គេហទំព័រ មួយរៀល

កម្ពុជាជ្រើសរើសយកឆ្នាំ២០២៩ ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីធានាបានទាំង «ល្អមើល និងល្អស៊ី»

 កម្ពុជាជ្រើសរើសយកឆ្នាំ២០២៩ ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីធានាបានទាំង «ល្អមើល និងល្អស៊ី» https://t.me/muyrealchat/86617


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការជ្រើសរើសយក ចុងឆ្នាំ២០២៩ ជាកាលបរិច្ឆេទផ្លូវការដើម្បីចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជំនួសឱ្យឆ្នាំ២០២៧ ដើម្បីធានាថាកម្ពុជាឈានជើងចេញដោយភាពរឹងមាំពិតប្រាកដ ពោលគឺ «ចង់បានទាំងល្អមើល និងល្អស៊ី»។



បើទោះបីជាកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌទាំង ៣ របស់អង្គការសហប្រជាជាតិ (UN) រួចរាល់ជាស្ថាពរក៏ដោយ ជាពិសេសចំណូលជាតិសម្រាប់មនុស្សម្នាក់ៗ (GNI per capita) នៅឆ្នាំ២០២៦ ដែលសម្រេចបានរហូតដល់ ២,៧៥០ ដុល្លារ (លើសពីលក្ខខណ្ឌកំណត់ត្រឹម ១,២២២ ដុល្លារ ជាង ២ ដង) រួមជាមួយសន្ទស្សន៍ទ្រព្យធនមនុស្ស (៧៧.៥៣ ពិន្ទុ) និងភាពធន់ផ្នែកសេដ្ឋកិច្ច-បរិស្ថាន (២២.១៥ ពិន្ទុ) ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចយករយៈពេលត្រៀមខ្លួន ៥ ឆ្នាំ ដោយសារកត្តាវិបត្តិកូវីដ-១៩ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលនាពេលកន្លងមក។

ការបន្ថែមពេលវេលា ២ ឆ្នាំនេះ មិនមែនជាការសម្រាកស្រណុកនោះទេ ប៉ុន្តែជាឱកាសមាសសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពន្លឿនការចរចាពាណិជ្ជកម្មអន្តរជាតិ និងពង្រឹងបរិស្ថានវិនិយោគ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងលើទីលានថ្មី នៅពេលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកម្ចីការប្រាក់ទាបមួយចំនួនត្រូវបានដកចេញ។

ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ដែលមិនត្រឹមតែចង់បានកិត្តិយសលើឆាកអន្តរជាតិដោយលែងស្ថិតក្រោមឈ្មោះជាប្រទេសក្រីក្រ (ល្អមើល) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ឱ្យគ្រឹះសេដ្ឋកិច្ចជាតិរឹងមាំ ទាក់ទាញវិនិយោគិន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព (ល្អស៊ី)។

Post a Comment

0 Comments