាជ្ញាអស់ជំនុំទេដោយព្រះរាជអាជ្ញា អាចរើកែប្រែសេចក្ដីសម្រេចរបស់ខ្លួនវិញ នៅពេលដែលបណ្ដឹងអាជ្ញាមិនទានរលត់។ សូមបញ្ជាក់ថាផងដែថា ព្រះរាជអាជ្ញា អាចធ្វើការរំលត់បណ្ដឹងអាជ្ញាបានដែរ ក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ ៖ 

-មរណភាពនៃជនល្មើស 

-ការផុតអាជ្ញាយុកាល 

-ការលើកលែងទោសជាទូទៅ 

-អាជ្ញាអស់ជំនុំ។ 


៤.២ សេចក្ដីសម្រេចក្នុងការចោទប្រកាន់

 នៅពេលដែលមានភស្ដុតាងធួនល្មមអាចជឿបានថា ជនសង្ស័យអាចនឹងប្រព្រឹត្តអំពើដែលគេប្ដឹងមកនោះមែន ព្រះរាជអាជ្ញានឹងចាប់ផ្ដើមធ្វើការចោទប្រកាន់។ 

ដោយឡែកការផ្ដើមចោទប្រកាន់មានច្រើនសណ្ឋានក្នុងករណីមន្រ្ដីរាជការណាម្នាក់ត្រូវបានតុលាការចោទប្រកាន់ព្រះរាជអាជ្ញាត្រូវជូនដំណឹងអំពីការចោទប្រកាន់នោះទៅប្រធានស្ថាប័នសាមីក្នុងរយៈពេល៧២ម៉ោងយ៉ាងយូ។ 

ទាក់ទងទៅនឹងអនីតិជនដែលជាជនជាប់សង្ស័យ សេចក្ដីណែនាំអំពីការអនុវត្តន៍គោលការណ៍នានាក្នុងច្បាប់ជាតិ និងអន្ដរជាតិដែលកំពុងនៅជាធរមានទាក់ទងនឹងយុត្តិធម៌អនីតិជនចេញដោយរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៩ បានកំណត់ថា “ប្រសិនបើមានភាពមិនច្បាស់លាស់អំពីអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ ព្រះរាជអាជ្ញាគប្បីធ្វើការស៊ើបអង្គេតបន្ថែមដើម្បីស្វែងរកការពិតនៃអាយុរបស់អនីតិជនដែលជាប់សង្ស័យនោះ “។


 ក-បើកការស៊ើបសួរ

 ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ។ 

ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ពោលគឺ៖ 

-សេចក្ដីសង្ខេបនៃអង្គហេតុ 

-ការកំណត់ឈ្មោះបទល្មើស 

-ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស 

-ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន (ក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់

 -ជនជាប់ចោទជានីតិជន -រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។


 ខ-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់

 ក្នុងករណីនេះ ព្រះរាជអាជ្ញា ចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ហើយការបញ្ជូនទៅជំនុំជម្រះផ្ទាល់នេះអាចធ្វើបានតែចំពោះបទល្មើសមជ្ឈិមជាក់ស្ដែង និងបទល្មើសលហុតែប៉ុណ្ណោះ ។ 

គ-នីតិវិធីបង្ហាញខ្លួនភ្លាម ប្រសិនបើលក្ខខណ្ឌនៃមាត្រ ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានបំពេញ ព្រះរាជអាជ្ញាអាចប្រើប្រាស់នីតិវិធីនេះបាន ដោយគ្រាន់តែធ្វើកំណត់ហេតុប៉ុណ្ណោះ ពុំមានចេញដីកាសន្និដ្ឋានអ្វីទេ ។ លក្ខខណ្ឌដែលអាចឱ្យប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភ្លាមបាន មានដូចជា 

-បទមជ្ឈិមជាក់ស្ដែង 

 -បទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិ១ឆ្នាំ និងយ៉ាងច្រើន៥ឆ្នាំ ។

 ហេតុនេះប្រសិនបើជនល្មើសត្រូវចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នីតិវិធីនៃការបង្ហាញខ្លួនភ្លាមមិនអាចយកមកប្រើបានឡើយ ។ 

