គេហទំព័រ មួយរៀល

Muyreal-News | បុរស ២នាក់​ អាងខ្លួនជាអ្នកសារព័ត៌មាន​មិនគោរពវិជ្ជាជីវ:នឹងល្មេីសច្បាប់​



កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បុរស​២នាក់​ អាងខ្លួនជាអ្នកសារព័ត៌មាន​ មិនគោរពវិជ្ជាជីវ: ល្មេីសច្បាប់ ដោយបានធ្វើការផ្សាយឡាយផ្ទាល់ នៅគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅតាមបណ្តោយផ្លូវបុរីសន្តិភាព២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមអាខោនហ្វេសបុកផេក ( KFN Post News ) តាមផ្លូវសាធារណៈនិងមិនស្តាប់តាមការណែនាំរបស់មន្ត្រីអនុវត្តច្បាប់​ ថែមទាំងរារាំងដល់ការអនុវត្តការងាររបស់មន្ត្រីអនុវត្តច្បាប់ ។


ជាពិសេសបានប្រេីប្រាស់ពាក្យសម្តីអសីលធម៌ជេរប្រមាទមកលេីសមត្ថកិច្ចនគរបាលជាតិ​ សុទ្ធតែពាក្យថា​ "​ពួកហែង​ អញ​ ….” ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ធ្វេីការឃាត់ខ្លួន​ ដេីម្បីនាំយកមកធ្វេីការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕


ជំពូកទី ៤

ការប៉ះពាល់ដល់អាជ្ញធររបស់រដ្ឋ

ផ្នែកទោល

ការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈ

មាត្រា ៥០២ - បទប្រមាថ

ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនៃបុគ្គល ។

ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឧិកាសនៃការ បំពេញមុខងាររបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១ ០០០ (មួយពាន់) រៀល ទៅ ១០០ ០០០ (មួយសែន) រៀល ។


មាត្រា ៥០៣ - បទប្រឆាំងនឹងអ្នករាជការសាធារណៈ

ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជា របស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចរបស់តុលាការ ។

បទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល ។


មាត្រា ៥០៤ - ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ

ការប្រឆាំងនឹងអ្នករាជការសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំ មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០០០០ (មួយលាន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល នៅក្នុងករណីដូចតទៅ :

១- ការ ប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត ។

២-ចាវីមានអាវុធ ។


មាត្រា ៥០៥ - បទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ

ការញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ថ្ងៃទៅ ១ (មួយ) ខែ និងពិន័យជាប្រាក់ពី ១ ០០០ (មួយពាន់) រៀល ទៅ ១០០ ០០០ (មួយសែន) រៀល ។


មាត្រា ៥០៦ - បទប្រឆាំងនឹងការអនុវត្តការងារសាធារណៈ

អំពើប្រឆាំងដោយហិង្សាទៅលើការអនុវត្តការងារសាធារណៈ ឬការងារដែលមានប្រយោជន៍ជាសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល ។


មាត្រា ៥០៧ - ទោសបន្ថែម : ប្រភេទនិងរយៈពេល


ចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះ ទោសបន្ថែមដូចតទៅនេះ អាច ត្រូវបានប្រកាស

១-ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។ 

២-ការបិទផ្សាយសេចក្តីសម្រេចផ្ដន្ទាទោស សម្រាប់រយៈពេល ២ (ពីរ) ខែ យ៉ាងច្រើន ។

៣-ការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន ។

៤-ការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃយ៉ាងច្រើន ។

Post a Comment

0 Comments