គេហទំព័រ មួយរៀល

សុភាសិតខ្មែរថា ខ្មៅដូចព្រីង ល្វីងដូចស្តៅ លេងកុំដល់ញាតិផៅ ប្រដៅកុំលាយពាក្យខឹង


 👉មានសត្វក្អែកពីរក្បាលចង់សុីសត្វក្របី តែមិនដឹងសុីតាមវិធីណាបើក្របីធំហើយខ្លាំង ពេលនោះសត្វក្អែកពីរក្បាលរកនឹកឃើញវិធីសាស្ត្រមួយហើយក៏ហើរមកជិតក្របីសរសើរក្របីថា បងក្របីស្នែងរបស់បងមុតស្រួចល្អណាស់ហើយកម្លាំងរបស់បងខ្លាំងទៀតផង ចុះហេតុអ្វីបងឱ្យសត្វរុយល្អិតតូចៗមកខាំបឺតជញ្ជក់ឈាមបងចឹង គឺមិនសមទាល់តែសោះ ម៉េចបងមិនប្រើស្នែងដ៏ស្រួចរបស់បងវ័ធសត្វរុយឱ្យវាក្ស័យទៅ ក្របីឭដូច្នេះហើយក៏ប្រើកម្លាំងនិងស្នែងរបស់ខ្លួនប្រឹងវ័ធសត្វរុយរហូតដល់ត្រូវខ្លួនឯងហូរឈាមលុតជង្គង់ស្លាប់នៅនិងកន្លែង។  ពេលបងក្របីដ៏មានអំណាចខ្លាំងក្លាស្លាប់ទៅបានដៃបងក្អែកម្តង 🐃🦅


ពាក្យសរសើរខ្លះធ្វើឱ្យត្រចៀករបស់យើងវាស្រួលស្តាប់បន្តិចមែន ប៉ុន្តែអាចធ្វើឱ្យយើងវិនាសមួយរំពេចបាន”  


👉សត្វស្រមោចតែងតែស្លាប់ក្នុងពាងស្ករមិនដែលស្លាប់ក្នុងពាងអំបិលទេ យ៉ាងណាម៉ិញរាល់មនុស្សទាំងអស់តែងតែចាញ់បោកអ្នកពូកែលួងលោមសរសើរតែក្នុងចិត្តបង្កប់ទៅដោយភាពពិសពុល។ 


តែទីបំផុតមនុស្សសម្តីអាក្រក់ ប៉ុន្តែចិត្តទូលាយ តែងតែគេស្អប់មិនសូវរាប់រក តែបើមនុស្សផ្អែមចុងផ្អែមគល់ឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីកន្ទុយបែជាគេចាត់ទុកថាជាមនុស្សឆ្លាតពូកែទៅវិញ។ 


ដូចពាក្យមួយថា (សម្តីស្មោះទាស់ត្រចៀក)

សរសើរស្មើស្លាប់


ឆាវ ឆាវ តួអង្គក្នុងរឿងសាមកុកនិយាយ ពេលខ្ញុំឈឺក្បាលអ្នកត្រូវជេរខ្ញុំឱ្យច្រើនទើបខ្ញុំបាត់ឈឺ។ 


សុភាសិតខ្មែរថា ខ្មៅដូចព្រីង ល្វីងដូចស្តៅ លេងកុំដល់ញាតិផៅ ប្រដៅកុំលាយពាក្យខឹង។ 


ខ្មៅដូចព្រីង សារជាតិរបស់ព្រីងពេលខ្ចីសរពេលទុំខ្មៅ មនុស្សខ្លះខ្មៅមែនប៉ុន្តែចរឹតឫកពារសុភាពរាបសាមិនឆ្មើងឆ្មៃដាក់មនុស្សផងគ្នា។ 


ល្វីងដូចស្តៅ  សារជាតិរបស់ស្តៅល្វីងបន្តិចមែនតែគេអាចយកទៅហូបពិសាបាន យ៉ាងណាមិញសម្តីរបស់មនុស្សខ្លះអាក្រក់ល្វីងជូរចត់បន្តិចមែនតែអាចយកជាការបាន ដូចស្តៅល្វីងពិបាកលេបបន្តិចតែបើហូបចូលក្នុងពោះហើយធ្វើឱ្យយើងត្រជាក់សាច់មានសុខភាពល្អ សម្តីមនុស្សខ្លះពិបាកស្តាប់បន្តិចតែបើតាំងចិត្តស្តាប់ហើយគឺកើតបញ្ញា។ 


លេងកុំដល់ញាតិផៅ មានន័យថាបើយើងលេងជាមួយនរណាម្នាក់កុំនិយាយអ្វីឱ្យប៉ះពាល់ត្រកូលរបស់គេ ដូចខ្មែរខ្លះតែងនិយាយលេងថា(ចុយមាយឡូវ)ពាក្យនេះពេលណាយើងនិយាយយូរៗញឹកៗពេកទៅធ្វើឱ្យមិត្តភ័ក្ដិរបស់យើងគេអន់ចិត្ត។ 


ប្រដៅកុំលាយពាក្យខឹង បើយើងប្រដៅនរណាម្នាក់ចូលសម្លឹងមើលចិត្តខ្លួនឯងសិនថាតើប្រដៅដោយចិត្តមេត្តាឬដោយចិត្តខឹងតែបើប្រដៅចង់ឱ្យគេល្អបានរីកចម្រើនគឺប្រដៅចុះ ប៉ុន្តែបើចិត្តខឹងកុំអីល្អជាង។ 


សូមអរគុណដែលចំណាយពេលដ៏មានតម្លៃរបស់អ្នកអាននៅអត្ថបទមួយនេះ  សូមជួយកែតម្រូវបន្ថែមផងបើសិនជាមានខុសឆ្គាំឆ្គងកន្លែងណានីមួយដែលខ្ញុំសរសេរទៅមិនគប្បីទឹកព្រះទ័យដល់មិត្តអ្នកអាន🙏

សរសេរ By យល់ឧបាយ ឆ្ងាយអន្ទាក់

Post a Comment

0 Comments