 -ជនជាប់ចោទជានីតិជន 

-រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមអាចជំនុំជម្រះបាន ។ 


V. មុខងារអង្គការអយ្យការ 

៥.១ មុខងាររបស់អយ្យការ

នៅក្នុងរឿងព្រហ្មទណ្ឌ យោងតាមមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា” ។ 

យោងមាត្រា ៥កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣ បានចែងថាក្នុងរឿងព្រហ្មទណ្ឌក្រុមអយ្យការជាម្ចាស់នៃបណ្ដឹងអាជ្ញា និងធ្វើការសន្និដ្ឋានទោសដោយតាំងខ្លួនជាគូក្ដីដើមជាដរាប។ 

យោងមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ បានចែងបន្ថែមទៀតថា បណ្ដឹងអាជ្ញា ត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌដើម្បីការពារ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម តាមរយៈការចោទប្រកាន់ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់។ 

យោងមាត្រា ៨ កថាខណ្ឌ ៤ នៃសេចក្ដីព្រាងច្បាប់រៀបចំអង្គការតុលាការ និងមាត្រា ២៧ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានចែងបញ្ជាក់ថា ព្រះរាជអាជ្ញាត្រូវតែមានវត្តមាននៅគ្រប់សវនាការទាំងអស់នៃរឿងក្ដីព្រហ្មទណ្ឌ ដែលក្នុងរឿងក្ដីព្រហ្មទណ្ឌនេះព្រះរាជអាជ្ញាជាអ្នកប្ដឹងទៅតុលាការ ហើយត្រូវតែបង្ហាញឱ្យបានច្បាស់នូវអ្វីដែលខ្លួនបានចោទប្រកាន់។ ក្នុងពេលជំនុំជម្រះតំណាងអយ្យការត្រូវចូលរួម ជាចំបាច់ បើពុំដូច្នោះទេ តុលាការមិនអាចធ្វើការជំនុំជម្រះ ឬកាត់ទោសជនល្មើសបានឡើយ ។ ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យមានការអនុវត្តន៍ច្បាប់ ហើយព្រះរាជអាជ្ញា ក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌ និងសិទ្ធិធ្វើបណ្ដឹងអាជ្ញា សិទ្ធិអំណាចធ្វើការស៊ើបអង្គេតបឋមក្នុងករណីកើតមានបទល្មើស ឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្ដែង អំណាចធ្វើការចាប់ខ្លួន ការឃាត់ខ្លួន ចោទប្រកាន់ និងសិទ្ធិអំណាចច្រើនទៀតដែលច្បាប់បានផ្ដល់ឱ្យ ។ 


៥.២ មុខងារនៅក្នុងការអនុវត្តន៍សាលក្រម

 សាលក្រមចូលជាស្ថាពរ គឺមានន័យថាផុតរយៈពេលប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ហើយគឺមិនអាចធ្វើការកែប្រែបានឡើយ សូម្បីតែព្រះរាជអាជ្ញា ហើយតុលាការសាមីដែលចេញសាលក្រមនោះក៏មិនអាចកែប្រែសេចក្ដីសម្រេចរបស់ខ្លួនបានដែរ។ 

ចំពោះសាលក្រមព្រហ្មទណ្ឌ ដែលចូលជាស្ថាពរហើយតម្រូវឱ្យមានការដាក់ទោសជនសង្ស័យ ឬជនត្រូវចោទទោះបីមិនមានការស្នើសុំពីភាគីដើមបណ្ដឹង ក៏ព្រះរាជអាជ្ញាត្រវអនុវត្តភ្លាមដែរព្រោះគាត់ជាដើមបណ្ដឹងអាជ្ញា។ ការចុះអនុវត្តសាលក្រមនេះ ត្រូចបែងចែកជាពីរផ្នែក គឺ៖ 


