ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូននារីម្នាក់ និងប្រុសសាហាយ ដែលបានរួមគ្នាស្ទាក់សម្លាប់ប្តីខ្លួនឯង ទៅតុលាការកាលពីរសៀល ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២០។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្ត្រីដែលនាំប្រុសសាហាយមកចាំកាប់ប្តីខ្លួនឯងនោះមានឈ្មោះ ឃឺន ស្រីរដ្ឋ អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពបានបន្តថា ស្ត្រីផិតក្បត់ប្តីនោះ បានប្រើល្បិចឱ្យប្តីរបស់ខ្លួនឈ្មោះ ជឿន ធារ៉ា អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ថាឱ្យជូនទៅហូបមីហឹរ នៅផ្សារថ្នល់ទទឹង លុះដល់ម៉ោង០៨យប់ ទើបត្រឡប់ទៅវិញ ខណៈនោះ ឈ្មោះ ស្រីរដ្ឋ បានទូរស័ព្ទហៅឱ្យឈ្មោះ ធីម ធា ហៅ ហ័ង អាយុ២០ឆ្នាំ មកស្ទាក់សម្លាប់ប្តីខ្លួនឯងនៅពេលពួកគេជិះតាមផ្លូវលេខ៥១ ដល់ចំណុចខាងត្បូងវត្តអង្គតាឡិក ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ដោយជនសង្ស័យ ឈ្មោះ ធា ជិះម៉ូតូម៉ាកហុងដា វេវ ពណ៌ខៀវ គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា ខណៈប្តីប្រពន្ធនោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ជនសង្ស័យបានឃាត់ ម៉ូតូជនរងគ្រោះ រួចឈ្មោះ ស្រី រដ្ឋ ចុះពីលើម៉ូតូ ហើយក៏បានយកដាវ កាប់លើឈ្មោះ ជឿន ធារ៉ា តែកាប់មិនត្រូវ ជនរងគ្រោះ។ ចំណែកជនសង្ស័យបានដឹកឈ្មោះ ស្រីរដ្ឋ មកលេងសួនច្បារ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ បានត្រូវឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំតុលាការចាត់ការតាមនីតិវិធី ៕
0 Comments