ខេត្តព្រះសីហនុ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែមីនា ឆ្បាំ២០២២នេះ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គិតថាជាអភិបាលខេត្តដែលមិនដែលចុះមូលដ្ឋានទាល់តែសោះ ព្រោះមិនស្គាល់ភូមិសាស្ត្ររបស់ខេត្តខ្លួន ។
សម្តេចបានថ្លែងថា «ខ្ញុំភ្ញាក់ព្រើតែម្តងថា យីចៅហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹង …»។
បើទោះបីសម្តេចក្រឡាហោម មិនបានបញ្ចេញឈ្មោះក៏គេអាចដឹងដែរ ព្រោះរឿងដែលសម្តេចលើក ឡើងគឺកើតឡើងនៅខេត្តត្បូងឃ្មុំ ។
សម្ដេចក្រឡាហោម ស ខេង បានទម្លាយឲ្យដឹង ចំពោះអភិបាលខេត្តមួយរូប ដែលកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច ។
សម្តេចក្រឡាហោមបានមានប្រសាសន៍នៅក្នុងចំណោមមន្ត្រីជាច្រើនថា «ខ្ញុំនិយាយពីទីនេះទៅប្រហែលជាឮដល់ចៅហ្វាយខេត្តមួយចំនួនហើយ, មានចៅហ្វាយខេត្តមួយនោះ គាត់មិនស្គាល់តែម្ដង ខ្ញុំមិនដឹងថា គាត់ចុះឬមិនចុះមូលដ្ឋានទេ, ប៉ុន្តែខ្ញុំសន្និដ្ឋានថាគាត់មិនចុះតែម្ដង, សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសួរគាត់ថា តើពីទីនេះ (ត្បូងឃ្មុំ) ទៅទៅទន្លេបិទប៉ុន្មានគីឡូ(ម៉ែត្រ)? គាត់ឆ្លើយថា ២៧ គីឡូ(ម៉ែត្រ) តាមពិតវាមានចម្ងាយរហូត ៤១ គីឡូ(ម៉ែត្រ)។
គាត់(សម្ដេចតេជោ)សួរថា “សន្លប់”នៅទីណា? គាត់ (អភិបាលខេត្ត) ឆ្លើយថា”សន្លប់”នៅ ២០គីឡូ(ម៉ែត្រ)ពីទីនេះ ។ តាមពិតកន្លែងដែលសម្តេចកំពុងឈរមានប្រសាសន៍នោះគឺជា “សន្លប់ “ហើយ ប៉ុន្តែគាត់ឆ្លើយថា ២០ គីឡូ(ម៉ែត្រ) ។
បានសេចក្តីថាគាត់អត់ស្គាល់តែម្ដងគឺ គាត់មិនស្គាល់មូលដ្ឋានតែម្ដង, ខ្ញុំភ្ញាក់ព្រើតតែម្តងថា យីចៅ ហ្វាយខេត្តឯងដល់ថ្នាក់ហ្នឹងវ៉ី ។ដល់ពេលសួរថា តាហៀវនៅណា? គាត់ចង្អុលទៅលិច តាមពិតតាហៀវវានៅខាងកើត … » ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការងារសំខាន់ទី២ របស់អភិបាលខេត្តគឺ ចុះមូលដ្ឋាន ដូចនេះបើអភិបាលខេត្ត, អភិបាលស្រុកមិនស្គាល់មូលដ្ឋានគឺ ពិបាកហើយ, ហើយបើថ្នាក់ឃុំគឺ ត្រូវស្គាល់ផ្ទះប្រជាពលរដ្ឋតែម្ដង, នេះជារបៀបរបបធ្វើការងារពិសេសរបស់យើង ដែលមិនអាចមើលស្រាលបានទេ ។
បើយើងមិនស្គាល់មូលដ្ឋានផង តើយើងដឹងពីប្រជាពលរដ្ឋរស់នៅរបៀបម៉េចកើត? បើយើងមិនដែលស្គាល់ផងហ្នឹង, គាត់ចង់បានអីសំណូមពរអី មានការលំបាកបែបណា តើយើងដឹងទេ? អញ្ចឹងខ្ញុំស្នើរថា ទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្នុងក្រុមការងារហើយ, អញ្ចឹងត្រូវតែចុះមូលដ្ឋាន ចុះមូលដ្ឋានគឺ ត្រូវតែកំណត់ឲ្យច្បាស់ថា តើចុះទៅដើម្បីអ្វី? ជួបអ្នកណា? ហើយធ្វើអ្វី? អ្នកខ្លះចុះមែន ប៉ុន្តែមិនដឹងចុះទៅធ្វើអីទេ? ព្រោះមិនឃើញលទ្ធផលអ្វីទាំងអស់ ។
សម្តេចក៏បានរំលឹកទៅដល់អភិបាលខេត្តពីសម័យមុនដែរថា ចៅហ្វាយខេត្តឲ្យតែថ្ងៃសុក្រឡើងគឺ ចាប់ផ្តើមជុំគ្នាច្រៀងរាំ ស៊ីផឹកស្រីស្រា មិនដែលចុះមូលដ្ឋានឬស្គាល់ប្រជាជន នោះទេ ។
តែយើងត្រូវតែចុះទៅមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឲ្យបាន ៕
0 Comments