ក-សាលក្រមស្ថាពរចំពោះមុខ

 ព្រះរាជអាជ្ញា ជាអ្នកអនុវត្តសាលក្រមដោយក្នុងករណីចាំបាច់ ព្រះរាចអាជ្ញា អាចកេណ្ឌកម្លាំងសាធារណៈបាន បើសាលក្រមស្ថាពរសម្រេចត្រូវផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ដូច្នេះព្រះរាជអាជ្ញា ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទដាក់ពន្ធនាគារតាមអំណាចរបស់សាលក្រម ។ 

ចំណាំ ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖ 

-ប្ដឹងទាស់ចំពោះសាលក្រមចំពោះមុខ 

-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមចំពោះមុខ 


ខ-សាលក្រមកំបាំងមុខ 

សាលក្រមកំបាំមុខក៏ជាអំណាចរបស់ព្រះរាជអាជ្ញាផងដែរ ក្នុងការអនុវត្តន៍សាលក្រមនេះ ហើយការអនុវត្តន៍សាលក្រមនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការអនុវត្តន៍សាលក្រមចំពោះមុខដែរ។ បន្ទាប់ពីទទួលសម្រង់សាលក្រមព្រហ្មទណ្ឌរួចមក ក្រឡាបញ្ជីត្រូវចុះហត្ថលេខាទទួលយកសម្រង់សាលក្រមនេះ ប្រសិនបើត្រូវផ្ដន្ទាទោសឱ្យដាក់ពន្ធនាគារនោះជាមួយសម្រង់សាលក្រមរបស់ចៅក្រមជំនុំជម្រះមកដាក់ពន្ធនាគារតាមសាលក្រម ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលគ្រប់ទីកន្លែងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស។

 ចំណាំ ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច៖ 

-ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ 

-ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមកំបាំងមុខ 


ជំពូកទី២

តួនាទី និងភារកិច្ចរបស់ចៅក្រមស៊ើបសួរ

 I. លក្ខណៈសម្បត្តិរបស់ចៅក្រម

 ១.១ ជំនាញវិជ្ជាជីវៈ

 ចៅក្រម គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការច្បាប់នៅតាមសាលាជម្រះក្ដី ។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី ដែលចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន នៅក្នុងអាជីបរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា ក៏អាចត្រូវតែងតាំងជាចៅក្រមវិញបានដែរ។


១.២ ការជ្រើសរើស

 បុគ្គលដែលត្រូវការជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រម ត្រូវតែជាអ្នកមានសមត្ថភាព និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ បើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម ចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖ 

-ត្រូវមានសញ្ជាតិខ្មែរពីកំណើត 

-មានអាយុ៣៥ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ៤០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្រ្ដីរាជការ គិតដល់ថ្ងៃប្រឡង 

-ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ 

-មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ -ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។ ការជ្រើសរើសបញ្ជូលក្នុងក្របខណ្ឌចៅក្រម ក៏អាចធ្វើឡើងតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្ដីរាជការ និងក្រឡាបញ្ជី ដែលមានលក្ខខណ្ឌដូចខាងក្រោម៖ -ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ 

-មានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌យ៉ាងតិច ៥ឆ្នាំ -មានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង។ ចំពោះមេធាវី ក៏អាចប្រឡងចូលក្របខណ្ឌនេះបានដែរ តោយត្រូវគោរពតាមគោលការណ៍ទាំង៣ចំណុចខាងលើនេះ ។ 


១.៣ ការបណ្ដុះបណ្ដាល

សាលាភូមិន្ទចៅក្រមជ្រើសរើស និងធានារ៉ាបរង ការបណ្ដុះបណ្ដាលវិជ្ជាជីវៈចៅក្រម ការបណ្ដុះបណ្ដាលបន្ដ និងវិក្រឹត្យការ ចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបំពេញការងារនៅតាមសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។ សិស្សចៅក្រមទទួលការបណ្ដុះបណ្ដាលដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។


១.៤ ការតែងតាំង 

សិស្សចៅក្រម ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុចៅក្រមថ្នាក់ដំបូងគេ ។

បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម និងមានឋានន្ដរសក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។ 


