ខេត្តកំពង់ចាម៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលនៅថ្ងៃទី១៤ ខែញ្ញាឆ្នាំ២០២១ វេលាម៉ោង១៥ និង២០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានបានរាយការណ៍ថា មានក្រុមលួចលេងសុីសងប្រជល់មាន់ភ្នាល់ដាក់ប្រាក់ស្ថិតនៅចំណុចក្នុងភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុកកងមាស បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹងសហការជាមួយអាជា្ញធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ទោ ថុង ភូរីវុធ អធិការរង បានចុះដល់ទីតាំងខាងលេី ដេីម្បីធ្វេីការស្រាវជ្រាវ និងបង្រ្កាបករណី លួចលេងល្បែងសុីសងប្រជល់មាន់ នៅចំណុចចំការត្នោត (ខាងជើងជាប់បឹងកក់) ដែលមានចម្ងាយប្រហែល៤០០០ម៉ែត្រពីភូមិ ស្ថិតក្នុងភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
ដោយភូមិសាស្ត្រស្មុគ្រស្មាញ ផ្លូវពិបាកធ្វើដំណើរ ពេលកម្លាំងយើងចុះទៅដល់ មុខសញ្ញាក្រុមអ្នកញៀនល្បែង បាននាំគ្នារត់គេចខ្លួនចូលក្នុងចំការស្វាយអស់ ដោយបន្សល់ទុកនូវ ស៊ុំក្រុងមាន់ចំនួន០២ ស៊ុំតែប៉ុណ្ណោះ។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាម្ចាស់ចំការក្បែរនោះ បានបញ្ជាក់ឲ្យដឹងថា៖ កន្លងមកនៅចំណុចខាងលេីនេះមានគេមកលួចលេងល្បែងជល់មាន់លួចលាក់ ម្តងម្កាល ពីមួយគូ ឬ ពីរគូ ក៏ឈប់លេងទៅវិញ ចំពោះសមាសភាពដែលមកលេងភាគច្រើនជាអ្នកមកពីចម្ងាយ ហើយក៏ឃើញមានសមត្ថកិច្ចចុះមកបង្ក្រាបជាច្រើនលើកផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកកងមាស ចាត់តាំងលោកអធិការរង ០១រូប ទទួលដឹកនាំ ពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់កម្លាំងឃ្លាំមើល ត្រួតពិនិត្យទីតាំងខាងលើនេះ ជាប់ជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំភ្នាក់ងារសារព័ត៌មាន សូមមេត្តាសហការផ្តល់ព័ត៌មាន ឬចង្អុលបង្ហាញមុខសញ្ញាសង្ស័យដើម្បីសមត្ថកិច្ចមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមដែលតែងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ចាម យើងខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពជំនាញក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ពិសេសការសម្ងាត់ជូនគ្រប់ប្រភពដែលបានផ្ដល់ព័ត៌មាន និងសូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការរក្សាការសម្ងាត់ផ្ទាល់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
0 Comments