កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ តំណាងឱ្យលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារមូលនិធិជនពិការ ចុះបើកផ្តល់ប្រាក់របបគោលនយោបាយសម្រាប់ជនពិការក្រីក្រតាមសហគមន៍ផ្នែកពិនិត្យ និងថែទាំសុខភាពដល់ជនពិការក្រីក្រចំនួន ៤៧៦នាក់ នៅឃុំចំនួន១៩ នៃស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាលនិងស្រុកពារាំង ខេត្តព្រៃវែង។
ថ្លែងក្នុងកម្មវិធីចុះបើកផ្តល់នេះ លោក ម៉ុម សុត្ថារ៉ា មានប្រសាសន៍ថា ប្រាក់របបគោលនយោបាយសម្រាប់ជនពិការក្រីក្រតាមសហគមន៍ផ្នែកពិនិត្យ និងថែទាំសុខភាពនេះ គឺជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់ជូនតែជនពិការក្រីក្រមានឯកសារបញ្ជាក់ភាពក្រីក្រ ហើយក្នុង១ឆ្នាំពួកគាត់ទទួលបានថវិកាចំនួន ៣ម៉ឺនរៀល សម្រាប់សម្រាលបន្ទុកពេលមានជំងឺ។ លោកបន្តថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ មូលនិធិជនពិការ នៅតែយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាស្តារលទ្ធភាពពលម្មកាយសម្បទា ដូចមាននៅទីនេះស្រាប់សម្រាប់ខេត្តព្រៃវែងយើងបានផ្តល់សេវាជូនជនពិការចំនួន ៣៩៧នាក់ គិតចាប់តាំងពីខែមករាមកដល់ខែសីហា។
លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់កិច្ចសហការដល់ដំណើរការចុះផ្តល់នេះ និងបានអំពាវនាវដល់បងប្អូនជនពិការទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធាន ៣ការពារនិង៣កុំ ក៏ដូចជាអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា៕
0 Comments