II. រចនាសម្ព័ន្ធ

 សាលាដំបូងគឺជាសាលាជម្រះក្ដីថ្នាក់ទីមួយ ដែលត្រូវបង្កើតឡើងឱ្យមាននៅគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។ ការដាក់ឱ្យដំណើការសាលាដំបូងនានា ត្រូវធ្វើឡើយដោយព្រះរាជក្រឹត្យ សាលាដំបូង ត្រូវបែងចែកជាតុលាការជំនាញ ហើយក៏ជាសាលាជម្រះក្ដីទូរទៅដែលមានសមត្ថកិច្ចជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់ លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស ឬសាលាជម្រះក្ដីវិសមញ្ញដែលបង្កើតឡើងដោយច្បាប់ដោយឡែក។ សមាសភាពសាលាដំបូងរូមមាន ៖ 

-ប្រធាន

-អនុប្រធាន

-ចៅក្រម

-ក្រឡាបញ្ជី

-មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។ 

សាលាដំបូងនីមួយៗ បែងចែកជាតុលាការជំនាញ ដូចខាងក្រោម ៖ 

-តុលាការរដ្ឋប្បវេណី 

-តុលាការព្រហ្មទណ្ឌ 

-តុលាការពាណិជ្ជកម្ម 

-តុលាការការងារ 

-តុលាការបរិស្ថាន 

 តុលាការជំនាញផ្សេងទៀតរបស់សាលាដំបូង ចេញសេចក្ដីសម្រេចរបស់ខ្លួន ប្រកបដោយស្វ័យភាពក្នុងដែលសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមសាលាដំបូងដែលតុលាការជំនាញនោះស្ថិតនៅ។

សមាសភាពតុលាការជំនាញនីមួយៗរួមមាន៖ 

 -ប្រធានតុលាករ 

-ចៅក្រម 

-ក្រឡាបញ្ជី 


 ២.១ ការគ្រប់គ្រងរដ្ឋបាល

 នៅសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់មានអង្គភាពរដ្ឋបាលមួយស្ថិតនៅក្រោមរដ្ឋបាលកណ្ដាលរបស់ក្រសួង​យុត្តិធម៌សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់អង្គការតុលាការ និងអង្គការអយ្យការ ។ នៅថ្នាក់សាលាដំបូង អង្គភាពរដ្ឋបាលនេះហៅហាថា “លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង” មានថ្នាក់ស្មើនឹងនាយកដ្ឋាន ។


២.២ ហិរញ្ញវត្ថុ

 សាលាដំបូង និងអយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការតុលាការកំពូល មានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌។ ប្រធានសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ជាអាណា​ប័ក​ទទួលសិទ្ធិពីរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌។ ការគ្រប់គ្រង និងការចាត់ចែងថវិការបស់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដីត្រូវកំណត់ដោយអនុក្រឹត្យ។  


III. ចៅក្រមស៊បសួរ

៣.១ សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ

ចៅក្រមដែលមានសមត្ថកិច្ចគឺ 

-ចៅក្រមស៊ើបសួរនាទីកន្លែងបទល្មើស 

-ចៅក្រមស៊ើបសួរនាលំនៅដ្ឋាន ឬទីសំណាក់របស់បុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស 

-ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស។ 


IV. តួនាទីរបស់ចៅក្រមស៊ើបសួរ

៤.១ ទទួលពាក្យបណ្ដឹង

ចៅក្រមស៊ើបសួរ ទទួលពាក្យបណ្ដឹងអំពីអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ។ 

៤.២ បើកការស៊ើបសួរ ចៅក្រមស៊ើបសួរ ត្រូវស៊ើបសួរតែអង្គហេតុតែប៉ុណ្ណោះ ប្រសិនបើលេចអង្គហេតុថ្មី ដែលអាចជាបទល្មើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេតុថ្មីនោះទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរអំពីអង្គហេតុថ្មីនោះតាម ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម បើគ្មានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ចៅក្រមស៊ើបសួរគ្មានសិទ្ធិអំណាចស៊ើបសួរអំពីអង្គហេតុថ្មីនោះបានឡើយ ។ ប៉ុន្ដែ​ចៅក្រមស៊ើបសួរ មិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ប្រសិនបើអង្គហេតុថ្មីនោះ​ជាស្ថានទម្ងន់ទៅលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង។ ចៅក្រមស៊ើបសួរ អាចសុំឱ្យចៅក្រមផ្សេង ឬមន្រ្ដីនគរបាលយុត្តិធម៌ ឬអង្គភាពនគរបាលយុត្តិធម៌បំពេញកិច្ចខ្លះ តាមដីកាចាត់ឱ្យស៊ើបសួរជំនួស ។ 

