រាជធានីភ្នំពេញ៖ យុវជន២នាក់ ចេញពីធ្វើខួបកំណើតដោយកាន់នំខេកជិះម៉ូតូទៅផ្ទះ ត្រូវបានបុរសម្នាក់ ស្លៀកពាក់ស៊ីវិល តាំងខ្លួនជាមន្ត្រីនគរបាល សៀតកាំភ្លើងនៅចង្កេះ រួមទាំងបក្ខពួកក្មេងស្ទាវមួយក្រុម ព្រួតវាយយ៉ាងដំណំ ថែមទាំងយកកាំភ្លើងភ្ជង់ ចាប់វាយខ្នោះ យកស្បែកជើងវាយក្បាល ដោយចោទថា “ជនរងគ្រោះទាំង២នាក់ ខាងលើបានប្រើហិង្សារដាក់គ្នីគ្នាខ្លួន”។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតនៅទល់មុខក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
យោងតាមប្រភពពីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនពីរនាក់មិត្តភ័ក្ត ទើបចេញពីធ្វើខួបកំណើត ដោយជិះម៉ូតូត្រឡប់ទៅផ្ទះ ព្រមទាំងកាន់នំខួបកំណើត “នំខេក” ធ្វើដំណើរតាមបណ្តោយវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។
ខណៈមកដល់ចំណុចកើតហេតុ ក្បែរក្រសួងមហាផ្ទៃ ស្រាប់តែប្រទះឃើញ យុវជនមួយក្រុម មានគ្នីគ្នាប្រមាណ១០ម៉ូតូ បានធ្វើសកម្មភាពជិះប្រដេញតាមពីក្រោយ បណ្តាលឲ្យដួលម៉ូតូ ភ្លាមៗនោះខ្លួននិងមិត្ត មានការភ័យខ្លាច ក៏បានរត់ទៅកាន់ប៉ុស្តិ៍យាមក្លោងទ្វារក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយ។
ស្រាប់តែមានបុរស២នាក់ ក្នុងចំណោមបក្ខពួកមួយក្រុមខាងលើ បានអះអាងថាខ្លួនជា ”មន្ត្រីនគរបាលនាយកដ្ឋានស្រាវជ្រាវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ” បានដកកាំភ្លើងខ្លីមួយដើមភ្ជង់ខ្លួន ព្រមទាំងវាយខ្នោះ រួចបណ្តោយឲ្យបក្ខពួករបស់គេ ធ្វើសកម្មភាពវាយបំផ្លាញម៉ូតូ កាច់បំបាក់ស្លាកលេខ ព្រមទាំងដោះស្បែកជើងវាយក្បាលជនរងគ្រោះថែមទៀត។
ជនស៊ីវិលដកកាំភ្លើងមានឈ្មោះ ស៊ឹម សុខហេង អត្តលេខ ៨២៧០៧ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក ឋានៈ នាយរងផ្នែកស្រាវជ្រាវ និងជួសជុល អាសយដ្ឋាន ផ្ទះ១៤៤,ផ្លូវ១២បេត,ភូមិសន្សំកុសលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ, រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា ដោយឃើញសមត្ថកិច្ចមូលដ្ឋាន អ្នកសារព័ត៌មាន រួមទាំងប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលខ្លាំង ជនបង្កក៏បានដោះខ្នោះដៃចេញពីជនរងគ្រោះវិញ រួចប្រាប់ថា ជនរងគ្រោះនិងគ្នីគ្នា បានប្រើអំពើហិង្សាទៅលើប្អូនៗកូនក្រុមរបស់ខ្លួន ទើបជនបង្កដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលម្នាក់នោះ ប្រើប្រាស់កាំភ្លើងខ្លី ដើម្បីការពារខ្លួនទៅវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនជនបង្កចំនួន៥នាក់ ដកហូតអាវុធខ្លី១ដើម អត្តសញ្ញាណមន្ត្រីនគរបាលមួយសន្លឹក និងម៉ូតូចំនួន២គ្រឿង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ។
ចំណែកជនរងគ្រោះក៏បានធ្វើការដាក់ពាក្យបណ្តឹងផងដែរ៕
0 Comments