ស្រុកព្រៃនប់-នៅរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបុណ្បសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កន្លងមក។
ពិធីបុណ្បសពបានប្រារព្វធ្វើឡើងរួមគ្នានៅលំនៅដ្ឋានជនរងគ្រោះ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា យើងពិតជាមានការសោកស្តាយជាពន់ពេក តែយើងមិនអាចជួយជីវិតមនុស្សឱ្យត្រឡប់មកវិញបានទេ សូមបងប្អូនតាំងចិត្តតាំងអារម្មណ៍ឱ្យបាននឹងន ដើម្បីបន្តការស់នៅមើលថែទាំក្រុមគ្រួសារបន្តទៀត។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ រដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ចដោយមានការចូលរួមពីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ មន្ត្រីកងកម្លាំង និងអ្នកស្ម័គ្រចិត្តបានចូលរួមយ៉ាងផុលផុស ក្នុងការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ក៏ប៉ុន្តែការស្វែងរករបស់យើង គឺរកបានសាកសពតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រតិបត្តិការនេះ យើងខ្ញុំសូមកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ថ្វីត្បិតយើងមិនអាចជួយជីវិតបាន តែប្រជាពលរដ្ឋរបស់យើងបានជួយជ្រោមជ្រែង នេះជាសកម្មភាពមួយដ៏ល្អប្រពៃ ដែលយើងបានរួមគ្នាប្រឹងប្រែងស្វែងរកជនរងគ្រោះ ហើយការចេះជួយគ្នានេះ គឺបង្ហាញឱ្យឃើញគ្រួសារខ្មែរចេះជួយគ្នាយ៉ាងល្អ។
ក្នុងឱកាស់នោះផងដែរ ឯកឧត្ដម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពចំនួន ៤សព ក្នុងនោះរួមមានសម្ភារៈដូចជា៖
- អង្ករ ២៥០គ.ក
- ទឹកក្រូច ២០កេស
- ទឹកសុទ្ធ ២០កេស
- មី ៨កេស
- ទឹកត្រី ៨យួរ
- ត្រីខ ៨យួរ
- ទឹកសុីអុីវ ៨យួរ
- ម៉ាស ៨ប្រអប់
រួមទាំងថវិកាចំនួន ៨លានរៀលសម្រាប់សព ៤។
- ឯកឧត្ដម លូ គឹមឈន់ និងលោកជំទាវបានយកថវិកាចំនួន 500$ ចូលរួមបុណ្យសព ៤សព និង200$ ជូនដល់ក្មេងពីរនាក់ត្រូវជាកូនរបស់សព។
- ក្រុមការងារឃុំអូរឧកញ៉ាហេងបានយកថវិកាចំនួន ២លានរៀល សម្រាប់សពចំនួន ៤សពដែលបានស្លាប់ដោយសារលង់ទឹកស្លាប់កាលពីម្សិលមិញ នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
0 Comments