អាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមទទួល បេសកកម្មថ្មី នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក!



នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានទទួលបេសកកម្មថ្មីបន្ថែមមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក និងចាប់ផ្តើមអនុវត្តពេញលេញ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តទៅ។

ក្នុងរយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ តែងតែចូលរួមអនុវត្តគ្រប់វិធានការ ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាអាថ៌រួមមាន ការប្រតិបត្តិរបៀបរបបរស់នៅនិងធ្វើការ ក្នុងរបត់ថ្មីជាមួយកូវីដ-១៩ តាមវិធានការ ៣ការពារ ៣កុំ, ធ្វើការពិនិត្យសំណាក (Rapid Test) ដល់កងកម្លាំងជាប់ជាប្រចាំ, ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលនិងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ព្រមទាំងចែកម៉ាសជូនដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌ ទាំង១៤ ទូទាំងរាជធានីភ្នំពេញ, ចូលរួមអនុវត្តវិធានការ បិទខ្ទប់របស់រាជរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញ គ្រប់កាលៈទេសៈ, ចូលរួមការពារមណ្ឌលនិងទីតាំងធ្វើចត្តាឡីស័កជាច្រើនរយកន្លែង ជាពិសេសបានទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ សំខាន់ៗមួយចំនួន ដូចជា សណ្ឋាគារ Great Duke, វិទ្យាល័យជាស៊ីមសាមគ្គី, ដឹព្រីមៀរសែនសុខ និង មន្ទីរពេទ្យហ្លួងម៉ែ ជាដើម។ ដោយឡែក ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបេសកកម្មថ្មីមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក។ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន អាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍ គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមការតម្រង់ទិស របស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ជាពិសេសតែងតែចងចាំនិងអនុវត្តខ្ជាប់ខ្ជួន នូវទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ៖
-  ចំពោះប្រទេសជាតិ ត្រូវតែការពារ
-  ចំពោះរាស្ត្រប្រជា ត្រូវតែបម្រើ
-  ច្បាប់ ត្រូវតែគោរព
-  បទល្មើស ត្រូវតែបង្ក្រាប

Post a Comment

0 Comments