កំពង់ឆ្នាំង ៖ តាមសេចក្ដីរាយការណ៍ពីអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦:៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបេីកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបេីកបរម៉ូតូ)។
សេចក្តីរាយការណ៍ បានបន្តថា ភាគីទាំងពីរ បានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបេីកបររថយន្ត (រហ័សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាម ភាគីអ្នកបេីកបរម៉ូតូ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មតិសាធារណៈជនដែលទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប ៕
0 Comments