Muyreal -News

Muyreal -News
Muyreal -News

មន្ត្រីជំនាញបេីកប្រតិបត្តិការចុះស្រាវជ្រាវរកឃេីញកន្លែងផលិតស្រាហេីយបន្ទាប់យុវតី៣នាក់ស្លាប់



ភ្នំពេញ៖ បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យនារីវ័យក្មេងចំនួន​ ៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១​ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវរកឃេីញកន្លែងផលិតស្រាហេីយ​ និងបានប្រមូលយកសំណាកគំរូធ្វេីការវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិតនោះ។ 


យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឱ្យឃើញថា​ ក្នុងចំណោមគំរូស្រាចំនួន​ ៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន៣គំរូមានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុតសម្រាប់អ្នកបរិភោគ។


បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន​ ក.ប.ប. បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។​ ទន្ទឹមនេះមន្រ្តីជំនាញអគ្គនាយកដ្ឋាន​ ក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូ​ និងស្រាសសញ្ញា​ មាស ហុង ចំនួន ៤៨យួរ (មួយយួរ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។ មន្រ្តីជំនាញនឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តបន្តទៀត។ 


ក្រៅពីនេះ​ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញា​ មាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិត​ និងអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូ​ និងស្រាសសញ្ញា​ មាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋាន​ ក.ប.ប. ដើម្បីធ្វើការកម្ទេចចោល៕


ប្រភព៖ CNC

Post a Comment

0 Comments