**ពិធីសែនដូនតា (ល្ងាចថ្ងៃ១៥រោច ខែភទ្របទ)
ដោយមានជំនឿទៅលេីលទ្ធិព្រលឹងតាំងពីបុរមបុរាណមកទេីបមានទំនៀមទម្លាប់ធ្វេីពិធីសែនដូនតានេះរៀងដ៏រាបមកទល់សព្វថ្ងៃនេះ។
នៅតាមគ្រួសារនីមួយៗគេបានរៀបចំបោសសំអាតផ្ទះសំបែងដេីម្បីទទួលព្រលឹងដូនតា ដូចគេត្រៀមទទួលភ្ញៀវកិត្តិយសដូច្នោះដែរ។ នៅក្នុងបន្ទប់ពិសេសគេបានក្រាលកន្ទេលថ្មីៗនិងមានរៀបចំនំអន្សម នំគម នំជាល ផ្លែឈេីដោយដាក់ថាស ចានតាមប្រភេទ។ នៅលេីនំចំណីទាំងនេះគេមានដោតកូនទង់ក្រពេីតូចៗជានិមិត្តរូបនៃព្រលឹងដូនតា មានថូផ្កាដ៏ល្អស្រស់និងកំប៉ុងដោតធូបទៀនទៀតផង។ គេខ្ចប់អំបិលបន្តិច និងអង្ករបន្តិចដាក់ក្នុងស្លឹកចេក រួចគួចវេចជាកូនកញ្ចប់តូចៗដែលគេចាត់ទុកថាជាស្បៀងចាំបាច់សម្រាប់ធ្វេីដំណេីរផ្លូវឆ្ងាយ។ ជួរជាបន្ទាប់មកទៀតមានរៀបចំបាយសម្លសុទ្ធតែម្ហូបពិសេសច្រេីនមុខជាអាទិ៍គឺខជេីងជ្រូក ឆា សម្លចាប់ឆាយ មាន់ស្ងោរ។ល។ មួយថាសទៀតមានរៀបចំដាក់បាយប្រាំចានជងចង្កឹះ ភេសជ្ជ:រួមមានទឹកតែមួយប៉ាន់ដាក់លេីថាំងតែរួមទាំងពែងផង ទឹកក្រូចជាច្រេីនកំប៉ុង ស្រាដាក់ដប ឬដាក់កំប៉ុងទៅតាមកាលសម័យនិយម។ របស់ពិសេសដោយឡែកទៀតគឺស្លាជីប បារីជីប ម្លូ ស្លា ទៀន ធូប និងស្លាធម៌។
នៅវេលាប្រមាណជាម៉ោង៥ល្ងាចត្រូវនឹងពេលគោ ចូលក្រោលត្រូវតាមប្រពៃណីពីបុរាណមក គេតែងប្រារព្ធពិធីសែនព្រេនដូនតាដោយអញ្ចើញចាស់ទុំក្នុងស្រុកបី ឬបួននាក់ ដែលមានបទពិសោធន៍ក្នុងការសែន ឬក៏មានសំដីថ្វីមាត់បុិនប្រសប់និយាយអោយមកជួយចាត់ចែងពិធីសែនដូចតទៅនេះ៖
លោកតាចាស់ស្រុក ក៏ប្រាប់អោយម្ចាស់ផ្ទះដុតទៀនធូប ភ្លឺព្រោងព្រាត ហើយក៏ចាប់ផ្តើមសែន ដោយនិយាយដូច្នេះថា "ឱ! ព្រះតេជះអើយ ថ្ងៃនេះថ្ងៃជាពេលវេលាល្អ ហេមន្តវស្សន្តរដូវ កូនចៅទាំងអស់បានរៀបចំអាហារភោជនមាននំចំណី បង្អែម ចំអាប ហូរហៀរ ពោរពាសទទួលជីដូនជីតាញាតិកាទាំង ប្រាំពីរសន្តាន សូមអស់លោកអញ្ចើញមកសេពសោយអោយឆ្អែតឆ្អន់ស្កប់ស្កល់ហើយក៏សូមអោយពរសព្វសាធុកា