ចៅក្រមស៊ើបសួរ អាចចុះទៅដល់ទីកន្លែងជាមួយក្រឡាបញ្ជីរបស់ខ្លួននៅលើវិសាលភាពសមត្ថកិច្ចដែលដីនៃតុលាការជាន់ដំបូង ដើម្បីបំពេញកិច្ចស៊ើបសួរដែលខ្លួនយល់ថាមានប្រយោជន៍ ជាអាទិ៍ ការពិនិត្យសម្ភារៈ ការឆែកឆេរ និងការចាប់យកវត្ថុតាង តែចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការចុះទៅពិនិត្យនោះក្នុងករណីនោះ ព្រះរាជអាជ្ញាអាចចុះទៅជាមួយចៅក្រមស៊ើបសួរនោះ។ 

ក- ដីកាដំណោះស្រាយ

 សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ គឺគេចង់សំដៅទៅលើសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរដែលត្រូវបានគេឱ្យឈ្មោះថា “សេចក្ដីសម្រេច” វាជាការសម្រេចសេចក្ដីដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បានចៅក្រមស៊ើបសួរបិតការស៊ើបសួរតាមដីកាដំណោះស្រាយ ដីកានេះអាចជាដីការបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។ 


ខ-ដីកាលើកលែងចោទប្រកាន់

 ចៅក្រមស៊ើបសួរ ចេញដីការលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ៖ 

-អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ 

-ជនប្រព្រឹត្តអំពើនោះនៅតែមិនស្គាល់ 

-គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រន់លើជនត្រូវចោទ។ 

ករណីនេះចៅក្រមស៊ើបសួរ មិនអាចដោះលែងជននោះភ្លាមបានទេ លុះត្រាតែផុតររយៈពេលប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា ដែលមានរយៈពេល១ខែ គិតពីពេលប្រកាសដីកា សម្រាប់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និង៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងពីដីកាសម្រាប់អគ្គព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងជនដែលសុំឱ្យប្រគល់វត្ថុចាប់យកឱ្យខ្លួនវិញ ។


គ-បញ្ជូនទៅជំនុំជម្រះ

 ប្រសិនបើយល់ឃើញថា អំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ ការបញ្ជូនជនត្រូវចោទទៅតុលាការជំនុំជម្រះនេះធ្វើឡើយតាមរយៈ “ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ” ដោយដីកានេះត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់។ ដីកានេះ ត្រូវជូនដំណឹងក្នុងរយៈពេលខ្លីបំផុតដល់ ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី។ 


ជំពូកទី៣

 តួនាទី និងភារកិច្ចរបស់ចៅក្រមជំនុំជម្រះ

 I. ចៅក្រមជំនុំជម្រះ

 ១.១ សមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ 

 តុលាការដែលមានសមត្ថកិច្ចខាងដែនដី គឺ៖

 -តុលាការនាកន្លែងបទល្មើស

 -តុលាការនាលំនៅឋានរបស់ជនជាប់ចោទ

 -តុលាការនាទីកន្លែងចាប់ខ្លួនជនជាប់ចោទ។ 

ក្នុងករណីដែលមានតុលាការ ពីរ ឬច្រើន ដែលស្ថិតនៅក្នុងមណ្ឌលនៃសាលាឧទ្ធរណ៍តែមួយបានទទួលពាក្យបណ្ដឹងលើសំណុំរឿងតែមួយដូចគ្នា ប្រធានសាលាឧទ្ធរណ៍ចាត់តាំងតុលាការដែលនឹងត្រូវទទួលបន្ទុកលើសំណុំរឿង។ វិវាទដែនដីរវាងតុលាការច្រើនដែលមានថ្នាក់ស្មើគ្នា ត្រូវសម្រេចដោយប្រធានតុលាការជាន់ខ្ពស់ដោយការសម្រេចនេះបិតផ្លូវតវ៉ា។


