ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ខេត្តនិងក្រសួង កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីឃាតកម្មបាញ់សម្លាប់ បុរសវ័យជាង៦០ឆ្នាំម្នាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមទាំងព្រលប់ នៅថ្ងៃទី៣នៃពិធីបុណ្យអុំទូក ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅក្បែរទ្រុងទារអ្នកភូមិ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនៅចន្លោះម៉ោង០៧យប់ ក្នុងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សេចក្ដីរាយការណ៍បានប្រាប់ថា សពឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលជនរងគ្រោះត្រូវគ្រាប់ចំនួន០៦គ្រាប់ ដោយចំក្បាលចំនួន០៥គ្រាប់ និងចំដើមទ្រូង០១គ្រាប់ ក្នុងនោះក្បាលគ្រាប់ខ្លះបានធ្លាយចេញពីសាច់ និងបៀមគ្រាប់មួយចំនួន ហើយត្រូវបានគ្រូពេទ្យវះយកចេញពីសព ។
ទោះជាយ៉ាងណាក៍ដោយ ខណៈពេលនេះសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ខេត្តនិងក្រសួង កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។
ករណីឃាតកម្មលើកនេះ មិនមែនជាលើកទី១ទេ សម្រាប់ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខណៈកាលពីកន្លងទៅថ្មីៗ ក៍មានករណីឃាតកម្ម កាប់ចិញ្ច្រាំនិងបាញ់ស្លាប់ប្រពន្ធ ប្ដីរងរបួសធ្ងន់ នៅក្នុងទ្រុងទារ ចំណុចក្បែរកន្លែងកើតហេតុខាងលើនេះដែរ ហើយរហូតមកទល់និងពេលនេះ សមត្ថកិច្ចនៅពុំទាន់ចាប់ឃាតក បាននៅឡើយទេ ។
លុះឥឡូវស្រាប់តែមានករណីបាញ់សម្លាប់ មនុស្សយ៉ាងសាហាវព្រៃផ្សៃទៀត ។
ដោយលើកនេះគេសង្ឃឹមថាសមត្ថកិច្ចនឹងវែកមុខឃាតកឱ្យទាល់តែបាន ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋក្នុងមូលដ្ឋាន ៕
0 Comments