គេហទំព័រ មួយរៀល

វៀតណាម រ៉ាប់រងចិញ្ចឹមកុមារកំព្រាដែលឪពុកម្តាយស្លាប់ដោយសារកូវីដ១៩!



VNExpress៖ កុមារដែលបាត់បង់ឪពុកម្តាយដោយសារជំងឺកូវីដ -១៩ក្នុងទីក្រុងហូជីមិញ នឹងទទួលបានការឧបត្ថម្ភប្រចាំខែ អាហារូបករណ៍និងការលើកលែងការសិក្សារហូតដល់ពួកគេមានអាយុ ២២ ឆ្នាំ។


មន្ត្រីក្រុងបានឲ្យដឹងថា កុមារកំព្រាអាយុក្រោម ៤ ឆ្នាំនឹងទទួលបានប្រាក់ ៩០០,០០០ ដុង (៣៩.៥០ ដុល្លារ) ក្នុងមួយខែរហូតដល់ពួកគេឈានដល់អាយុ ៥ ឆ្នាំ។ កុមារដែលមានអាយុ៥ឆ្នាំឡើង នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥៤ ម៉ឺនដុង (២៣.៧២ ដុល្លារ)។


កុមារកំព្រា ក៏នឹងទទួលបានប័ណ្ណធានារ៉ាប់រងវេជ្ជសាស្រ្ត និងការលើកលែងការសិក្សារហូតដល់អាយុ ១៦ ឆ្នាំ ហើយនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមរហូតដល់អាយុ ២២ ឆ្នាំផងដែរ ប្រសិនបើពួកគេបន្តការសិក្សា។


គ្រប់សង្កាត់និងទីក្រុង Thu Duc បានផ្តល់ប្រាក់ឧបត្ថម្ភពី ៣ ទៅ ៤ លានដុងសម្រាប់កុមារកំព្រាម្នាក់ៗ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនផងដែរ។ តំបន់ផ្សេងៗ​ និងនាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលរបស់ទីក្រុងហូជីមិញ បានអំពាវនាវឲ្យមានការឧបត្ថម្ភ ដើម្បីផ្តល់លទ្ធភាពឲ្យកុមារទទួលបានឧបករណ៍អេឡិចត្រូនិក សម្រាប់ការរៀនតាមអនឡាញ។


លោក Tan និយាយថា ភ្នាក់ងារសង្គមជាច្រើន កំពុងបង្កើតកម្មវិធីដើម្បីផ្តល់អាហារូបករណ៍ដល់កុមារកំព្រា។


ទន្ទឹមនឹងនេះ កុមារដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ នឹងទទួលបានជំនួយទឹកប្រាក់ ១ លានដុង, ៨០,០០០ ដុងសម្រាប់អាហារប្រចាំថ្ងៃរបស់ពួកគេ ហើយថ្លៃមន្ទីរពេទ្យទាំងអស់ដែលទាក់ទងនឹងជំងឺរាតត្បាតនឹងត្រូវគេបង់ឲ្យ។


គួរបញ្ជាក់ថា ប្រទេសវៀតណាម បានកត់ត្រាកុមារជាង ១១,៨០០ នាក់ ឆ្លងជំងឺកូវីដ-១៩ គិតត្រឹមដើមខែកញ្ញា ដោយក្នុងនោះ មានជាង ៣,០០០ នាក់នៅទីក្រុងហូជីមិញ៕

Post a Comment

0 Comments