II. តូនាទីរបស់ចៅក្រមជំនុំជម្រះ 

២.១ ទទួលពាក្យបណ្ដឹង

 យោងតាមមាត្រ ២៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ចែងថាក្នុងរឿងក្ដីព្រហ្មទណ្ឌ សាលាដំបូងត្រូវទទួលបណ្ដឹងដោយ៖ 

-ដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ 

-ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា 

-កំណត់ហេតុស្ដីពីការចូលបង្ហាញខ្លួនភ្លាមដែលធ្វើដោយព្រះរាជអាជ្ញា។ នៅពេលដែលពាក្យបណ្ដឹងត្រូវបានដាក់ហើយ ប្រធានតុលាការ ត្រូវធ្វើកំណត់កាលបរិច្ឆេទនៃសវនាការ ។ 


២.២ សវនាការ

 សាលាដំបូងជំនុំជម្រះបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ។ សាលាដំបូងសម្រេចជាក្រុមសមូហភាពដែលមានចៅក្រម៣រូប ចំពោះបទឧក្រិដ្ឋ ព្រមទាំងបទមជ្ឈិម និងបទលហុ ដែលជាប់ទាក់ទង សាលាដំបូងក៏អាចសម្រេចជាចៅក្រមទោលបានដែរ ចំពោះបទមជ្ឈិម និងបទលហុ។ មានតែសាលាជម្រះក្ដីតែប៉ុណ្ណោះទើបមានសិទ្ធិអំណាចកាត់សេចក្ដី និងប្រកាសសេចក្ដីសម្រេចរបស់តុលាការបាន ។ ចៅក្រម គឺជាបុគ្គលតែមួយគត់ដែលមានសិទ្ធិអំណាចក្នុងការជម្រះក្ដីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាសង្គមជាតិ។រាល់ការជម្រះក្ដីរបស់ចៅក្រមត្រូវធ្វើក្នុងនាមប្រជារាស្រ្ដខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ដោយត្រូវគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។ ការពិភាក្សាដេញដោលប្រព្រឹត្តទៅនៅពេលសវនាការជាសាធារណៈ ប៉ុន្ដែប្រសិនបើតុលាការយល់ឃើញថា ភាពជាសាធារណៈនាំឱ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬដល់ទំនៀមទម្លាប់ តុលាការអាចបង្គាប់ឱ្យធ្វើការពិភាក្សាដេញដោលជាសម្ងាត់ទាំងស្រុង ឬមួយផ្នែកបានតាមសេចក្ដីសម្រេចដោយសំអាងហេតុ។ 


២.៣ សេចក្ដីសម្រេចរបស់តុលាការ

 សេចក្ដីសម្រេចរបស់តុលាការជាន់ទាប់តូ្រវបានគេឱ្យឈ្មោះថា “សាលក្រម” ។ សាលក្រម គឺជាការសម្រេចសេចក្ដីដែលតុលាការធ្វើលិខិតសាលក្រមដែលមានលក្ខណៈ គ្រប់គ្រាន់ទៅតាមទម្រង់ដែលច្បាប់បានកំណត់ ហើយកើតមានអានុភាពដោយសារការប្រកាសដោយផ្អែកលើលិខិតសាលក្រមនេះ ។ គ្រប់សាលក្រម ត្រូវតែប្រកាសនៅពេលសវនាការសាធារណៈ ផ្នែកនៃសេចក្ដីសម្រេចត្រូវអានឱ្យខ្លាំងៗដោយប្រធានសវនាការ ។ ចំពោះការប្រកាសអំពីពិរុទ្ធភាពតុលាកាត្រូវពិនិត្យមើល ៖ 

-តើអំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ 

-ជនជាប់ចោទបានប្រព្រឹត្តអំពើដែលចោទប្រកាន់លើខ្លួន ឬទេ? ប្រសិនបើពិនិត្យឃើញពិរុទ្ធភាព​លើ​ជន​ជាប់ចោទ តុលាការប្រកាសផ្ដន្ទាទោសតាមច្បាប់បញ្ញត្តិ ។ បើសិនតុលាការយល់ឃើញថាអំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ ជនជាប់ចោទនោះត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ។ សាលក្រមអាចត្រូវបែងចែកជា ៣ប្រភេទ គឺ៖ 

 -សាលក្រមចំពោះមុខ ៖ ប្រសិនបើជនជាប់ចោទចូលមកបង្ហាញខ្លួននៅពេលសវនាការនោះសាលក្រមជាសាលក្រមចំពោះមុខជនជាប់ចោទ ។ 

 -សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ប៉ុន្ដែសាមីខ្លួនបានដឹងអំពីការបញ្ជូនខ្លួនទៅជំនុំជម្រះផ្ទាល់ ឬបានដឹងពីការកោះហៅហើយនោះ សាលក្រមចាត់ទុកថា ជាសាលក្រមចំពោះមុខជនជាប់ចោទ ។ 

 -សាលក្រមកំបាំងមុខ ៖ ប្រសិនបើជនជាប់ចោទមិនចូលបង្ហាញខ្លួននៅពេលសវនាការទេ ហើយគ្មានភស្ដុតាងបង្ហាញឱ្យឃើញថា សាមីខ្លួនបានដឹងពីការបញ្ជូនខ្លួនទៅជំនុំជម្រះ ឬបានដឹងអំពីការកោះហៅនោះទេ សាលក្រមនោះត្រូវបានប្រកាសកំបាំងមុខជនជាប់ចោទ។ 


III. បណ្ដឹងទាស់អំពីសាលក្រម

 សាលក្រមព្រហ្មទណ្ឌ អាចត្រូវប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ដោយភាគីបាន ។


 ៣.១ បណ្ដឹងទាស់

 ក្រោយពីសាលក្រម ត្រូវបានប្រកាស ភាគីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ មានពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី អាចប្ដឹងទាស់ក្នុងករណីដែលសាលក្រមនោះត្រូវបានសម្រេចដោយកំបាំងមុខខ្លួនបាន ។


 ៣.២ បណ្ដឹងឧទ្ធរណ៍

 ជនដែលអាចប្ដឹងឧទ្ធរណ៍បាន គឺព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។ ៣.៣ អានុភាពនៃសាលក្រមចូលជាស្ថាពរ នៅពេលដែលផុតរយៈពេលប្ដឹងឧប្រាស្រ័យដែលបានកំណត់ដោយច្បាប់នោះសាលក្រមនឹងចូលជាស្ថាពរ ហើយមានអានុភាពដូចខាងក្រោម៖ 


ក-ការបិតផ្លូវតវ៉ា ៖

 ក្រោយពេលចូលជាសាលក្រមស្ថាពរ ភាគីនៃរឿងក្ដីនោះមិនអាចធ្វើការប្ដឹងឧប្រាស្រ័យនឹងសាលក្រមនោះជាថ្មីម្ដងទៀតឡើយ លើកលែងតែបណ្ដឹងសើរើក្នុងករណីពិសេសមួយ។

 ខ-អានុភាពអនុវត្ត ៖

 សាលក្រមដែលបានចូលជាស្ថាពររួចហើយ មានន័យថា សាលក្រមនោះមានអានុភាពអនុវត្តដោយព្រះរាជអាជ្ញា ត្រូវចាប់ផ្ដើមអនុវត្តទៅតាមអំណាចនៃសាលក្រមនោះជាដាច់ខាត ។

 គ- អាជ្ញាអស់ជំនុំ ៖

នៅពេលសាលក្រមចូលជាស្ថាពរហើយ អានុភាពនៃអាជ្ញាអស់ជំនុំត្រូវកើតឡើង ។

Post a Comment

0 Comments