មកដល់កូនចៅ អោយបានសុខសប្បាយ រកសុីកើតកាល វាលគុម្ព ត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី កើតមាសដូចគេចាក់ កើតប្រាក់ដូចគេគរ កើតស្រូវអង្ករបរិបូណ៌ហូរហៀរ ព្រមទាំងកំចាត់បង់អស់ឧបទ្រពចង្រៃ ជំងឺដំកាត់ ទាំងមនុស្ស ទាំងសត្វ អោយបានសុខសប្បាយរៀងតទៅ"។ លុះសែនបានពីរចប់ហើយ គេចាប់បាយសម្ល នំចំណី មួយមុខៗបន្តិចដាក់ទៅលើស្លឹកចេកមួយផ្ទាំង ច្រូចទឹក ច្រូចស្រា ជូនព្រលឹងដូនតា! គេនិយាយសែនព្រេនបែបនេះ ជាលើកទីពីរ ហើយសែនបញ្ចប់ជាលើកទីបី ដោយចាប់អាហារនំចំណីសែនច្រូចទឹក ច្រូចស្រា ដូចលើកទីពីរដែរ។ លុះសែនចប់ហេីយគេលៃទុកពេលប្រហែលកន្លះធូប ឫមួយធូបទេីបគេបន្ថយសំណែនទាំងប៉ុន្មានមុខនេះ យកមកចែកគ្នាផឹកសុីហ៊ោកញ្ជ្រៀវសប្បាយរីករាយរហូតដល់ពាក់កណ្តាលអាធ្រាត។ ជួនកាលគេរាំរែកកំសាន្តសប្បាយបន្ទាប់ពីពិធីជប់លៀងនេះមក។ នៅក្នុងភូមិទាំងមូលស្នូរសំណេីច ស្នូរសំរែកសប្បាយរីករាយ ស្នូរចំរៀង ស្នូរតន្ត្រីលាន់ឮទ្រហឹងអឺងអាប់រហូតពាក់កណ្តាលអាធ្រាត ឫទល់ភ្លឺក៏សឹងមាន។ នេះគឺជាការលំហែរកំសាន្តរបស់គ្រួសារកសិករខ្មែរនៅតំបន់ជនបទស្រុកស្រែចំការក្នុងឱកាសបុណ្យភ្ជុំនិងសែនដូនតាបន្ទាប់ពីការហត់នឿយក្នុងកិច្ចការភ្ជួររាស់ដកស្ទូងអស់ពេលជាច្រេីនខែកន្លងមក ។
**ពិធីជូនដំណេីរនិវត្តន៍របស់ដូនតា (ព្រហាម១កេីតខែអស្សុជ)
ខ្មែរយេីងជឿថាក្រោយពេលសេពសោយក្រយាអាហារភោជនាដែលកូនចៅសែនព្រេនជូនពិសារយ៉ាងឆ្ងាញ់និងឆ្អែតស្កប់ស្កល់ហេីយនោះដូនតាសម្រាកនៅលេីផ្ទះជាមួយកូនចៅពេញមួយយប់។ ខ្មែរយេីងមានអារម្មណ៍ថាថ្ងៃនេះ យប់នេះហាក់ឃេីញដូនតានៅក្បែរៗខ្លួនដោយសេចក្តីពេញចិត្តសប្បាយរីករាយ និងពោរពេញដោយក្តីនឹករលឹក អំណរសាទរក្រៃលែង។ លុះព្រឹកព្រលឹមឡេីងឪពុកក្នុងគ្រួសារប្រេីកូនឱ្យទៅសកស្រទបចេកយកមកធ្វេីទូកសម្រាប់ជូនដំណេីរដូនតាវិលត្រលប់ទៅស្រុកវិញ។ គេយកស្រទបចេកប្រវែងប្រហែល៧០ ទៅ៨០សង់ទីម៉ែត្រមកច្នៃធ្វេីទូក។ គេកាត់នំផ្សេងៗមួយមុខបន្តិចៗ បាយបិណ្ឌដាក់ក្នុងទូករួមទាំងកូនកញ្ចប់អង្ករ កូនកញ្ចប់អំបិល ម្លូ ស្លា បារី អុជទៀនធូបដោតពីទៅលេីនំចំណីព្រមទាំងដោតទង់ក្រពេីជាតំណាងព្រលឹងដូនតានៅក្បាលនិងកន្សៃទូកផង។ នៅពេលរៀបចំដាក់អាហារចំណីគ្រប់មុខនៅក្នុងទូករួចសព្វគ្រប់ហេីយ គេសែនព្រេនជាលេីកចុងក្រោយដោយអុជធូប អុជទៀននិយាយថា "ឱ! គុណតេជះម្ចាស់ថ្លៃ ព្រលឹងដូនតា ញាតិការទាំងប្រាំពីរសណ្តានដែលបានមកលេងនឹងកូនចៅអស់រយ:ពេល១៥ថ្ងៃ បានមកពិសារអាហារចំណីដែលកូនចៅសែនព្រេនថ្វាយសេពសោយឆ្អែតស្កប់ស្កល់ ឥឡូវដល់ពេលដល់វេលាត្រឡប់ទៅស្រុកវិញ សូមងាកក្រោយឱ្យពរមកកូនចៅបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រេីន រកសុីមានបាន ប្រាសចាកជម្ងឺដំកាត់ផ្សេងៗ ។ ល។ កូនចៅសូមជូនដំណេីរដូនតាអញ្ជេីញទៅស្រុកវិញតាមផ្លូវទូក សូមដំណេីរដូនតាបានសុវត្ថិភាពតាមផ្លូវរហូតដល់លំនៅឋានបស់ដូនតា" ។
លុះធ្វេីកិច្ចនេះចប់សព្វគ្រប់អស់ហេីយ ឪពុកម្តាយក្នុងគ្រួសារបង្គាប់កូនឱ្យយកទូកដែលមានរបស់របរនំចំណីទៅបណ្តែតនៅតាមផ្លូវទឹកដូចជាអណ្តូង ស្ទឹង ព្រែក អូរដែលនៅជិតភូមិ។ ពេលនេះគេហាក់មានអារម្មណ៍ស្រងូតស្រងាត់បីដូចជាការនឹករលឹកអាឡោះអាឡៃសាច់ញាតិដែលត្រូវបែកគ្នាពិតៗដូច្នេះឯង។ ក្មេងៗជាកូនជាចៅលុះបានរុញទូកឱ្យអណ្តែតទៅតាមខ្សែទឹកហេីយនោះវាហាក់ដូចជាសប្បាយរីករាយលេីកដៃលាដូនតាហេីយនិយាយអួតអាងប្រាប់គ្នាវាថាទូកដូនតាវាលឿនជាងទូកអ្នកឯទៀត។ គេតាមមេីលហូតផុតកន្ទុយភ្នែកទេីបត្រឡប់ទៅផ្ទះវិញ ជំរាបឪពុកម្តាយថាបានជូនដំណេីរដូនតាចុះទូកវិលទៅស្រុកវិញដោយសុខស្រួលហេីយ។
អត្ថបទ៖ ចងក្រងនឹងរៀបរៀងដោយសាស្ត្រាចារ្យ មៀច ប៉ុណ្ណ មន្ត្រីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃពុទ្ធសាសនបណ្ឌិត្យ
កែសម្រួលដោយ៖ https://www.facebook.com/tepthidasangkran
រូបភាព៖ ប្រភពចេញពីអ្នកខេត្តសុរិន្ទ (ប្រទេសថៃឡងដ៍)
0 Comments