ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះជួសជុលម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ អ៉ិត សាវឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ចំពោះមូលហេតុនៃការឆាបឆេះ ផ្ទុះកំប៉ុងហ្គាស។
ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ ផ្ទះថ្មប្រក់ស័ង្កសី ដែលមានទំហំ ៤.៥ម៉ែត្រ x ៩ម៉ែត្រ ឆេះអស់ទាំងស្រុង នឹងសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើរ ២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌច្បារអំពៅ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ២ម៉ែត្រគូប, រថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១៦ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១៣និង៣០នាទីរសៀលនាថ្ងៃដដែរ៕
0 Comments