ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមេដាយមាសពិសេសចំពោះតួនាទីដើម្បីសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ!



ភ្នំពេញ៖ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយមាសពិសេស ចំពោះតួនាទីដើម្បីសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ នៅក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី ៧ ស្ថាប័នស្រាវជ្រាវ ឆ្នាំ ២០២២ ក្រោមប្រធានបទ "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី ១២ ខែ កញ្ញា តាមប្រព័ន្ធវីដេអូ ។

អង្គមហាសន្តិបាត បានអរគុណដល់សម្តេចតេជោ ហ៊ុនសែន ដែលបានថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារជ្រាលជ្រៅ ហើយខ្លឹមសារ នេះត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក ក្នុងការគាំទ្រដល់UPS និង THINK TANK 2022 នៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមនេះ ។

នៅក្នុងមហាសន្តិបាតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាច កាត់ថ្លៃបានដល់សន្តិភាព កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌សន្តិភាព និងការជឿទុកចិត្ត គ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាព ដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋានប្រចាំអាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២ ។ 

ហើយសម្តេចយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគ ស៊ីជម្រៅ និងការបណ្តុះស្មារតីផ្លាស់ប្តូរមតិយោបល់ និងកិច្ចសន្ទនា ។ 

លើសពីនេះ ស្ថាប័នស្រាវជ្រាវត្រូវផ្តល់អាទិភាពខ្ពស់លើភាពប្រាកដ និយម រក្សាស្មារតីស្ថាបនា មិនប្រកាន់និន្នាការជ្រុលនិយម លើកកម្ពស់គោលការណ៍ស្វែងយល់ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សា ការវិភាគ និងការដាក់ចេញនូវអនុសាសន៍នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការធានាបាន នូវការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នដល់មនុស្សជាតិ ។

សូមបញ្ជាក់ថា មហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រុមប្រឹក្សាយោបល់២០២២ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចូលរួមដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាមេដឹកនាំ នៃប្រទេសនានាព្រមទាំងវាគ្មិន ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ និងមេដឹកនាំនៃប្រទេសជាច្រើនទៀតប្រមាណជា៥០ ប្រទេស ក្នុងការផ្លាស់ប្ដូរ ទស្សនៈគ្នា ដើម្បីសន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ 

ក្នុងឱកាសនោះសម្ដេចតេជោថ្លែងថា «ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈាន ឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព ៕

Post a Comment

0 Comments