ភ្នំពេញ៖) នារីជនជាតិចិនវ័យក្មេងម្នាក់ បើករថយន្តសេរីទំនើបខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យជ្រុលទៅបុកបុរសម្នាក់ ដែលកំពុងដើរថ្មើរជើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្លាប់បាត់បង់ជីវិត រួចហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករះជាមួយនឹងរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត រងការខូចខាតទើបទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២១នេះ ត្រង់ចំណុចក្បែរនិងក្រសួងអភិវឌ្ឍន៍ជនបទថ្មី ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនបង្កជាជនជាតិចិនភេទស្រី អាយុប្រហែលជា១៩ឆ្នាំ មកដល់ពេលនេះមិនទាន់បានស្គាល់អត្ដសញ្ញាណឲ្យពិតប្រាកដនោះនៅឡើយទេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ បុរសម្នាក់ធ្វើដំណើរដោយថ្មើរជើង តាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចលើ ក៏ស្រាប់តែមាននារីជនជាតិចិនវ័យក្មេងម្នាក់ បើករថយន្តសេរីទំនើបម៉ាក-Rangrover ពណ៍សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AL-2013 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងទិសដៅពីជើងទៅត្បូងមានល្បឿនលឿន ជ្រុលទៅបុកបុរសដែលកំពុងតែដើរនោះយ៉ាងពេញទំហឹង ដួលបោកក្បាលទៅនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗ រថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បានរ៉េចង្កូតមកខាងស្ដាំ បន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត ដែលម្ចាស់គេបានចតទុកនៅលើចិញ្ចឹមផ្លូវធ្វើឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
សូមបញ្ជាក់ថារថយន្តដែលបានរងការខូចខាតអស់ចំនួន០៤នោះគ្រឿងនោះរួមមាន ទី១ រថយន្តម៉ាកម៉ាស្ដារ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BM-8919 ទី២ រថយន្តម៉ាក់ព្រូស ពណ៍ឈាមជ្រូកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7582 ទី៣រថយន្តម៉ាក់ព្រូស ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6062 និង ទី៤ រថយន្តមួយគ្រឿងទៀតម៉ាក់ Lexus RX300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BD-1610 ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ ទាក់ទងទៅផ្នែកជំនាញការិយាចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះធ្វើការវាស់វែង និង យករថយន្តបង្ក រួមទាំងអ្នកបើកបរ ដើម្បីធ្វើការសួរនាំ និងដោះស្រាយគ្នានៅពេលក្រោយ ។
រីឯសាកសពជនរងគ្រោះ រងចាំសមត្ថកិច្ចបានធ្វើកុសល្យវិច័យរួចរាល់ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
0 Comments